ប្រធានសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា EFC បង្ហាញមហិច្ឆតា ចង់​រៀបចំពានរង្វាន់អន្តរជាតិនៅកម្ពុជា សម្រាប់​វិញ្ញាសាប្រកួត​កីឡាអេឡិចត្រូនិកជាថ្មី ដើម្បីបង្ហាញតំបន់ទេសចរណ៍ ក៏ដូច​ជាមុខមាត់ពិតរបស់កម្ពុជាទៅកាន់ពិភពលោក។ នេះ​ជាការលើកឡើង​របស់ ឯកឧត្តមបណ្ឌិត ជា ច័ន្ទបរិបូរណ៍ ប្រធានសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា EFC ក្នុង​ការប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ MPL KH រដូវ​កាល​ទី១១ កាល​ពី​ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅ​ MPL Cambodia Arena។

ឯកឧត្តមបណ្ឌិត ជា ច័ន្ទបរិបូរណ៍ ប្រធានសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា EFC

ឯកឧត្តមបណ្ឌិត ជា ច័ន្ទបរិបូរណ៍ បាន​មាន​ប្រសាសន៍ថា៖ «គឺប្រាកដណាស់ ជាមហិច្ឆតាតែម្ដង ប្រាកដជាមាន ពីព្រោះថា ការរៀបចំការប្រកួត រៀបចំដែលយើងធ្វើព្រឹត្តិការណ៍នៅក្នុងប្រទេសរបស់យើង គឺយើងបង្ហាញទី១ គឺសក្ដានុពលប្រទេសយើង អាហ្នឹងសំខាន់ បើសិនកាន់តែច្រើន គេស្គាល់ប្រទេសយើងកាន់តែច្រើន ហើយស្គាល់នេះមិនមែនស្គាល់ត្រឹមតែមើលនៅក្នុងទីនេះទេ ពីព្រោះការផ្សាយរបស់យើងគឺអន្តរជាតិតែម្ដង»។

ប្រធានសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា បាន​បន្ថែម​ថា៖ «វិស័យកីឡា Esport នេះវាក៏ជាផ្នែកមួយនៃការជួយវិស័យទេសចរណ៍ ជាផ្នែកមួយការផ្សព្វផ្សាយកម្ពុជាទៅពិភពលោក ថារូបភាពកម្ពុការពិតប្រាកដមានអញ្ចេះ វាអត់ដូចអ្នកដទៃដែលគេនិយាយយ៉ាងនេះយ៉ាងនោះទេ អានេះហើយសហព័ន្ធនៅតែមានមហិច្ឆតា រកវិធីសាស្ត្រដើម្បីរកធ្វើយ៉ាងម៉េច បង្កើតការប្រកួតលក្ខណៈអន្តរជាតិឲ្យបានច្រើន»។

គួរ​បញ្ជាក់ថា កម្ពុជា ក៏​ធ្លាប់​បាន​សិទ្ធរៀប​ចំការប្រកួត​កីឡាអេឡិច​ត្រូនិកជាច្រើន នា​ពេល​កន្លង​មក ជាក់​ស្ដែង​កាល​ឆ្នាំ២០២៣ បាន​រៀបចំការប្រកួត​កីឡា Esports វិញ្ញាសា MLBB ក្នុង​ពាន​រង្វាន់​ពាក់កណ្ដាលរដូវកាល MLBB Southeast Asia Cup 2023 ដោយ​កាល​នោះ​មាន ១២ក្រុម​ មកពី១០ប្រទេស​ចូលរួម​ រួម​មាន៖ ម្ចាស់​ផ្ទះកម្ពុជា ឥណ្ឌូណេស៊ី ហ្វីលីពីន សិង្ហបុរី ម៉ាឡេស៊ី ឡាវ ម៉យ៉ាន់ម៉ា អាមេរិក នៅរាជធានីភ្នំពេញ៕

Share.