ឯកឧត្ដម Emmanuel Macron ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង បានសម្តែងនូវក្តីសង្ឃឹម និងទំនុកចិត្តយ៉ាងមុតមាំថា តាមរយៈការទទួលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ កម្ពុជានឹងជួយជំរុញសហគមន៍ហ្វ្រង់កូហ្វូនីឱ្យកាន់តែមានភាពខ្ពង់ខ្ពស់ ព្រមទាំងអនុវត្តកិច្ចការនានារបស់អង្គការនេះនៅគ្រប់ជ្រុងជ្រោយ។

ការថ្លែងបែបនេះ ធ្វើឡើងនាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្នុងពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅរាជធានីភ្នំពេញ ក្នុងឱកាសដែលឯកឧត្តមក្នុងនាមជាប្រធានកិច្ចប្រជុំកំពូលលើកទី១៩ បានផ្ទេរតួនាទីជាប្រធានកិច្ចប្រជុំកំពូលលើកទី២០ ជាផ្លូវការជូនព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្ដម Emmanuel Macron បានមានប្រសាសន៍ថា៖ «បារាំងមានកិត្តិយសផ្ទេរតំណែងជាប្រធានដល់កម្ពុជា ប្រកបដោយទំនុកចិត្ត និងការប្ដេជ្ញាចិត្តរបស់កម្ពុជា។ យើងនៅតែបន្តអមដំណើរសម្ដេចអធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ហើយខ្ញុំសង្ឃឹមថា កម្ពុជានឹងជួយជំរុញសហគមន៍យើងឱ្យបានខ្ពង់ខ្ពស់ និងធ្វើកិច្ចការហ្វ្រង់កូហ្វូនីនៅគ្រប់ជ្រុងទាំងអស់»។ ឯកឧត្តមបានបន្ថែមថា ការផ្ទេរតំណែងពីប្រធានបារាំង មកជាប្រធានកម្ពុជា មិនមែនត្រឹមតែជាអន្តរកាលធម្មតានោះទេ ប៉ុន្តែវាបង្កប់នូវភាពបន្តនៃសកម្មភាពប្រកបដោយមហិច្ឆតា និងភាពរស់រវើករបស់អង្គការ។

ទន្ទឹមនឹងនេះ ប្រធានាធិបតីបារាំងបានធ្វើការអំពាវនាវឱ្យប្រទេសសមាជិកហ្វ្រង់កូហ្វូនីទាំងអស់ រក្សាឱ្យបាននូវ «ឯកភាព» និង «កុងសង់ស៊ីស» ដោយសង្កត់ធ្ងន់ថា ហ្វ្រង់កូហ្វូនីដែលគ្រប់គ្នាចង់បាន មិនមែនជាអង្គការដែលបិទទ្វារ ឬមានការប្រេះឆាផ្ទៃក្នុងនោះឡើយ។ ឯកឧត្តមបានគូសបញ្ជាក់ថា ភាពរឹងមាំរបស់អង្គការ គឺកើតចេញពីការចរចាដោយស្មោះត្រង់ និងម៉ឺងម៉ាត់ ដោយឈរលើចំណុចរួម និងចៀសវាងការយកភាពខុសគ្នាមកដាក់ពីមុខ។

ឯកឧត្ដម Emmanuel Macron ក៏បានវាយតម្លៃខ្ពស់ចំពោះកម្ពុជា ដែលបានរៀបចំកិច្ចប្រជុំកំពូលដ៏សំខាន់នេះឡើង ចំពេលដែលពិភពលោកកំពុងជួបប្រទះនឹងការបែកបាក់ សង្គ្រាម និងត្រូវការសន្តិភាពជាចាំបាច់។ ឯកឧត្តមបានគាំទ្រចំពោះប្រសាសន៍របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានលើកឡើងថា ទោះបីជាប្រទេសសមាជិកមានភាពខុសគ្នា ក៏មិនអាចបែកបាក់គ្នាបានដែរ ពោលគឺអាចការពារអត្តសញ្ញាណ និងភាសារៀងៗខ្លួន ទន្ទឹមនឹងការចែករំលែកភាសារួមគ្នា ដែលនេះជាសារបង្ហាញពីសន្តិភាព ទំនុកចិត្ត និងក្តីសង្ឃឹម។

ជាចុងក្រោយ ឯកឧត្ដមប្រធានាធិបតីបារាំង បានបញ្ជាក់ជាថ្មីថា ប្រទេសបារាំងនឹងនៅតែបន្តចូលរួមយ៉ាងសកម្មនៅក្នុងអង្គការហ្វ្រង់កូហ្វូនី ហើយចង់ឃើញសកម្មភាពរបស់កម្ពុជាក្នុងនាមជាប្រធាន ជាសកម្មភាពដែលលើកកម្ពស់ការគោរពច្បាប់ និងសន្តិភាព ខណៈដែលភាសាបារាំងបានវិលត្រឡប់មកកាន់រាជធានីភ្នំពេញសាជាថ្មី៕

Share.