ភ្នំពេញ៖ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានឡាយព្រះហស្តលេខាលើព្រះរាជក្រឹត្យ ស្តីពីការកែសម្រួលព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈដោយឡែកនៃក្របខ័ណ្ឌមន្ត្រីពន្ធនាគារ ក្រសួងមហាផ្ទៃ ដោយកំណត់អាយុចូលនិវត្តន៍របស់មន្ត្រីពន្ធនាគារគ្រប់ប្រភេទឋានន្តរស័ក្តិ ត្រឹមអាយុ៦០ឆ្នាំ ដែលនឹងចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៧ តទៅ។

យោងតាមព្រះរាជក្រឹត្យចុះថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ មាត្រា៤៣ថ្មី បានកំណត់ថា មន្ត្រីពន្ធនាគារដែលបានបម្រើការងារក្នុងក្របខ័ណ្ឌមន្ត្រីពន្ធនាគារគ្រប់ប្រភេទឋានន្តរស័ក្តិ ត្រូវដាក់ឱ្យចូលនិវត្តន៍នៅពេលមានអាយុ៦០ឆ្នាំ ដោយការចូលនិវត្តន៍ត្រូវធ្វើឡើងនៅថ្ងៃទី១ នៃខែបន្ទាប់ពីខែដែលមន្ត្រីសាមីមានអាយុគ្រប់៦០ឆ្នាំ។

ព្រះរាជក្រឹត្យនេះក៏បានកំណត់នីតិវិធីនៃការរៀបចំចូលនិវត្តន៍ ដោយក្រសួងមុខងារសាធារណៈត្រូវជូនដំណឹងដល់ក្រសួងមហាផ្ទៃអំពីស្ថានភាពមន្ត្រីពន្ធនាគារដែលត្រូវចូលនិវត្តន៍នៅឆ្នាំបន្ទាប់ ក្នុងត្រីមាសទី១នៃឆ្នាំនីមួយៗ និងត្រូវរៀបចំបែបបទនិងនីតិវិធីឱ្យបាន៦ខែមុនកាលបរិច្ឆេទចូលនិវត្តន៍។

ចំពោះមន្ត្រីពន្ធនាគារដែលត្រូវចូលនិវត្តន៍មុនកាលកំណត់ ឬត្រូវបានកំណត់ថាបាត់បង់សម្បទាវិជ្ជាជីវៈ ការសម្រេចត្រូវធ្វើឡើងតាមព្រះរាជក្រឹត្យ អនុក្រឹត្យ ឬប្រកាស ដោយផ្អែកលើកម្រិតមុខតំណែងនីមួយៗ និងអនុលោមតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។ ចំណែកការអនុវត្តរបបសោធននិវត្តន៍ និងសោធនបាត់បង់សម្បទាវិជ្ជាជីវៈ ត្រូវអនុវត្តដូចរបបសោធននិវត្តន៍ចំពោះមន្ត្រីរាជការស៊ីវិល។

ដោយឡែក មន្ត្រីពន្ធនាគារដែលនឹងមានអាយុគ្រប់៥៥ឆ្នាំ ឬ៥៨ឆ្នាំ បន្ទាប់ពីព្រះរាជក្រឹត្យនេះចូលជាធរមាន ប៉ុន្តែត្រូវបានរៀបចំដាក់ឱ្យចូលនិវត្តន៍រួចហើយដោយប្រកាស ឬអនុក្រឹត្យ មានសិទ្ធិស្នើសុំបន្តការងាររហូតដល់អាយុ៦០ឆ្នាំ លើកលែងតែសាមីខ្លួនមានបំណងរក្សាការចូលនិវត្តន៍នៅអាយុ៥៥ឆ្នាំ ឬ៥៨ឆ្នាំដដែល។ ព្រះរាជក្រឹត្យដដែលបានប្រគល់ភារកិច្ចជូនសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ៕

Share.