កំពង់ធំ៖ ដើម្បីជួយសម្រាលការលំបាក និងស្តារជីវភាពប្រជាកសិករដែលរងផលប៉ះពាល់ដោយគ្រោះទឹកជំនន់ រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់ស្រូវពូជសរុបចំនួន ៨៥,៣តោន ជូនប្រជាកសិករ ៨៥៣គ្រួសារ នៅស្រុកតាំងគោក និងស្រុកសន្ទុក ខេត្តកំពង់ធំ ដើម្បីឱ្យពួកគាត់មានលទ្ធភាពបន្តការបង្កបង្កើនផល និងស្តារផលិតកម្មកសិកម្មឡើងវិញ។ ការផ្តល់ជំនួយនេះក៏បង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋដែលជួបការលំបាកដោយសារគ្រោះធម្មជាតិផងដែរ។ 

ស្រូវពូជទាំងនេះជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបាននាំយកមកចែកជូនប្រជាកសិករ តាមរយៈឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦។ ក្នុងឱកាសនោះ ឯកឧត្តម នួន ផារ័ត្ន បានមានប្រសាសន៍ថា ការផ្តល់ស្រូវពូជជូនប្រជាពលរដ្ឋនាពេលនេះ គឺជាផ្នែកមួយនៃការជួយសម្រាលការលំបាក និងឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់គ្រួសារកសិករ ដែលទទួលរងការខូចខាតដំណាំស្រូវដោយសារទឹកជំនន់។

ជំនួយនេះស្ថិតក្នុងក្របខណ្ឌប្រព័ន្ធស្បៀងបម្រុងកម្ពុជា របស់រាជរដ្ឋាភិបាល ក្នុងគោលបំណងជួយសម្រួលជីវភាពប្រជាពលរដ្ឋ និងស្តារការផលិតស្រូវឱ្យវិលមកដំណើរការឡើងវិញ។ ឯកឧត្តមបានបន្តថា ការផ្តល់ស្រូវពូជនេះមិនត្រឹមតែជួយផ្គត់ផ្គង់ពូជសម្រាប់ការដាំដុះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយកាត់បន្ថយបន្ទុកចំណាយដែលប្រជាកសិករត្រូវរ៉ាប់រងក្នុងការស្តារផលិតកម្មកសិកម្មក្រោយគ្រោះទឹកជំនន់ផងដែរ។

តាមរយៈជំនួយនេះ ប្រជាកសិករអាចមានលទ្ធភាពបន្តការបង្កបង្កើនផលសម្រាប់រដូវកាលបន្ទាប់ និងស្តារប្រភពចំណូលដែលជាមូលដ្ឋានសំខាន់នៃជីវភាពគ្រួសារ។ ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្តបានណែនាំឱ្យប្រជាកសិករយកចិត្តទុកដាក់ក្នុងការប្រើប្រាស់ស្រូវពូជដែលទទួលបានសម្រាប់ការដាំដុះឱ្យមានប្រសិទ្ធភាព ព្រមទាំងពិចារណាបង្កើនការដាំដំណាំរួមផ្សំបន្ថែម ដើម្បីធ្វើឱ្យប្រភពចំណូលមានភាពចម្រុះ និងជួយពង្រឹងជីវភាពគ្រួសារឱ្យកាន់តែប្រសើរឡើង ក្នុងនោះឯកឧត្តមសូមឱ្យប្រជាពលរដ្ឋទាំងអស់ឱ្យបន្តជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ព្រមទាំងរក្សាសាមគ្គីភាព និងរួមគ្នាចូលរួមក្នុងការអភិវឌ្ឍប្រទេសជាតិ ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរ។ 

ចំណែកប្រជាកសិករដែលទទួលបានស្រូវពូជ បានសម្តែងក្តីសោមនស្សរីករាយ និងថ្លែងអំណរគុណចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងរដ្ឋបាលខេត្តកំពង់ធំ ដែលបានយកចិត្តទុកដាក់ផ្តល់ជំនួយស្រូវពូជដល់ពួកគាត់ទាន់ពេលវេលា ដើម្បីជួយសម្រួលដល់ការបង្កបង្កើនផល និងស្តារជីវភាពគ្រួសារឡើងវិញ។ សូមម្រាបថា ប្រជាកសិករចំនួន ៨៥៣គ្រួសារ ក្នុងមួយគ្រួសារទទួលបានស្រូវពូជ ១០០គីឡូក្រាម សរុបចំនួន ៨៥,៣០០គីឡូក្រាម ស្មើនឹង ៨៥,៣តោន។

Share.