សម្រាប់មនុស្សជាច្រើន ការធ្វើដំណើរកម្សាន្តតាមនាវាទេសចរណ៍ គឺជាការកម្សាន្តរយៈពេលខ្លីត្រឹមតែប៉ុន្មានថ្ងៃ ឬប៉ុន្មានសប្ដាហ៍ប៉ុណ្ណោះ។ ប៉ុន្តែសម្រាប់ក្រុមអ្នកដំណើរអន្តរជាតិជាង ២០០នាក់នៅលើនាវា Villa Vie Odyssey ពួកគេបានសម្រេចចិត្តធ្វើរឿងមួយដែលមនុស្សភាគច្រើនមិនហ៊ានគិត គឺការលក់ផ្ទះសម្បែង ទ្រព្យសម្បត្តិ និងសម្ភារប្រើប្រាស់ទាំងអស់នៅក្នុងប្រទេសកំណើត ដើម្បីប្តូរយកជីវិតរស់នៅលើសហគមន៍អណ្តែតទឹកកណ្តាលមហាសមុទ្រ។

មូលហេតុដែលធ្វើឱ្យមនុស្សជាច្រើនសុខចិត្តលះបង់ទ្រព្យសម្បត្តិផ្ទាល់ខ្លួនមករស់នៅក្នុងបន្ទប់លើនាវានេះ គឺដោយសារតែគំរូជីវិតប្លែកថ្មីដែលនាវា Villa Vie Odyssey បានសន្យាផ្តល់ជូន។ នាវាប្រណីតមួយគ្រឿងនេះ ត្រូវបានសាងសង់ឡើងដំបូងនៅឆ្នាំ១៩៩៣ ដើមឡើយមានឈ្មោះថា Crown Dynasty ហើយក្រោយមកត្រូវបានផ្លាស់ប្ដូរឈ្មោះជាច្រើនលើក ដោយក្នុងនោះឈ្មោះដែលល្បីល្បាញ និងប្រើប្រាស់យូរជាងគេបំផុត គឺ MS Braemar ប៉ុន្ដែក្រោយមកត្រូវបានក្រុមហ៊ុន Villa Vie Residences ទិញយក នឹងប្រែក្លាយទៅជាសហគមន៍អន្តរជាតិអណ្តែតទឹកដំបូងគេ មានឈ្មោះថា Villa Vie Odyssey នាវានេះអនុញ្ញាតឱ្យភ្ញៀវទិញសិទ្ធិបើកបន្ទប់ស្នាក់នៅធ្វើជា «ម្ចាស់ផ្ទះ» រហូតដល់ ១៥ឆ្នាំ។ មែនទែនទៅ វាជាការបើកទំព័រថ្មីនៃរបៀបរស់នៅ ដែលមនុស្សមិនបាច់ព្រួយបារម្ភពីការបង់ពន្ធផ្ទះ ការជួសជុល ឬការសម្អាតប្រចាំថ្ងៃទៀតឡើយ។






បន្ថែមពីលើនេះ នាវាបានរៀបចំផែនការធ្វើដំណើរជុំវិញពិភពលោកដ៏វែងឆ្ងាយរយៈពេល ៣ឆ្នាំកន្លះ ដោយឆ្លងកាត់កំពង់ផែចំនួន ៤២៥ និង ១៤៧ប្រទេស និងគ្រប់ទ្វីបទាំង ៧។ ខុសពីនាវាទេសចរណ៍ទូទៅដែលចតត្រឹមតែប៉ុន្មានម៉ោងនាវា Villa Vie Odyssey បានរៀបចំឱ្យចតនៅទីក្រុងនីមួយៗចាប់ពី ២ ទៅ ៧ថ្ងៃ ដែលអនុញ្ញាតឱ្យអ្នករស់នៅលើនាវានោះអាចចុះស្វែងយល់ពីវប្បធម៌ ការរស់នៅរបស់ប្រជាជននៃប្រទេសនីមួយៗ និងដើរទស្សនាពិភពលោកដោយភាពងាយស្រួល។ ដើម្បីបំពេញតាមតម្រូវការរបស់អ្នកចូលនិវត្តន៍ និងអ្នកធ្វើការតាមអនឡាញ នាវានេះត្រូវបានបំពាក់នូវហេដ្ឋារចនាសម្ព័ន្ធរស់នៅយ៉ាងទំនើបប្រកបដោយផាសុខភាព រួមមានបណ្តាញអ៊ីនធឺណិតផ្កាយរណប Starlink ល្បឿនលឿន មជ្ឈមណ្ឌលសុខភាព និងគ្រូពេទ្យចាំបម្រើការ ២៤ម៉ោង មានអាងហែលទឹក ស្ប៉ា ភោជនីយដ្ឋានលំដាប់ពហុជាតិសាសន៍ កន្លែងវាយកូនគោល បណ្ណាល័យ និងកម្មវិធីសិក្សា ឬការកម្សាន្តប្លែកៗជារៀងរាល់ថ្ងៃ។ កត្តាទាំងនេះហើយដែលធ្វើឱ្យមនុស្សជាច្រើនមើលឃើញថា វាជា «ជីវិតក្នុងក្តីស្រមៃ» ប្រកបដោយភាពស៊ីវិល័យរបស់ពួកគេ។

ទោះជាយ៉ាងណា ក្តីស្រមៃដ៏អស្ចារ្យនេះត្រូវរង្គោះរង្គើភ្លាមៗ នៅពេលដែលនាវានេះត្រូវប្រកាសផ្អាកប្រតិបត្តិការជាបន្ទាន់នៅឯកំពង់ផែស្វយ័តក្រុងព្រះសីហនុ ប្រទេសកម្ពុជា ដោយសារវិបត្តិតម្លៃប្រេងឥន្ធនៈកើនឡើងខ្ពស់កប់ពពក។ ការតម្រូវឱ្យចាកចេញពីនាវាក្នុងរយៈពេល ៧ម៉ោង បានធ្វើឱ្យអ្នកដំណើរជាច្រើនត្រូវធ្លាក់ក្នុងភាពតក់ស្លុត ព្រោះពួកគាត់គ្មាន «ផ្ទះ» ត្រូវត្រឡប់ទៅវិញឡើយ ក្រោយពីបានលក់ទ្រព្យសម្បត្តិទាំងអស់ដើម្បីមករស់នៅលើនាវានេះ។
ប៉ុន្តែនៅក្នុងស្ថានភាពដ៏ស្រពិចស្រពិល និងគ្មានទីបង្អែកនេះ អាជ្ញាធរ និងប្រជាជនកម្ពុជា បានបង្ហាញនូវស្មារតីមនុស្សធម៌យ៉ាងជ្រាលជ្រៅ។ ការចុះអន្តរាគមន៍ភ្លាមៗ សម្របសម្រួលនីតិវិធីទិដ្ឋាការ ផ្តល់កិច្ចការពារសន្តិសុខ និងរៀបចំកន្លែងស្នាក់នៅបណ្តោះអាសន្ននៅតាមសណ្ឋាគារប្រកបដោយភាពកក់ក្តៅ បានប្រែផ្លាស់ក្តីបារម្ភរបស់អ្នកដំណើរអន្តរជាតិ ឱ្យទៅជាក្តីរំភើប និងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ «ទឹកចិត្ត និងស្នាមញញឹមខ្មែរ» ក្នុងគ្រាអាសន្ន៕

