ការប្រកួត​ពាន​រង្វាន់​លីគទី២ កម្ពុជា (Cambodian League 2) រដូវកាល ២០២៦/២៧ នឹងត្រឡប់មកវិញបន្ទាប់ពីអវត្តមានអស់រយៈពេល ២ រដូវកាល ដោយចាប់ផ្ដើមការប្រកួតសប្ដាហ៍ទី១ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៦ ខាង​មុខ​នេះ។

ក្លិបបាល់ទាត់ទាំង ៥ ដែលចូលរួមប្រកួតប្រជែងដណ្ដើមពានរង្វាន់ និងកៅអីឡើងទៅលីគកំពូលកម្ពុជា រួមមាន៖

  • ភ្នំពេញ ស៊ីធី អេហ្វស៊ី (Phnom Penh City FC)
  • សៀមរាប យូណៃធីត (Siem Reap United FC)
  • ឡាយអិនឃីង អេហ្វស៊ី (Lion King FC)
  • ឈើតុំ ពោធិ៍សាត់ អេហ្វស៊ី (Chheu Tom Pursat FC)
  • កណ្ដាល យូណៃធីត (Kandal United FC)

ចំពោះ​កីឡដ្ឋាន​ដែល​ នឹង​ប្រើ​ប្រាស់​ក្នុង​ការប្រកួត​លីគ២ កម្ពុជា (Cambodian League 2) រដូវកាល ២០២៦/២៧ រួម​មាន​៖ កីឡដ្ឋាន អគ្គិសនីកម្ពុជា ​កីឡដ្ឋាន អេសអយូ កីឡដ្ឋាន ស្មាត និង​កីឡដ្ឋាន ឈើតុំ។

ថ្ងៃចាប់ផ្ដើមប្រកួត ការប្រកួតបើកឆាកសប្ដាហ៍ទី១ នឹងចាប់ផ្ដើមនៅ ថ្ងៃអាទិត្យ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោង ៣:៣០ នាទីរសៀល នេះបើយោងតាម តារាងកម្មវិធីប្រកួតរបស់ CPL។

ចំពោះរូបមន្តប្រកួត និងលក្ខខណ្ឌ ដោយ​យោងតាមបទប្បញ្ញត្តិនៃការប្រកួតរដូវកាល ២០២៦/២៧ រូបមន្តនៃការប្រកួតមានដូចខាងក្រោម៖

  • ទម្រង់វិលជុំ ៤ ជុំ ក្រុមទាំង ៥ ត្រូវប្រកួតវិលជុំសន្សំពិន្ទុក្នុងដី និងក្រៅដីចំនួន ៤ ជុំ ដែលស្មើនឹង ១៦ ប្រកួតក្នុងមួយក្រុម ពេញមួយរដូវកាល។
  • ក្រុមជើងឯក (ចំណាត់ថ្នាក់លេខ ១) នឹងទទួលបានសិទ្ធិឡើងទៅប្រកួតនៅលីគកំពូលកម្ពុជា (Cambodian Premier League) រដូវកាល ២០២៧/២៨ ដោយស្វ័យប្រវត្តិ ក្នុងលក្ខខណ្ឌក្លិបទទួលបានអាជ្ញាបណ្ណក្លិបជាតិ (National Club License)។
  • ក្រុមចំណាត់ថ្នាក់លេខ ២ ត្រូវប្រកួតជម្រុះ Play-off ចំនួន ២ ជើង (ក្នុងដី និងក្រៅដី) ជាមួយក្រុមដែលបញ្ចប់នៅចំណាត់ថ្នាក់បាតតារាងនៃលីគកំពូលកម្ពុជា រដូវកាល ២០២៦/២៧ ដើម្បីដណ្ដើមកៅអីឡើងទៅលេងលីគកំពូល។
  • ករណីពិសេសលើអាជ្ញាបណ្ណក្លិប ប្រសិនបើក្រុមបាតតារាងលីគកំពូលមិនមានអាជ្ញាបណ្ណ ក្រុមលេខ ២ នៃលីគទី២ (ដែលមានអាជ្ញាបណ្ណ) នឹងឡើងទៅលីគកំពូលដោយស្វ័យប្រវត្តិ។ ផ្ទុយទៅវិញ ប្រសិនបើក្រុមជើងឯក និងក្រុមលេខ ២ នៅលីគទី២ មិនមានអាជ្ញាបណ្ណ សិទ្ធិនេះនឹងត្រូវផ្ទេរជូនក្រុមចំណាត់ថ្នាក់លេខ ៣ ដែលមានអាជ្ញាបណ្ណជំនួសវិញ

គួរ​បញ្ជាក់ថា សម្រាប់​ប្រាក់​រង្វាន់ នៃការប្រកួត​ពាន​រង្វាន់​លីគទី២ កម្ពុជា (Cambodian League 2) រដូវកាល ២០២៦/២៧ ក្រុមជើងឯក ទទួលបាន ១២ លានរៀល (ពាន​មួយ) ក្រុមជើងឯករង ទទួលបាន ៤ លានរៀល៕

Share.