បាងកក៖ នាយករដ្ឋមន្ត្រីថៃ លោក អនុទីន ចានវីរៈគុល បានចេញមុខប្រកាសយ៉ាងដាច់អហង្ការថា រដ្ឋាភិបាលថៃនឹងបន្តបិទច្រកព្រំដែនជាមួយកម្ពុជា ដដែល ដោយគ្មានការបន្ធូរបន្ថយ ឬកំណត់ពេលវេលាបើកឡើងវិញឡើយ រហូតទាល់តែភាគីកម្ពុជា ព្រមបំពេញតាមរាល់លក្ខខណ្ឌ និងការទាមទាររបស់ខ្លួន។ ទង្វើនេះបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីនយោបាយជាតិនិយមជ្រុល និងការយកបញ្ហាព្រំដែនធ្វើជាឧបករណ៍គាបសង្កត់កម្ពុជា ដើម្បីតែផលប្រយោជន៍នយោបាយ។

ថ្លែងក្នុងកម្មវិធី «Talk with PM Anutin» កាលពីថ្ងៃសៅរ៍ ទី៣១ ខែតុលា ឆ្នាំ២០២៦ ដែលត្រូវបានយកមកផ្សាយដោយសារព័ត៌មាន The Thaiger នាយករដ្ឋមន្ត្រីរូបនេះបានអះអាងទាំងគឃ្លើនថា ចំណាត់ការបិទព្រំដែន គឺធ្វើឡើងដើម្បីការពារផលប្រយោជន៍ជាតិ និងតម្កល់ផលប្រយោជន៍រដ្ឋាភិបាលទីក្រុងបាងកក ជាធំ។ ក្នុងការប្រកាសនោះ លោក អនុទីន បានយកបញ្ហាអធិបតេយ្យភាពដែនដី និងតំបន់ដែនសមុទ្រដែលមានជម្លោះ ដែលសុទ្ធសឹងជាប្រភពធនធានធម្មជាតិដ៏មានតម្លៃ មកធ្វើជាលេស ត ថ្លៃ និងរារាំងដល់ដំណើរការបើកច្រកទ្វារព្រំដែនឡើងវិញ។ គំនិតចង់បានផលចំណេញតែម្ខាងរបស់មេដឹកនាំថៃរូបនេះ កំពុងតែរារាំងដល់កិច្ចខិតខំប្រឹងប្រែងរកដំណោះស្រាយដោយសន្តិវិធី និងការស្ដារទំនាក់ទំនងទ្វេភាគីឱ្យវិលទៅរកភាពប្រក្រតីឡើងវិញ។

យ៉ាងណាមិញ ជំហររឹងត្អឹងរបស់លោក អនុទីន គឺគ្រាន់តែជាការសម្តែង ដើម្បីផ្គាប់ចិត្តក្រុមជ្រុលនិយមមួយក្តាប់តូចនៅក្នុងស្រុកប៉ុណ្ណោះ ប៉ុន្តែហាក់ដូចជា មិនបានខ្វល់ខ្វាយពីសុខទុក្ខរបស់ប្រជាពលរដ្ឋថៃ ដែលរស់នៅតាមបណ្តោយព្រំដែនឡើយ។ បច្ចុប្បន្ន ពលរដ្ឋថៃនៅតាមព្រំដែនកម្ពុជា កំពុងត្អូញត្អែរយ៉ាងខ្លាំងជុំវិញការបាត់បង់ប្រភពចំណូល ដោយសារវិស័យពាណិជ្ជកម្មត្រូវបានកាត់ផ្តាច់ ឯផ្សារព្រំដែនដែលធ្លាប់តែមានមនុស្សម្នាអ៊ូអរក៏ប្រែជាស្ងាត់ជ្រងំដូចទីរហោស្ថាន គ្មានសញ្ញាថា នឹងអាចស្ដារឡើងវិញនៅពេលណានោះទេ។


អ្វីដែលកាន់តែធ្ងន់ធ្ងរជាងនេះទៅទៀត វិបត្តិដែលបង្កឡើងដោយរដ្ឋាភិបាលលោក អនុទីន មិនមែនកើតឡើងតែនៅព្រំដែនកម្ពុជា ប៉ុណ្ណោះទេ សូម្បីតែពលរដ្ឋថៃនៅភាគខាងលិចជាប់ព្រំដែនមីយ៉ាន់ម៉ា ក៏កំពុងរងទុក្ខវេទនាខ្លាំងដូចគ្នាដែរ។ កាលពីថ្ងៃសៅរ៍ ដដែលនោះ អាជ្ញាធរថៃបានសម្រេចបិទច្រកព្រំដែនជាប់រដ្ឋការ៉ែន នៃប្រទេសមីយ៉ាន់ម៉ា រយៈពេលមួយសប្តាហ៍ (ចាប់ពីថ្ងៃទី៣០ ខែតុលា ដល់ថ្ងៃទី៥ ខែវិច្ឆិកា) នៅតំបន់ភាគខាងត្បូងនៃស្ពានមិត្តភាពថៃ-មីយ៉ាន់ម៉ាទី១ ក្នុងស្រុក Mae Sot និង Phop Phra។

ទោះបីជាមេបញ្ជាការកងកម្លាំងពិសេស Naresuan ឧត្តមសេនីយ៍ទោ Prasan Henprasert បានបញ្ជាក់ថា ការបិទព្រំដែន និងការរឹតបន្តឹងការត្រួតពិនិត្យនេះធ្វើឡើងក្រោមលេស ទប់ស្កាត់ការដឹកជញ្ជូនស្បៀង និងសម្ភារផ្គត់ផ្គង់ដល់ក្រុមប្រដាប់អាវុធ ក៏ដោយ ក៏ចំណាត់ការរឹងរូសប្រកបដោយភាពភ័យខ្លាចនេះ បានបណ្តោយឱ្យផ្ទះសម្បែងរបស់ប្រជាពលរដ្ឋថៃ ត្រូវគ្រាប់ផ្លោងបាញ់ឆ្លងដែនមកពីខាងមីយ៉ាន់ម៉ា បណ្តាលឱ្យខូចខាតទ្រព្យសម្បត្តិ និងមានមនុស្សរងរបួសជាបន្តបន្ទាប់។
សកម្មភាពបិទខ្ទប់ព្រំដែនជុំទិស និងការប្រើប្រាស់លេសសន្តិសុខជាតិមកបាំងមុខពីសំណាក់រដ្ឋាភិបាលលោក អនុទីន មិនត្រឹមតែបង្ហាញពីភាពខ្វះសុចរិតភាព និងភាពបរាជ័យនៃនយោបាយការបរទេសថៃប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការបំពានយ៉ាងធ្ងន់ធ្ងរដល់ស្មារតីនៃកិច្ចសហប្រតិបត្តិការតំបន់ ដោយយកជីវភាព និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋខ្លួនឯង ធ្វើជាចំណាប់ខ្មាំងនយោបាយយ៉ាងអយុត្តិធម៌៕

