ឡុងដ៍៖ ករណីបង្ក្រាប និងផ្ដន្ទាទោសសមាជិកបណ្តាញឧក្រិដ្ឋជនរត់ពន្ធគ្រឿងញៀនក្នុងចក្រភពអង់គ្លេស ដែលបានដឹកជញ្ជូនកញ្ឆាទម្ងន់រហូតដល់ ៤៦០គីឡូក្រាម គិតជាទឹកប្រាក់ប្រមាណ ១៣,៨លានផោន (ប្រមាណ ១៨លានដុល្លារអាមេរិក) ចេញពីប្រទេសថៃ បាននិងកំពុងដុតបញ្ឆេះការចោទសួរយ៉ាងក្តៅគគុក អំពីប្រសិទ្ធភាព និងចន្លោះប្រហោងដ៏ធំធេងនៃប្រព័ន្ធសន្តិសុខនៅតាមអាកាសយានដ្ឋានអន្តរជាតិនៃប្រទេសថៃ។

ផ្អែកតាមសេចក្តីថ្លែងការណ៍របស់ភ្នាក់ងារឧក្រិដ្ឋកម្មជាតិអង់គ្លេស (NCA) កាលពីថ្ងៃទី២១ ខែកញ្ញា ជនជាប់ចោទ ៤នាក់ក្នុងចំណោម ១១នាក់ ត្រូវបានតុលាការអង់គ្លេសផ្ដន្ទាទោសដាក់ពន្ធនាគារពី ២ឆ្នាំកន្លះ ដល់ ៤ឆ្នាំ ខណៈ ៧នាក់ទៀតកំពុងរង់ចាំការប្រកាសទោសនៅខែតុលាខាងមុខ។
បណ្តាញអ្នករត់ពន្ធទាំងនេះ បានធ្វើដំណើរចេញពីអាកាសយានដ្ឋានអន្តរជាតិសុវណ្ណភូមិ ប្រទេសថៃ ដោយផ្លាស់ប្តូរជើងហោះហើរនៅទីក្រុងប៉ារីស ប្រទេសបារាំង មុនពេលបន្តដំណើរចូលដល់អាកាសយានដ្ឋាន Birmingham ចក្រភពអង់គ្លេស។

ចំណុចដែលបង្កើតជាការរិះគន់យ៉ាងធ្ងន់ធ្ងរនោះគឺ៖ តើកញ្ឆាទម្ងន់ជិតកន្លះតោន (៤៦០ គីឡូក្រាម) ដែលញាត់ពេញវ៉ាលីរហូតដល់ ២២វ៉ាលី អាចទម្លុះប្រព័ន្ធស្កែន និងភ្នែកច្រមុះអាជ្ញាធរអាកាសយានដ្ឋានថៃ ដោយរលូនបែបនេះយ៉ាងដូចម្តេច?
អង្គហេតុក្នុងតុលាការបានបង្ហាញថា ក្រុមឧក្រិដ្ឋជនបាន Check-in វ៉ាលីដោយគ្មានការសង្ស័យអ្វីបន្តិចសោះនៅអាកាសយានដ្ឋានសុវណ្ណភូមិ ហើយពួកគេថែមទាំងបានទិញគីឡូបន្ថែម ដោយចំហទៀតផង។ ផ្ទុយទៅវិញ ប្រព័ន្ធត្រួតពិនិត្យសន្តិសុខ និងម៉ាស៊ីនស្កែននៅច្រកចេញរបស់ថៃ បែរជាមើលមិនឃើញ ឬបណ្តែតបណ្តោយឱ្យអីវ៉ាន់ខុសច្បាប់ទ្រង់ទ្រាយធំនេះ ឡើងលើជើងហោះហើរបានយ៉ាងងាយស្រួលបំផុត។

ផ្ទុយពីប្រព័ន្ធត្រួតពិនិត្យនៅថៃ ក្រុមរត់ពន្ធទាំងនេះត្រូវបានកៀបជាប់ និងចាប់ខ្លួនភ្លាមៗនៅពេលជើងហោះហើរទៅដល់ចក្រភពអង់គ្លេស បន្ទាប់ពីមន្ត្រីព្រំដែនអង់គ្លេស បានចាប់អារម្មណ៍លើភាពមិនប្រក្រតីនៃទំនាក់ទំនងរវាងអ្នកដំណើរ រួចឈានទៅដល់ការស្ទាក់ដកហូតវ៉ាលីទាំងអស់មកសួរនាំ។ លើសពីនេះ សមត្ថកិច្ចអង់គ្លេសថែមទាំងបានរកឃើញឧបករណ៍តាមដាន Apple AirTag ចំនួន ៨គ្រាប់ ដែលលាក់នៅក្នុងវ៉ាលីទាំងនោះថែមទៀតផង។
អាស្រូវរត់ពន្ធគ្រឿងញៀនឆ្លងដែននេះ មិនត្រឹមតែជាបាតដៃទះកំផ្លៀងទម្លាយភាពទន់ខ្សោយ និងចន្លោះប្រហោងនៃប្រព័ន្ធសន្តិសុខអាកាសយានដ្ឋានថៃប៉ុណ្ណោះទេ ប៉ុន្តែវាក៏បានស្តែងឱ្យឃើញយ៉ាងច្បាស់ពីផលវិបាកជាសកល នៃការបន្ធូរបន្ថយច្បាប់គ្រប់គ្រងកញ្ឆាក្នុងស្រុករបស់ថៃ ដែលកំពុងប្រែប្រួលប្រទេសនេះឱ្យក្លាយជា «ប្រភពដើម និងជាមជ្ឈមណ្ឌលនៃការរត់ពន្ធគ្រឿងញៀនខុសច្បាប់» ទៅកាន់បណ្តាប្រទេសនៅប៉ែកអឺរ៉ុបទៀតផង៕

