ភាពផ្ទុយគ្នារវាងពាក្យសម្ដី និងទង្វើរបស់អ្នកនយោបាយថៃ ត្រូវបានលាតត្រដាងយ៉ាងច្បាស់ក្រឡែតនៅលើឆាកអន្តរជាតិ បន្ទាប់ពីប្រធានរដ្ឋសភាថៃ លោក សុផុន សារ៉ាម (Sophon Saram) បានចេញមុខជំទាស់យ៉ាងដាច់អហង្ការ មិនឱ្យកម្ពុជាបញ្ចូលតួលេខពលរដ្ឋភៀសសឹកជាង ២០,០០០នាក់ ទៅក្នុងសេចក្តីថ្លែងការណ៍រួមរបស់កិច្ចប្រជុំអន្តរសភាអាស៊ាន (ASEAN-AIPA) ឡើយ។

នៅក្នុងកិច្ចប្រជុំថ្នាក់តំបន់នេះ តំណាងភាគីថៃរូបនេះបានលើកយកលេសដដែលៗមកបដិសេធ ដោយអះអាងថា តួលេខជនភៀសសឹកទាំងនោះនៅមានភាពចម្រូងចម្រាសមិនទាន់ច្បាស់លាស់។ ការព្យាយាមរារាំងមិនឱ្យមានការកត់ត្រាតួលេខជនភៀសសឹកជាង ២ម៉ឺននាក់ ក្នុងឯកសារផ្លូវការរបស់ AIPA នេះ បង្ហាញឱ្យឃើញថា ភាគីថៃកំពុងភ័យខ្លាចការពិត និងមិនចង់ឱ្យប្រទេសសមាជិកអាស៊ានដទៃទៀត មើលឃើញពីផលប៉ះពាល់មនុស្សធម៌យ៉ាងធ្ងន់ធ្ងរ ដែលបង្កឡើងដោយជម្លោះព្រំដែននេះឡើយ។

មិនត្រឹមតែប៉ុណ្ណោះ លោក សុផុន សារ៉ាម ថែមទាំងបានព្យាយាមបង្វែរសាច់រឿង ដោយនិយាយយ៉ាងពិរោះពិសាថា ថៃគាំទ្រសន្តិភាព និងបទឈប់បាញ់ ប៉ុន្តែបញ្ហាព្រំដែនគួរតែដោះស្រាយតាមយន្តការទ្វេភាគី ជាជាងយកមកនិយាយនៅក្នុងវេទិកាតំបន់។ តាមពិតទៅ ការទាមទារឱ្យដោះស្រាយតែលក្ខណៈទ្វេភាគី គឺជាល្បិចនយោបាយចាស់គំរឹល ដែលថៃតែងតែប្រើដើម្បីបិទទ្វារដោះស្រាយគ្នាស្ងាត់ៗ គ្មានសាក្សីអន្តរជាតិ និងងាយស្រួលអូសបន្លាយពេលវេលា ដោយមិនចាំបាច់ទទួលរងសម្ពាធពីសហគមន៍អាស៊ាន។

ប្រសិនបើភាគីថៃពិតជាគាំទ្រសន្តិភាព និងបទឈប់បាញ់ដោយស្មោះត្រង់មែន ហេតុអ្វីបានជាខ្លាចការទទួលស្គាល់ទុក្ខលំបាករបស់ពលរដ្ឋស្លូតត្រង់រាប់ម៉ឺននាក់ ដែល

ត្រូវបង្ខំចិត្តរត់ចោលផ្ទះសម្បែង? ទង្វើរបស់ប្រធានសភាថៃនៅពេលនេះ មិនមែនជាការការពារផលប្រយោជន៍តំបន់នោះទេ តែជាការបង្ហាញពីភាពអាត្មានិយមខាងនយោបាយ និងការព្យាយាមលុបបំបាត់ភស្តុតាងនៃវិបត្តិមនុស្សធម៌នៅចំពោះមុខតំណាងរាស្ត្រអាស៊ានទាំងមូល ព្រោះថា ថៃ ជាអ្នកហែកចោលធម្មនុញ្ញអាស៊ានមុន ស៊ីញ៉េនឹងដៃហែកចោលនឹងជើង៕

ប្រភព៖ Khaosod English

Share.