កំពង់ធំ៖ ប្រជាពលរដ្ឋងាយរងគ្រោះ និងមានជីវភាពខ្វះខាតចំនួន ១៣០គ្រួសារ នៅឃុំម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ បានទទួលអំណោយស្បៀងអាហារពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា តាមរយៈលោក សាយ គឹមឡម អភិបាលស្រុកស្ទោង កាលពីរសៀលថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៦។

ក្នុងឱកាសនោះ លោក សាយ គឹមឡម បានលើកឡើងថា ការផ្ដល់អំណោយស្បៀងអាហារនេះ គឺបង្ហាញពីការយកចិត្តទុកដាក់ និងគិតគូរខ្ពស់របស់សម្ដេចធិបតី ចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋដែលជួបការខ្វះខាត ជាពិសេសគ្រួសារងាយរងគ្រោះនៅតាមមូលដ្ឋាន។

លោកបានបញ្ជាក់ថា អំណោយស្បៀងនេះអាចជួយសម្រាលបន្ទុកជីវភាពរបស់ប្រជាពលរដ្ឋបានមួយរយៈ ប៉ុន្តែប្រជាពលរដ្ឋក៏ត្រូវបន្តខិតខំប្រកបរបររកស៊ី និងបង្កើនផលិតភាពកសិកម្ម ដើម្បីលើកកម្ពស់ជីវភាពគ្រួសារឱ្យកាន់តែប្រសើរឡើង ជាពិសេសការធ្វើស្រូវប្រដេញទឹក និងស្រូវប្រាំង។

ទន្ទឹមនឹងនេះ លោកអភិបាលស្រុកក៏បានណែនាំដល់ប្រជាកសិករដែលមានបំណងធ្វើស្រូវប្រាំងជាលើកទី២ ឱ្យសិក្សាឱ្យបានច្បាស់លាស់អំពីប្រភពទឹក និងស្ថានភាពអាកាសធាតុ មុននឹងសម្រេចចិត្តដាំដុះ ដោយសារកម្ពុជាអាចប្រឈមនឹងបាតុភូតអេលនីណូ (El Niño) ដែលអាចធ្វើឱ្យសីតុណ្ហភាពកើនឡើង និងបង្កហានិភ័យខ្វះខាតទឹកសម្រាប់ការបង្កបង្កើនផល។

ក្រៅពីការងារជីវភាព និងកសិកម្ម លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលមិនទាន់បានចុះឈ្មោះបោះឆ្នោត ឬត្រូវការកែតម្រូវព័ត៌មានក្នុងបញ្ជីឈ្មោះបោះឆ្នោត សូមចូលរួមទៅចុះឈ្មោះ និងផ្ទៀងផ្ទាត់ឈ្មោះឱ្យបានគ្រប់ៗគ្នា ខណៈក្រុមការងារកំពុងបន្តអនុវត្តការងារនេះនៅក្នុងមូលដ្ឋាន។ សកម្មភាពចែកអំណោយនេះ គឺជាការចូលរួមជួយសម្រាលការលំបាកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត និងជាការគិតគូរដល់សុខុមាលភាពរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

Share.