ព្រះសីហនុ៖ ក្រោយកប៉ាល់ទេសចរណ៍អាម៉េរិក Villa Vie Odyssey ដែលផ្ទុកអ្នកដំណើរ២០៣នាក់ និងនាវិក១៥៦នាក់ ជាប់គាំងនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដោយសារក្រុមហ៊ុនប្រតិបត្តិការជួបបញ្ហាហិរញ្ញវត្ថុ និងការកើនឡើងនៃថ្លៃប្រេងឥន្ធនៈ រាជរដ្ឋាភិបាលកម្ពុជាបានបង្ហាញការយកចិត្តទុកដាក់ខ្ពស់ ដោយធានាផ្តល់ភាពកក់ក្តៅ សុវត្ថិភាព និងការថែទាំដល់ភ្ញៀវទេសចរអន្តរជាតិទាំងអស់នៅលើនាវា។

នាថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ ក្នុងនាមសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងជាភាសាអង់គ្លេសដោយផ្ទាល់ជម្រាបជូនប្រធាននាវាទេសចរណ៍អន្តរជាតិ ODYSSEY ថា អាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធកម្ពុជាទាំងអស់ នឹងធានាផ្តល់នូវភាពកក់ក្តៅបំផុតជូនដល់ភ្ញៀវទេសចរអន្តរជាតិទាំងអស់ដែលស្ថិតនៅលើនាវានេះ។

ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាតែងតែផ្តល់អាទិភាពខ្ពស់លើសុខុមាលភាព សុវត្ថិភាព ការគោរព និងការទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅចំពោះភ្ញៀវទេសចរអន្តរជាតិទាំងអស់ ដែលធ្វើដំណើរមកដល់ព្រះរាជាណាចក្រកម្ពុជា។

គួរបញ្ជាក់ថា កប៉ាល់ទេសចរណ៍ Villa Vie Odyssey បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ តាំងពីថ្ងៃសុក្រសប្តាហ៍មុន បន្ទាប់ពីក្រុមហ៊ុន Villa Vie Residences ប្រកាសផ្អាកប្រតិបត្តិការអាជីវកម្មរយៈពេល៦០ថ្ងៃ ដើម្បីស្វែងរកលទ្ធភាពរៀបចំរចនាសម្ព័ន្ធអាជីវកម្មឡើងវិញ និងទាក់ទាញទុនវិនិយោគថ្មី។ តាមព័ត៌មានដែលបានផ្សព្វផ្សាយ ក្រុមហ៊ុនបានជូនដំណឹងឱ្យអ្នកដំណើរចុះពីនាវានៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ ដោយមិនទាន់មានការរៀបចំទីកន្លែងស្នាក់នៅ និងមធ្យោបាយធ្វើដំណើរត្រឡប់ទៅប្រទេសរៀងៗខ្លួនឱ្យបានច្បាស់លាស់នៅឡើយ។

ជុំវិញបញ្ហានេះ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានបញ្ជាក់ថា អាជ្ញាធរមូលដ្ឋានកំពុងតាមដាន និងសម្របសម្រួលបញ្ហានេះ ខណៈនាវាត្រូវបានរំពឹងថានឹងចាក់បំពេញប្រេងបន្ថែម មុនចាកចេញពីដែនទឹកកម្ពុជានៅថ្ងៃសៅរ៍ខាងមុខ។ ហេតុការណ៍នេះក៏បានរំឭកដល់ករណីកប៉ាល់ទេសចរណ៍ Westerdam ដែលកម្ពុជាបានអនុញ្ញាតឱ្យចូលចតនៅកំពង់ផែក្រុងព្រះសីហនុ កាលពីខែកុម្ភៈ ឆ្នាំ២០២០ ក្នុងអំឡុងពេលប្រទេសមួយចំនួនបដិសេធមិនឱ្យចូលចត ដោយសារការព្រួយបារម្ភពីជំងឺកូវីដ-១៩។


ទោះបីជាមូលហេតុនៃការជាប់គាំងនាវាទាំងពីរខុសគ្នាក៏ដោយ ក៏ការឆ្លើយតបរបស់កម្ពុជាក្នុងករណីនេះបានបង្ហាញពីការយកចិត្តទុកដាក់លើសុខុមាលភាព និងសុវត្ថិភាពភ្ញៀវទេសចរអន្តរជាតិ ដែលជាគោលការណ៍សំខាន់ក្នុងការទទួលស្វាគមន៍ភ្ញៀវទេសចរមកកាន់កម្ពុជា៕

