ខេត្តនន្ទបុរី៖ ករណីអាស្រូវថ្មីមួយបានផ្ទុះឡើងទៀតហើយនៅក្នុងរង្វង់ព្រះពុទ្ធសាសនាប្រទេសថៃ បន្ទាប់ពីបុគ្គលិកហាងបោកអ៊ុតមួយកន្លែងបានប្រទះឃើញឧបករណ៍បម្រើផ្លូវភេទ (Sex Toy) នៅក្នុងកន្ត្រកខោអាវដែលមានស្បង់ចីវរលោក បង្កឱ្យមានការរិះគន់យ៉ាងក្តៅគគុកពីសំណាក់មហាជននៅលើបណ្តាញសង្គម។ ស្របពេលរឿងរ៉ាវនេះកំពុងផ្ទុះឡើង បណ្ដាញព័ត៌មាន និងមហាជនក្នុងតំបន់ក៏បានទម្លាយបន្ថែមនូវរឿងអាស្រូវមួយដែលរំលងទៅកាលពីពេលថ្មីៗ ពាក់ព័ន្ធនឹងការលួចលាក់នាំស្រីស្នេហ៍ចូលទៅប្រព្រឹត្តអំពើអណាចារនៅក្នុងកុដិ ផ្ទុយស្រឡះពីវិន័យសង្ឃ និងសីលធម៌ព្រះពុទ្ធសាសនា។

ហេតុការណ៍នេះបានកើតឡើងនៅក្នុងស្រុកមឿង ខេត្តនន្ទបុរី កាលថ្មីៗនេះ នៅដែលបុគ្គលិកហាងបោកអ៊ុតម្នាក់កំពុងរៀបចំស្បង់ចីវរ និងសម្លៀកបំពាក់ចូលក្នុងម៉ាស៊ីនបោកគួក។ រូបភាព និងព័ត៌មាននេះត្រូវបានគេយកទៅចែកចាយតៗគ្នាពេញបណ្តាញអ៊ីនធឺណិត ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយសព្រះសង្ឃ និងវត្តអារាម។

ក្រោយពេលរឿងរ៉ាវបែកធ្លាយ ព្រះចៅអធិការវត្តដែលជាម្ចាស់ស្បង់ចីវរបានចេញមុខបំភ្លឺដល់ប្រព័ន្ធផ្សព្វផ្សាយ ដោយព្រះអង្គទទួលស្គាល់ថា ស្បង់ចីវរទាំងនោះពិតជា របស់ព្រះអង្គមែន ប៉ុន្តែបានបដិសេធដាច់ខាតថា មិនបានដឹង ឬជាម្ចាស់ឧបករណ៍នោះឡើយ។ ព្រះអង្គបានទម្លាក់ការទទួលខុសត្រូវទៅលើ «កូនសិស្សវត្ត» ដែលជាអ្នកយកទៅបោកអ៊ុត។

ចៅអធិការអង្គនេះបានអះអាងថា ធម្មតាលោក និងព្រះសង្ឃក្នុងវត្តតែងតែបោកស្បង់ចីវរដោយខ្លួនឯង ប៉ុន្តែដោយសារម៉ាស៊ីនបូមទឹកនៅវត្តខូច ចំពេលមានភ្លៀងធ្លាក់ជាប់ៗគ្នា ទើបតម្រូវឱ្យប្រគល់ភារកិច្ចនេះឱ្យកូនសិស្សវត្តយកទៅបោកគួកនៅហាងបោកអ៊ុត។ ព្រះអង្គបន្ថែមថា ក្នុងកន្ត្រកនោះមានលាយឡំរវាងស្បង់ចីវរ កន្សែង និងសម្លៀកបំពាក់របស់កូនសិស្សវត្ត ហើយកូនសិស្សរូបនោះប្រហែលជាមិនបានពិនិត្យមើលឱ្យច្បាស់លាស់មុនពេលយកទៅ។

ជាមួយគ្នានេះដែរ កូនសិស្សវត្តរូបនោះក៏បានចេញមុខសារភាពថា ឧបករណ៍នោះពិតជារបស់ខ្លួនប្រាកដមែន ហើយមិនមានពាក់ព័ន្ធអ្វីជាមួយព្រះចៅអធិការឡើយ។

ទោះជាយ៉ាងណា ការចេញមុខបកស្រាយនេះមិនអាចរំងាប់កំហឹង ឬការសង្ស័យរបស់មហាជនបានឡើយ។ អ្នកលេងបណ្តាញសង្គមថៃជាច្រើនបានសម្តែងការមិនជឿ និងចោទប្រកាន់ថា កូនសិស្សវត្តរូបនោះគ្រាន់តែចេញមុខទទួលកំហុសជំនួស ចៅអធិការវត្ត ដើម្បីបិទបាំងរឿងអាស្រូវប៉ុណ្ណោះ ទោះជាមិនទាន់មានភស្តុតាងជាក់ស្តែងមកបញ្ជាក់ក៏ដោយ។ មហាជនជាច្រើនបានសម្តែងការខកចិត្តយ៉ាងខ្លាំង ចំពេលដែលសង្គមថៃកំពុងជួបរឿងអាស្រូវ និងការប្រព្រឹត្តខុសវិន័យជាបន្តបន្ទាប់ពីសំណាក់ព្រះសង្ឃមួយចំនួននាពេលកន្លងមក។

យ៉ាងណាក៏ដោយ ព្រះចៅអធិការវត្តបានអំពាវនាវដល់សាធារណជនកុំឱ្យបាត់បង់ជំនឿលើព្រះពុទ្ធសាសនា ឬព្រះសង្ឃថៃដោយសារតែព្រឹត្តិការណ៍នេះ ដោយព្រះអង្គបញ្ជាក់ថា ព្រះធម៌វិន័យនៅតែស្អាតស្អំ និងស័ក្តិសមជានិច្ចសម្រាប់ការគោរពបូជា ទោះបីជាមានសង្ឃមួយចំនួនតូចប្រព្រឹត្តខុសឆ្គងយ៉ាងណាក៏ដោយ៕

ប្រភព៖ The Thaiger

Share.