បាងកក៖ សំណុំរឿងរៃអង្គាសប្រាក់សប្បុរសធម៌រាប់រយលានបាត បានក្លាយជារឿងអាស្រូវហិរញ្ញវត្ថុដ៏ធំបំផុតមួយក្នុងប្រទេសថៃ បន្ទាប់ពីប៉ូលិសនៃការិយាល័យស៊ើបអង្កេតកណ្តាល (CIB) បានបើកប្រតិបត្តិការក្តៅគគុក ចាប់ខ្លួនអតីតអ្នកនាំពាក្យកងទ័ពថៃ និងជាបវរកញ្ញាល្បីឈ្មោះ ប៊ូម ប៉ាណាត់ដា ដល់គេហដ្ឋាន ព្រមទាំងបានចេញដីកាកោះហៅតារាសម្ដែង និងពិធីករជួរមុខជាច្រើនរូប ក្នុងនោះរួមមាន លោក ណុំ កាន់ឆៃ , អ្នកនាង ឆុមភូ អារ៉ាយ៉ា និងកញ្ញា បែលឡា រ៉ានី ឱ្យចូលខ្លួនបំភ្លឺ និងមកផ្តល់សក្ខីកម្មជាបន្តបន្ទាប់។

ប្រតិបត្តិការស៊ើបអង្កេតដែលដឹកនាំដោយមន្ត្រីនៃ CIB និងប៉ូលិសប្រឆាំងបទល្មើសសេដ្ឋកិច្ច បានឈានដល់ចំណុចក្ដៅខ្លាំង នៅពេលដែលដីកាចាប់ខ្លួនត្រូវបានអនុវត្តលើរូបនាង ប៊ូម ប៉ាណាត់ដា និងស្វាមី ក្រោមបទចោទប្រកាន់ធ្ងន់ធ្ងរចំនួន ៣ រួមមាន បទឆបោកសាធារណៈ ការលាងលុយកខ្វក់ និងបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា ដោយអាជ្ញាធរបានសម្រេចបង្កកគណនីធនាគារចំនួន ១៧ ដែលមានសាច់ប្រាក់ប្រមាណ ៦០លានបាត ព្រមទាំងបង្កកទ្រព្យសម្បត្តិសរុបជាង ១០០លានបាត ដែលដើមឡើយត្រូវបានសង្ស័យថា ជាប្រាក់បានមកពីការបរិច្ចាគទៅឱ្យមូលនិធិអង្គការធ្វើអំពើល្អ ប៉ុន្តែត្រូវបានយកទៅប្រើប្រាស់ក្នុងប្រយោជន៍ផ្ទាល់ខ្លួន និងផ្ទេរចូលគណនីក្រុមហ៊ុនសំណង់ និងអចលនទ្រព្យផ្សេងៗ។

ទន្ទឹមនឹងការចាប់ខ្លួន មន្រ្តី CIB ត្រូវស្រាវជ្រាវលើលំហូរហិរញ្ញវត្ថុទាំងមូលដែលមានទំហំប្រតិបត្តិការរហូតដល់ជិត ១ពាន់លានបាត តាមរយៈការតម្រូវឱ្យបុគ្គលល្បីៗក្នុងសង្គម ចូលខ្លួនមកធ្វើជាសាក្សី ដោយតារាសម្ដែងល្បីៗដូចជា អ្នកនាង ឆុមភូ អារ៉ាយ៉ា បានចូលខ្លួនឆ្លើយសំណួរមន្ត្រីស៊ើបអង្កេតរួចរាល់ហើយ ខណៈដែលតារាផ្សេងទៀតត្រូវបានស្នើឱ្យបញ្ជាក់ពីចំនួនទឹកប្រាក់ដែលពួកគេធ្លាប់បានបរិច្ចាគ ឬជួយប្រកាសរៃអង្គាស ដើម្បីផ្ទៀងផ្ទាត់ថា តើប្រាក់ដែលតារាល្បីៗ និងសាធារណជនបានបរិច្ចាគដោយចេតនាស្អាតស្អំ ត្រូវបានប្រធានមូលនិធិនាំយកទៅប្រើប្រាស់ត្រូវតាមទិសដៅមនុស្សធម៌ ឬយ៉ាងណា។

មែនទែនទៅ សំណុំរឿងនេះបានបន្សល់ទុកនូវការភ្ញាក់ផ្អើល និងភាពស្រពេចស្រពិលយ៉ាងខ្លាំងដល់មហាជន ព្រោះនាង ប៊ូម ប៉ាណាត់ដា គឺជាបុគ្គលសាធារណៈដែលតែងតែទទួលបានការកោតសរសើរលើការងារសង្គមនាពេលកន្លងមក ដែលការបែកធ្លាយភាពមិនប្រក្រតីនៃប្រាក់បរិច្ចាគនេះ មិនត្រឹមតែជាបទល្មើសផ្លូវច្បាប់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាមេរៀន និងជាការដាស់តឿនដល់ប្រព័ន្ធគ្រប់គ្រងមូលនិធិសប្បុរសធម៌នៅប្រទេសថៃ ឱ្យបង្កើនតម្លាភាព និងការត្រួតពិនិត្យផ្លូវច្បាប់ឱ្យកាន់តែតឹងរ៉ឹងបំផុត ដើម្បីការពារកុំឱ្យឥទ្ធិពលរបស់អ្នកសិល្បៈ ត្រូវគេយកទៅទាញយកផលប្រយោជន៍ហិរញ្ញវត្ថុផ្ទាល់ខ្លួន៕

ប្រភព៖ MGR Online

Share.