ស្វាយរៀង៖ កម្លាំងនគរបាលស្រុកកំពង់រោទិ៍ បានស្រាវជ្រាវ និងឃាត់ខ្លួនក្រុមក្មេងទំនើងរហស្សនាម «PT» ចំនួន៥នាក់ បន្ទាប់ពីពួកគេត្រូវបានសង្ស័យថា បានធ្វើសកម្មភាពដេញវាយ និងកាប់ជនរងគ្រោះ ព្រមទាំងកាប់បំផ្លាញម៉ូតូរបស់ជនរងគ្រោះ នៅក្នុងស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។

តាមសមត្ថកិច្ច កាលពីវេលាម៉ោង ១១និង៤០នាទីយប់ ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦ ក្រុមក្មេងមួយក្រុមមានគ្នាប្រមាណ៥ទៅ៦នាក់ ជិះម៉ូតូចំនួន២គ្រឿង បានធ្វើសកម្មភាពដេញវាយជនរងគ្រោះ និងកាប់បំផ្លាញម៉ូតូរបស់ជនរងគ្រោះ។

រហូតដល់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង៨និង០៥នាទី ជនរងគ្រោះបានដាក់ពាក្យបណ្តឹងជូនសមត្ថកិច្ច។ បន្ទាប់ពីទទួលបានព័ត៌មាន កម្លាំងនគរបាលស្រុកកំពង់រោទិ៍ ដឹកនាំដោយលោកវរសេនីយ៍ឯក ហែម សាមុត អធិការនគរបាលស្រុក បានចុះស្រាវជ្រាវ ស៊ើបអង្កេត និងអនុវត្តវិធានការជំនាញ រហូតឈានដល់ការឃាត់ខ្លួនក្រុមក្មេងទំនើងជាបន្តបន្ទាប់បានចំនួន៥នាក់។

សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យទាំង៥នាក់ សុទ្ធតែជាបុរស និងជាសមាជិកក្រុមដែលមានរហស្សនាម «PT»។ ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចក៏បានដកហូតវត្ថុតាង រួមមាន កាំបិតដែលសង្ស័យប្រើធ្វើសកម្មភាព និងម៉ូតូដែលសង្ស័យប្រើក្នុងការធ្វើសកម្មភាព។ បច្ចុប្បន្ន ជនសង្ស័យទាំង៥នាក់ រួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចកំពុងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅសាលាដំបូងខេត្តស្វាយរៀង ចាត់ការតាមនីតិវិធីច្បាប់៕

អត្ថបទ៖ចតុម្មុខ

Share.