យោងតាមការផ្សាយរបស់សារព័ត៌មាន theguardian នាពេលថ្មីៗនេះបានឱ្យដឹងថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានចាកចេញពីអាកាសយានដ្ឋាននីណូយ អាគីណូ (Ninoy Aquino) ក្នុងទីក្រុងម៉ានីល ប្រទេសហ្វីលីពីន តាមជើងយន្តហោះ Air Force One ឆ្ពោះទៅកាន់ទីក្រុងសិនជិន ប្រទេសចិន ដើម្បីចូលរួមកិច្ចប្រជុំកំពូលនៃវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC)។ ដំណើរទស្សនកិច្ចនេះ កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីឆាកអន្តរជាតិ បន្ទាប់ពីលោកប្រធានាធិបតីអាមេរិកបានបង្ហើបពីលទ្ធភាពនៃការជួបពិភាក្សាជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន (Kim Jong-un) នៅលើទឹកដីចិន។

យោងតាមការលើកឡើងរបស់លោក ត្រាំ ផ្ទាល់នៅក្នុងសប្តាហ៍នេះ លោកបានបង្ហាញពីលទ្ធភាពដែលលោកអាចនឹងជួបជាមួយលោក គីម ជុងអ៊ុន នៅក្នុងប្រទេសចិន។ ទោះជាយ៉ាងណាក៏ដោយ រហូតមកដល់ពេលនេះ ស្ថានភាពជុំវិញជំនួបដ៏មានសារៈសំខាន់នេះ នៅមិនទាន់មានភាពប្រាកដប្រជាជាផ្លូវការនៅឡើយទេ។

ចំពោះរដ្ឋាភិបាលចិន នៅមិនទាន់បានចេញសេចក្តីបញ្ជាក់ជាផ្លូវការណាមួយ អំពីវត្តមានរបស់មេដឹកនាំកូរ៉េខាងជើង ឬការរៀបចំជំនួបនេះនៅក្នុងប្រទេសចិននៅឡើយដែរ។ ដោយឡែកប្រព័ន្ធផ្សព្វផ្សាយរបស់កូរ៉េខាងជើង មិនបានបង្ហាញតម្រុយណាមួយអំពីដំណើរទស្សនកិច្ចក្រៅប្រទេសរបស់មេដឹកនាំខ្លួនឡើយ ដោយគ្រាន់តែបានបោះពុម្ពផ្សាយរូបថតរបស់លោក គីម ជុងអ៊ុន ដែលកំពុងចុះទស្សនកិច្ចនៅរមណីយដ្ឋានជិះស្គីមួយកន្លែងក្នុងប្រទេសប៉ុណ្ណោះ។

សូមបញ្ជាក់ថាវត្តមានរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅទីក្រុងសិនជិន នាពេលខាងមុខនេះ ត្រូវបានគេមើលឃើញថាជាចំណុចរបត់ដ៏សំខាន់មួយ ទាំងសម្រាប់កិច្ចប្រជុំកំពូល APEC ផ្ទាល់ និងសម្រាប់ការតាមដានព្រឹត្តិការណ៍ពិភពលោក ថាតើជំនួបការទូតក្រៅឆាករវាងលោក ត្រាំ និងលោក គីម ជុងអ៊ុន អាចនឹងកើតឡើងពិតប្រាកដដែរឬយ៉ាងណា?៕

Share.