ស្ថានការណ៍សន្តិសុខនៅប្រទេសបារាំងបានឈានដល់កម្រិតអាសន្ន និងក្តៅគគុកជាថ្មី ខណៈរលកបាតុកម្មប្រឆាំងនឹងការកើនឡើងនៃតម្លៃទំនិញ និងវិបត្តិជីវភាពរស់នៅ បានប្រែប្រួលទៅជាអំពើអនាធិបតេយ្យ និងផ្ទុះអំពើហិង្សានៅតាមដងផ្លូវនៃទីក្រុងធំៗ រួមទាំងទីក្រុងប៉ារីសផងដែរ។

ក្រុមបាតុករបានបង្កឱ្យមានការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរដល់ទ្រព្យសម្បត្តិសាធារណៈ និងឯកជន។ ក្នុងនោះ អគារសាលាក្រុងលីម៉ូស (Limoges) ដែលជាសំណង់ប្រវត្តិសាស្ត្រតាំងពីសតវត្សរ៍ទី១៩ មានអាយុកាលជាង ១០០ឆ្នាំ ត្រូវបានក្រុមបាតុករលុកលុយ និងដុតបំផ្លាញរហូតបណ្តាលឱ្យប៉មនាឡិកាបុរាណត្រូវបាក់រលំ។ បន្ថែមពីនេះ អាជីវកម្ម និងហាងទំនិញរាប់រយខ្នង រួមទាំងហាងទំនិញម៉ាកយីហោល្បីៗ ត្រូវបានគេវាយបំបែកកញ្ចក់ និងចូលលួចប្លន់ រីឯអគាររដ្ឋបាល និងការិយាល័យទេសចរណ៍នៅទីក្រុងផ្សេងទៀតក៏ត្រូវគេដុតបំផ្លាញដូចគ្នា។

ថ្លែងសារពិសេសទៅកាន់ជនរួមជាតិ ប្រធានាធិបតីបារាំង លោក អេម៉ានុអែល ម៉ាក្រុង បានប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះអំពើហិង្សាដ៏អនាធិបតេយ្យ ដែលបង្កឡើងដោយក្រុមជ្រុលនិយម និងក្រុមជនឱកាសនិយម ដែលបានជ្រកក្រោមរូបភាពបាតុកម្មដើម្បីធ្វើសកម្មភាពដុតបំផ្លាញ និងលួចប្លន់ទ្រព្យសម្បត្តិ។ លោកបានគូសបញ្ជាក់ថា រូបភាពនៃបំផ្លិចបំផ្លាញលើអគារសាធារណៈ ការដុតបំផ្លាញសាលាក្រុង និងការបំផ្លិចបំផ្លាញហាងទំនិញជាច្រើន គឺជាទង្វើបង្កឱ្យមានក្តីអាម៉ាស់ជាពន់ពេក។ ទន្ទឹមនឹងនេះ លោកបានប្តេជ្ញាយ៉ាងមុតមាំថា អាជ្ញាធរនឹងមិនអត់ឱនជាដាច់ខាតចំពោះក្រុមបង្កចលាចលទាំងនេះឡើយ។

យោងតាមរបាយការណ៍ផ្លូវការពីក្រសួងមហាផ្ទៃបារាំង រហូតមកដល់ពេលនេះ កងកម្លាំងមានសមត្ថកិច្ចបានឃាត់ខ្លួនមនុស្សជិត ២,៤០០នាក់ហើយ។ ការប៉ះទង្គិចគ្នាយ៉ាងតានតឹងនេះ បានបណ្តាលឱ្យមន្ត្រីប៉ូលិស និងកងកម្លាំងសន្តិសុខជិត ១,០០០នាក់រងរបួស ក្នុងនោះ ៧នាក់ស្ថិតក្នុងស្ថានភាពសង្គ្រោះបន្ទាន់។ ជាមួយគ្នានេះ ខាងភាគីបាតុករក៏មានអ្នករងរបួសធ្ងន់ធ្ងរជាច្រើននាក់ផងដែរ ដោយក្នុងនោះរួមមានយុវជនអាយុ ១៧ឆ្នាំចំនួន ២រូប ដែលត្រូវដាច់ដៃ និងខូចភ្នែកម្ខាង។

ព្រឹត្តិការណ៍ដ៏ក្តៅគគុកនេះបានបង្កើតជាសម្ពាធនយោបាយយ៉ាងខ្លាំងពីសំណាក់ភាគីប្រឆាំង មកលើរដ្ឋបាលដឹកនាំរបស់លោក ម៉ាក្រុង ជុំវិញប្រសិទ្ធភាពនៃការគ្រប់គ្រងសន្តិសុខជាតិ។ ទោះជាយ៉ាងណាក៏ដោយ លោក ម៉ាក្រុង បានបញ្ជាក់ថា រដ្ឋាភិបាលនឹងសហការជិតស្និទ្ធជាមួយអភិបាលក្រុងទាំងអស់ ដើម្បីអនុវត្តវិធានការហាមឃាត់ការជួបជុំណាដែលប្រឈមនឹងហានិភ័យ ប៉ុន្តែលោកមិនទាន់ឈានដល់ការប្រកាសដាក់ប្រទេសក្នុងស្ថានភាពអាសន្ន ឬដាក់ចេញនូវបម្រាមគោចរនៅឡើយទេ៕

ប្រភព៖ CNA

Share.