ស្វាយរៀង៖ កម្លាំងគណៈបញ្ជាការឯកភាពខេត្ត និងក្រុងបាវិត បានចុះស្រាវជ្រាវ និងបង្ក្រាបទីតាំងសង្ស័យពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ចំនួន២កន្លែង និងធ្វើរដ្ឋបាលចំហចំនួន១ទីតាំង នៅក្នុងបុរី អ៊ែល តារា (២) ស្ថិតក្នុងភូមិបាវិតកណ្ដាល សង្កាត់បាវិត ដោយឃាត់ខ្លួនជនជាតិវៀតណាមចំនួន៧នាក់ ក្នុងនោះស្ត្រី២នាក់ និងដកហូតវត្ថុតាងមួយចំនួន។

ប្រតិបត្តិការនេះធ្វើឡើងនៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ដឹកនាំដោយលោក រ៉េត រក្សា អភិបាលរងក្រុងបាវិត សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពខេត្ត ដឹកនាំដោយលោក ម៉ែន អេង អភិបាលរងខេត្តស្វាយរៀង និងមានការសម្របសម្រួលនីតិវិធីពីលោក ហួត វិចិត្រ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង ព្រមទាំងមន្ត្រីពាក់ព័ន្ធ និងកម្លាំងចម្រុះខេត្ត-ក្រុង។

តាមរបាយការណ៍ប្រតិបត្តិការ នៅទីតាំងទី១ គឺផ្ទះល្វែងលេខ០១ ដែលមានឈ្មោះ អ៊ូ ប៊ុរ៉ាន ជាកម្មសិទ្ធិករ និងលោក ហាយ ឡេង ជាអ្នកតំណាង សមត្ថកិច្ចបានរកឃើញជនជាតិវៀតណាមចំនួន៤នាក់ ក្នុងនោះស្ត្រី២នាក់ ព្រមទាំងវត្ថុតាងរួមមាន កុំព្យូទ័រយួរដៃ ទូរសព្ទដៃផ្ទាល់ខ្លួន លិខិតឆ្លងដែន និងឧបករណ៍ Wi-Fi។

ដោយឡែក នៅទីតាំងទី២ គឺផ្ទះល្វែងលេខ C5 ដែលមានឈ្មោះ សេក រ៉ាដេត ជាកម្មសិទ្ធិករ សមត្ថកិច្ចបានរកឃើញជនជាតិវៀតណាមចំនួន៣នាក់ ជាបុរស ព្រមទាំងវត្ថុតាងរួមមាន កុំព្យូទ័រយួរដៃ ទូរសព្ទដៃផ្ទាល់ខ្លួន ទូរសព្ទដៃចម្រុះ ឧបករណ៍ Wi-Fi និងរថយន្តម៉ាក Toyota Prius ពណ៌ឈាមជ្រូកមួយគ្រឿង។

ក្រោយបញ្ចប់ប្រតិបត្តិការ ជនសង្ស័យទាំង៧នាក់ រួមជាមួយវត្ថុតាងដែលរកឃើញ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា ដើម្បីបន្តនីតិវិធីតាមច្បាប់។ ចំណែកទីតាំងខាងលើ ត្រូវបានក្រុមការងារសម្រេចបិទជាបណ្តោះអាសន្ន។ សមត្ថកិច្ចមិនទាន់បានបញ្ជាក់លម្អិតអំពីតួនាទីរបស់ជនសង្ស័យម្នាក់ៗ ឬទំហំសកម្មភាពឆបោកដែលអាចពាក់ព័ន្ធនៅឡើយទេ។

អត្ថបទ៖កណ្តាល

Share.