(ភ្នំពេញ): ក្នុងវេទិកាអន្តរជាតិនៃបណ្តាប្រទេសនិយាយភាសាបារាំង នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ថា ទោះបីជាបទឈប់បាញ់រវាងកម្ពុជា និងថៃ សម្រេចបានកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ កំពុងបន្តអនុវត្តក៏ដោយ ប៉ុន្តែស្ថានភាពនៅតែមានភាពស្មុគស្មាញ និងផុយស្រួយ ដោយសារដែនអធិបតេយ្យរបស់កម្ពុជាជាច្រើនកន្លែងនៅតែត្រូវបានកាន់កាប់ដោយខុសច្បាប់ពីសំណាក់កងទ័ពថៃ និងពលរដ្ឋប្រមាណ ២០,០០០នាក់ នៅមិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅឋានវិញបាន។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានរំឭកថា ការប៉ះទង្គិចដោយអាវុធចំនួន ២លើកកាលពីឆ្នាំ២០២៥ ដែលបង្កឡើងដោយភាគីថៃ បានធ្វើឱ្យបាត់បង់អាយុជីវិត និងបង្ខំឱ្យពលរដ្ឋរត់ភៀសខ្លួន ដែលនេះគឺជាការដាស់តឿនថា សន្តិភាពមិនមែនជាអ្វីដែលមានស្រាប់ និងគង់វង្សជារៀងរហូតនោះឡើយ។ ការធានាឱ្យប្រជាពលរដ្ឋអាចវិលត្រឡប់ទៅផ្ទះវិញដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ គឺជាអាទិភាពចម្បង។
ដើម្បីឈានទៅរកដំណោះស្រាយយូរអង្វែង កម្ពុជាបានអំពាវនាវឱ្យមានការគោរពយ៉ាងខ្ជាប់ខ្ជួននូវកិច្ចព្រមព្រៀងនានា និងស្នើសុំឱ្យចាប់ផ្តើមឡើងវិញនូវការងារវាស់វែង និងខណ្ឌសីមាព្រំដែនគោក ដែលជាព្រំដែនអន្តរជាតិគូសវាសរួចជាស្រេចតាំងពីជាងមួយសតវត្សរ៍មុន។ ចំពោះតំបន់សមុទ្រវិញ កម្ពុជាបានជ្រើសរើសផ្លូវច្បាប់តាមរយៈយន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ដែលការចូលរួមរបស់ថៃក្នុងនីតិវិធីនេះគឺជាសញ្ញាដ៏មានក្តីសង្គម។

នាយករដ្ឋមន្ត្រី បានបញ្ជាក់ពីគោលជំហរយ៉ាងម៉ឺងម៉ាត់ថា៖ «គ្មានព្រំដែនណាមួយត្រូវបានផ្លាស់ប្តូរដោយការប្រើប្រាស់កម្លាំងអាវុធ ឬការបង្កើតអង្គហេតុសម្រេចលើទីតាំងជាក់ស្តែង (Faits Accomplis) នោះឡើយ» និងបានថ្លែងអំណរគុណដល់អាស៊ាន ក៏ដូចជាសហគមន៍អន្តរជាតិ ដែលបានគាំទ្រដំណោះស្រាយតាមរយៈកិច្ចសន្ទនា និងការគោរពច្បាប់អន្តរជាតិ ដើម្បីឈានទៅសម្រេចបាននូវមូលបទ «រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង»៕


អត្ថបទ៖ត្រយង
