បន្ទាយមានជ័យ៖ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត និងអធិការដ្ឋាននគរបាលខណ្ឌពាក់ព័ន្ធ បានបើកការស្រាវជ្រាវ និងបង្ក្រាបករណីផ្ទុះអាវុធ និងបោកគ្រាប់បែកដៃ ដែលកើតឡើងនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយឃាត់ខ្លួនជនសង្ស័យបានសរុបចំនួន១០នាក់ និងដកហូតអាវុធខ្លី១ដើម។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ០០:២២នាទី ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ នៅចំណុចសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយជនសង្ស័យ២ក្រុមបានធ្វើសកម្មភាពកាប់គ្នាទៅវិញទៅមក បន្ទាប់មកមានសំឡេងផ្ទុះអាវុធចំនួន២គ្រាប់ និងផ្ទុះគ្រាប់បែកដៃ១គ្រាប់ ម៉ាក Model 82-2 ផលិតនៅប្រទេសចិន។ ក្រោយកើតហេតុ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ៣នាក់ជាបឋម រួមមាន ឈ្មោះ អៀង យូគិ អាយុ១៦ឆ្នាំ ឈ្មោះ ប៉ុន គីមលី អាយុ១៦ឆ្នាំ និងឈ្មោះ អ៉ឹង វិនឡុង។

បន្ទាប់ពីទទួលបានព័ត៌មាន និងអនុវត្តតាមបទបញ្ជារបស់ឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ កម្លាំងជំនាញនៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាន បានបន្តស្រាវជ្រាវ និងសហការជាមួយកម្លាំងនគរបាលតាមបណ្តាខេត្ត និងរាជធានីភ្នំពេញ ដើម្បីកំណត់អត្តសញ្ញាណ និងស្វែងរកទីតាំងលាក់ខ្លួនរបស់បក្ខពួកដែលពាក់ព័ន្ធ។

ជាលទ្ធផល នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ កម្លាំងសមត្ថកិច្ចបានបន្តឃាត់ខ្លួនជនសង្ស័យចំនួន៧នាក់បន្ថែមទៀត រួមមាន ឈ្មោះ ហុង លាភហេង អាយុ២០ឆ្នាំ ឃាត់ខ្លួននៅខេត្តកំពង់ឆ្នាំង, ឈ្មោះ ជឿត ញៀន អាយុ១៨ឆ្នាំ នៅខេត្តបន្ទាយមានជ័យ, ឈ្មោះ ភាព ម៉េងហុង អាយុ២៣ឆ្នាំ នៅខេត្តបាត់ដំបង, ឈ្មោះ ឆៃ វណ្ណណាន់ អាយុ២៨ឆ្នាំ នៅខេត្តព្រះវិហារ, ឈ្មោះ រ៉ា វ៉ាយូ អាយុ១៦ឆ្នាំ នៅខេត្តកំពង់ស្ពឺ, ឈ្មោះ សុភុណ្ណា ចាន់ណា អាយុ២៣ឆ្នាំ នៅខណ្ឌមានជ័យ និងឈ្មោះ អ៉ឹង ឈុនលឹម អាយុ១៨ឆ្នាំ នៅខណ្ឌទួលគោក រាជធានីភ្នំពេញ។

ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចក៏បានរកឃើញ និងដកហូតអាវុធខ្លី១ដើម ម៉ាក Sig Sauer P365 ពីក្នុងស្រះទឹកមួយកន្លែង ស្ថិតនៅភូមិព្រៃទទឹង ឃុំភ្នំតូច ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ។ បច្ចុប្បន្ន ជនសង្ស័យទាំង១០នាក់ និងវត្ថុតាង ត្រូវបាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីកសាងសំណុំរឿង និងចាត់ការបន្តតាមនីតិវិធីច្បាប់៕

Share.