ភ្នំពេញ៖ មនុស្សប្រុសស្រី ៣នាក់ បានរងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ បង្កឡើងដោយរថយន្តឃ្លុបដឹកទំនិញ បើកបុកម៉ូតូហុងដាឌ្រីម ២គ្រឿង ដែលកំពុងឈប់រង់ចាំភ្លើងស្តុប កាលពីវេលាម៉ោង ១ និង ៤៥នាទីរសៀល ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ នៅលើផ្លូវក្រវាត់ក្រុងទី៣ ចំណុចស្តុបតាំងរនាម ភូមិតាំងរនាម សង្កាត់ប្រទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ។





តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុ រថយន្តបង្កម៉ាក Nissan ឃ្លុប ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3G-1614 បានបើកបរក្នុងល្បឿនលឿនពីជើងទៅត្បូង។ លុះមកដល់ចំណុចកើតហេតុ រថយន្តបានបុកពីក្រោយម៉ូតូ ២គ្រឿង ដែលកំពុងឈប់រង់ចាំភ្លើងស្តុប។
ម៉ូតូទី១ ម៉ាក Honda Dream ពណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិ៍សាត់ 1H-7484 ជិះដោយបុរសម្នាក់។ ចំណែកម៉ូតូទី២ ម៉ាក Honda Dream ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CN-6984 ជិះដោយស្ត្រី ២នាក់ ជាម្តាយនិងកូន ហើយត្រូវបានរថយន្តបង្កអូសជាង ២០ម៉ែត្រ បណ្តាលឱ្យរងរបួសធ្ងន់។
ក្រោយកើតហេតុ ជនរងគ្រោះម្នាក់ឈ្មោះ ឡាវ មករា ភេទប្រុស អាយុ ៤១ឆ្នាំ រស់នៅភូមិអង្រ្គង ឃុំក្រញូង ស្រុកកំចាយមារ ខេត្តព្រៃវែង រងរបួសបាក់ដៃ និងចង្កេះ ត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព ៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅ មន្ទីរពេទ្យជាតិ តេជោសន្តិភាព។
ចំណែកស្ត្រីរងគ្រោះ ២នាក់ ជាម្តាយនិងកូន ដោយម្នាក់ឈ្មោះ ឈិន មករា ភេទស្រី អាយុ ៥១ឆ្នាំ រស់នៅភូមិក្រសាំង ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល រងរបួសបាក់ដៃ និងបាក់ជើងខាងស្តាំ។ ស្ត្រីម្នាក់ទៀតជាកូនស្រី ក៏បានរងរបួស និងត្រូវបានដឹកបញ្ជូនទៅ មន្ទីរពេទ្យព្រះកុសុមៈ ដើម្បីសង្គ្រោះ។
ក្រោយកើតហេតុ មធ្យោបាយពាក់ព័ន្ធទាំង ៣គ្រឿង រួមទាំងអ្នកបើកបររថយន្តបង្ក ត្រូវបានឃាត់ និងប្រគល់ជូន ការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕
