ប្រទេសចិន និងប្រទេសកម្ពុជា សុទ្ធតែមានពិធីបុណ្យប្រពៃណីដែលមានទំនាក់ទំនងជាមួយទឹក និងការប្រណាំងទូក។ នៅប្រទេសចិន មានបុណ្យ 端午节 (Duānwǔ Jié) ឬបុណ្យប្រណាំងទូកនាគ ដែលប្រារព្ធឡើងនៅថ្ងៃទី៥ ខែទី៥ តាមប្រតិទិនចន្ទគតិចិន។ ចំណែកនៅប្រទេសកម្ពុជា មានបុណ្យអុំទូក ដែលជាពិធីបុណ្យប្រពៃណីដ៏ធំមួយ និងមានសារៈសំខាន់ចំពោះប្រជាជនខ្មែរ។ ទោះបីជាបុណ្យទាំងពីរមានប្រវត្តិ និងទំនៀមទម្លាប់ខុសគ្នាក៏ដោយ ក៏សុទ្ធតែបង្ហាញពីសាមគ្គីភាព និងអត្តសញ្ញាណវប្បធម៌របស់ប្រទេសនីមួយៗ។
បុណ្យប្រណាំងទូកនាគរបស់ចិនមានប្រវត្តិយូរលង់មកហើយ និងត្រូវបានភ្ជាប់ជាមួយរឿងរ៉ាវរបស់លោក ឈុយ យាន (屈原 – Qū Yuán) ដែលជាកវី និងមន្ត្រីរដ្ឋដ៏ល្បីល្បាញក្នុងសម័យបុរាណ។ តាមរឿងព្រេង លោកបានលោតចូលទន្លេមីលួ បន្ទាប់ពីប្រទេសរបស់លោកត្រូវបានសត្រូវវាយយក។ ប្រជាជនដែលគោរពស្រឡាញ់លោកបាននាំគ្នាចេញទូកទៅស្វែងរក និងបោះបាយដំណើបចូលក្នុងទឹក ដើម្បីកុំឱ្យត្រីស៊ីសាកសពរបស់លោក។ រឿងរ៉ាវនេះត្រូវបានភ្ជាប់ជាមួយទំនៀមប្រណាំងទូកនាគ និងការបរិភោគនំចុងជឺ (粽子 – Zòngzi) រហូតមកដល់សព្វថ្ងៃ។


ក្នុងឱកាសបុណ្យនេះ ប្រជាជនចិនតែងចូលរួមទស្សនាការប្រណាំងទូកនាគ ដែលមានរាងវែង និងតុបតែងក្បាលជានាគ។ អ្នកចែវទូកត្រូវអង្គុយជាជួរ និងចែវតាមចង្វាក់ស្គរ ដើម្បីឱ្យទូកធ្វើដំណើរបានលឿន និងមានភាពស៊ីសង្វាក់គ្នា។ ក្រៅពីនេះ ប្រជាជនក៏និយមបរិភោគនំចុងជឺ ដែលជាបាយដំណើបរុំដោយស្លឹកឫស្សី មានទាំងរសជាតិផ្អែម និងប្រៃ។ ទំនៀមទម្លាប់ទាំងនេះបានក្លាយជាផ្នែកមួយនៃអត្តសញ្ញាណវប្បធម៌ចិន។
ចំណែកនៅប្រទេសកម្ពុជា បុណ្យអុំទូកត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំនៅអំឡុងខែកត្តិក តាមប្រតិទិនចន្ទគតិខ្មែរ។ បុណ្យនេះមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយបាតុភូតធម្មជាតិនៃការប្រែទិសហូររបស់ទឹកទន្លេសាប។ នៅរដូវវស្សា ទឹកទន្លេមេគង្គហូរចូលទៅក្នុងទន្លេសាប និងបឹងទន្លេសាប ប៉ុន្តែនៅពេលទឹកទន្លេមេគង្គស្រកចុះ ទឹកទន្លេសាបក៏ហូរត្រឡប់ទៅទន្លេមេគង្គវិញ។ បាតុភូតនេះមានសារៈសំខាន់ចំពោះធម្មជាតិ ការនេសាទ និងជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។


ក្នុងពិធីបុណ្យអុំទូក ការប្រណាំងទូកគឺជាសកម្មភាពដ៏សំខាន់ និងទាក់ទាញប្រជាជនឱ្យមកទស្សនាយ៉ាងច្រើន។ ទូកប្រពៃណីមានប្រវែងវែង និងមានអ្នកអុំជាច្រើននាក់អង្គុយជាជួរ ដោយអុំតាមចង្វាក់ស្គរ។ ក្រៅពីការប្រណាំងទូក ក៏មានពិធីបណ្តែតប្រទីប ពិធីអកអំបុក និងសំពះព្រះខែផងដែរ។ ប្រជាជននិយមទទួលទានអំបុកជាមួយចេក ឬដូង ដែលជាផ្នែកមួយនៃទំនៀមទម្លាប់ក្នុងពិធីបុណ្យនេះ។
បើប្រៀបធៀបគ្នា បុណ្យទាំងពីរមានភាពស្រដៀងគ្នាត្រង់ការប្រណាំងទូក ការជួបជុំរបស់ប្រជាជន និងស្មារតីសាមគ្គីភាពក្នុងក្រុម។ ទូកនាគរបស់ចិន និងទូកប្រពៃណីរបស់ខ្មែរមានរូបរាងខុសគ្នា ប៉ុន្តែសុទ្ធតែត្រូវការការសហការគ្នា និងការអុំឱ្យបានស៊ីសង្វាក់។ ចំណែកភាពខុសគ្នាវិញ គឺបុណ្យចិនមានទំនាក់ទំនងជាមួយរឿងរ៉ាវរបស់លោក ឈុយ យាន និងនំចុងជឺ ខណៈបុណ្យខ្មែរមានទំនាក់ទំនងជាមួយបាតុភូតទឹកទន្លេសាប ពិធីបណ្តែតប្រទីប និងអកអំបុក។ ពេលវេលាប្រារព្ធ និងទំនៀមទម្លាប់របស់បុណ្យទាំងពីរក៏ខុសគ្នាផងដែរ។


ជារួម បុណ្យប្រណាំងទូកនាគរបស់ប្រទេសចិន និងបុណ្យអុំទូករបស់ប្រទេសកម្ពុជា គឺជាមរតកវប្បធម៌ដ៏មានតម្លៃដែលបង្ហាញពីប្រវត្តិសាស្ត្រ ជំនឿ និងរបៀបរស់នៅរបស់ប្រជាជនរៀងៗខ្លួន។ ទោះបីជាមានប្រភពដើម និងទំនៀមទម្លាប់ខុសគ្នាក៏ដោយ ក៏បុណ្យទាំងពីរបង្ហាញពីតម្លៃរួមដូចជា សាមគ្គីភាព ការជួបជុំ និងការគោរពប្រពៃណី។ ការសិក្សាប្រៀបធៀបពិធីបុណ្យទាំងនេះក៏ជួយឱ្យប្រជាជននៃប្រទេសទាំងពីរស្វែងយល់ និងគោរពវប្បធម៌គ្នាទៅវិញទៅមក ព្រមទាំងរួមចំណែកថែរក្សាមរតកប្រពៃណីសម្រាប់មនុស្សជំនាន់ក្រោយផងដែរ៕
អត្ថបទ៖ សុខៈ វេជ្ជៈណា

