ត្បូងឃ្មុំ៖ ខេត្តត្បូងឃ្មុំបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «ផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្តត្បូងឃ្មុំ ឆ្នាំ២០២៦-២០៣០» ដោយកំណត់គម្រោងអាទិភាពចំនួន ៦៧គម្រោង ដើម្បីជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ឱ្យកាន់តែមានភាពទាក់ទាញ គុណភាព និងចីរភាព។ ពិធីនេះធ្វើឡើងនៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ នៅសាលប្រជុំមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត ដោយមានលោក តុប សុភ័ក រដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាងរដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ប៉េង សម្បត្តិ អភិបាលរងខេត្ត តំណាងអភិបាលខេត្ត និងលោកស្រី ឡេង សុខា សមាជិកក្រុមប្រឹក្សាខេត្ត ចូលរួមជាគណៈអធិបតី។

លោក អឿន រិទ្ធ ប្រធានមន្ទីរទេសចរណ៍ខេត្តត្បូងឃ្មុំ បានឱ្យដឹងថា ផែនការថ្មីនេះជាផែនការលើកទី៤ ដែលត្រូវបានរៀបចំឡើងដោយផ្អែកលើលទ្ធផលនៃការអនុវត្តផែនការឆ្នាំ២០២១-២០២៥។ ក្នុងរយៈពេលកន្លងមក ខេត្តអនុវត្តសម្រេចបាន ៨៩គម្រោង ស្មើនឹង៨២% នៃគម្រោងសរុប១០៩គម្រោង ក្នុងនោះមាន២៧គម្រោងអនុវត្តបានយ៉ាងល្អប្រសើរ និង១គម្រោងសម្រេចបានលើសផែនការ ដល់១១៥%។ សម្រាប់ផែនការឆ្នាំ២០២៦-២០៣០ គម្រោងអាទិភាពទាំង៦៧ ត្រូវបានរៀបចំឡើងដោយផ្អែកលើការវិភាគស្ថានភាព ចំណុចខ្លាំង ចំណុចខ្សោយ ឱកាស និងការគំរាមកំហែង (SWOT) ដើម្បីធ្វើជាផែនទីចង្អុលផ្លូវសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍របស់ខេត្ត។

រដ្ឋបាលខេត្ត និងមន្ទីរទេសចរណ៍ក៏គ្រោងតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តផែនការរៀងរាល់៦ខែម្តង ព្រមទាំងបូកសរុបលទ្ធផលប្រចាំឆ្នាំ ដើម្បីពិនិត្យវឌ្ឍនភាព និងប្រសិទ្ធភាពនៃការអនុវត្តគម្រោង។ តាមទិន្នន័យដែលបានបង្ហាញ ក្នុងឆ្នាំ២០២៥ ខេត្តត្បូងឃ្មុំទទួលបានភ្ញៀវទេសចរសរុបជាង ១,២១លាននាក់ ខណៈត្រឹមឆមាសទី១ ឆ្នាំ២០២៦ មានភ្ញៀវទេសចរសរុបចំនួន ១,២៥៣,៨៥៩នាក់ ក្នុងនោះភ្ញៀវទេសចរអន្តរជាតិមានចំនួន ៨,២៩៥នាក់។

បច្ចុប្បន្ន ខេត្តត្បូងឃ្មុំមានរមណីយដ្ឋានសរុប១២កន្លែង រួមមានរមណីយដ្ឋានវប្បធម៌-ប្រវត្តិសាស្ត្រ៣កន្លែង រមណីយដ្ឋានធម្មជាតិ៣កន្លែង រមណីយដ្ឋានកែច្នៃ៣កន្លែង សារមន្ទីរ២កន្លែង និងតំបន់រដ្ឋបាលប្រមូលផ្តុំ១កន្លែង។ ខេត្តក៏មានសណ្ឋាគារ៤កន្លែង ផ្ទះសំណាក់៧១កន្លែង ភោជនីយដ្ឋាន-អាហារដ្ឋាន៤៤កន្លែង ខារ៉ាអូខេ៣៣កន្លែង និងទីតាំងម៉ាស្សា២១កន្លែង។ ក្នុងចំណោមទិសដៅអភិវឌ្ឍន៍ អាជ្ញាធរខេត្តបានយកចិត្តទុកដាក់លើការអភិវឌ្ឍសួនច្បារ និងទឹករាំតាមចង្វាក់ភ្លេងនៅទន្លេសិប្បនិម្មិត ដើម្បីបង្កើនភាពទាក់ទាញ និងជំរុញការមកទស្សនារបស់ភ្ញៀវទេសចរ។

លោក ប៉េង សម្បត្តិ អភិបាលរងខេត្ត បានបញ្ជាក់ថា រដ្ឋបាលខេត្តនឹងបន្តជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ កែលម្អតំបន់ទេសចរណ៍ និងពង្រីកសក្តានុពលទេសចរណ៍ឱ្យកាន់តែស្អាត សុវត្ថិភាព និងទាក់ទាញ ព្រមទាំងជំរុញការបង្កើតការងារ និងប្រាក់ចំណូលជូនប្រជាពលរដ្ឋ។ លោក តុប សុភ័ក រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានចាត់ទុកផែនការនេះជាផែនទីបង្ហាញផ្លូវ និងជាក្របខ័ណ្ឌសកម្មភាពរួម សម្រាប់កៀរគរតួអង្គពាក់ព័ន្ធឱ្យចូលរួមអភិវឌ្ឍវិស័យទេសចរណ៍ខេត្តត្បូងឃ្មុំឱ្យកាន់តែមានគុណភាព ភាពទាក់ទាញ និងចីរភាព៕
អត្ថបទ៖អាចារ្យលាក់

