អាហារប្រពៃណីគឺជាផ្នែកមួយដែលឆ្លុះបញ្ចាំងពីអត្តសញ្ញាណ វប្បធម៌ និងរបៀបរស់នៅរបស់ប្រជាជនក្នុងប្រទេសនីមួយៗ។ ក្នុងឱកាសពិធីបុណ្យធំៗ ប្រជាជនតែងរៀបចំម្ហូបអាហារពិសេសៗ ដើម្បីបរិភោគជុំគ្នាក្នុងគ្រួសារ និងរក្សាទំនៀមទម្លាប់ពីមួយជំនាន់ទៅមួយជំនាន់។ ជាក់ស្តែង ប្រទេសកម្ពុជា និងប្រទេសចិន សុទ្ធតែមានអាហារប្រពៃណីដែលមានទំនាក់ទំនងជាមួយពិធីបុណ្យប្រណាំងទូក គឺអំបុករបស់ខ្មែរ និងនំចុងជឺរបស់ចិន។

នៅប្រទេសកម្ពុជា អំបុក (អកអំបុក) គឺជាអាហារប្រពៃណីដែលមានសារៈសំខាន់ក្នុងឱកាសបុណ្យអុំទូក ជាពិសេសក្នុងពិធីសំពះព្រះខែ។ អំបុកធ្វើពីស្រូវថ្មីដែលត្រូវបានលីងទាំងសំបក រួចយកមកបុកក្នុងត្បាល់ដោយប្រើអង្រែធំៗ រហូតគ្រាប់ស្រូវរាបស្មើ និងទន់។ បន្ទាប់មក គេបំបែកសំបកចេញ ទុកតែគ្រាប់អំបុកសម្រាប់ទទួលទាន។ អំបុកអាចបរិភោគជាមួយចេកទុំ ដូង ទឹកដូង ឬស្ករត្នោត ដែលធ្វើឱ្យមានរសជាតិផ្អែមឈ្ងុយ និងក្លិនក្រអូបបែបធម្មជាតិ។

Screenshot

អ្វីដែលគួរឱ្យចាប់អារម្មណ៍ គឺការទទួលទានអំបុកមិនមែនគ្រាន់តែជាការបរិភោគអាហារធម្មតានោះទេ ប៉ុន្តែវាជាផ្នែកមួយនៃពិធីសំពះព្រះខែ។ នៅយប់ព្រះចន្ទពេញវង់ ប្រជាជនតែងរៀបចំអំបុក ចេក ដូង និងគ្រឿងបូជាផ្សេងៗ ដើម្បីចូលរួមក្នុងពិធីតាមទំនៀមទម្លាប់។ ការបរិភោគអំបុកជុំគ្នាក៏បង្ហាញពីការជួបជុំគ្រួសារ ការដឹងគុណចំពោះផលដំណាំ និងក្តីសង្ឃឹមចំពោះភាពសម្បូររុងរឿងផងដែរ។

ចំណែកនៅប្រទេសចិន នំចុងជឺ (粽子 – Zòngzi) គឺជាអាហារដ៏ល្បីល្បាញក្នុងពិធីបុណ្យទូកនាគ ឬ 端午节 (Duānwǔ Jié)។ នំប្រភេទនេះធ្វើពីអង្ករដំណើប ដោយមានគ្រឿងផ្សំខាងក្នុងខុសៗគ្នាតាមតំបន់។ ខ្លះមានសាច់ជ្រូក ស៊ុតប្រៃ សណ្តែក ឬផ្សិត ខណៈខ្លះទៀតមានសណ្តែកក្រហម និងពុទ្រាក្រហមសម្រាប់រសជាតិផ្អែម។ បន្ទាប់ពីរៀបចំគ្រឿងផ្សំរួច គេយកទៅរុំដោយស្លឹកឫស្សី ឬស្លឹករុក្ខជាតិផ្សេងៗ ឱ្យមានរាងត្រីកោណ ឬរាងវែង រួចយកទៅស្ងោរ ឬចំហុយរហូតឆ្អិន។

Screenshot

ចំពោះប្រវត្តិ នំចុងជឺត្រូវបានភ្ជាប់ជាមួយរឿងរ៉ាវរបស់លោក ឈុយ យាន (屈原 – Qū Yuán) ដែលជាកវី និងអ្នកស្នេហាជាតិចិនក្នុងសម័យបុរាណ។ តាមរឿងព្រេង ប្រជាជនបានបោះបាយដំណើបរុំស្លឹកចូលក្នុងទន្លេ ដើម្បីកុំឱ្យត្រីស៊ីសាកសពរបស់លោក បន្ទាប់ពីលោកលោតចូលទន្លេមីលួ។ រឿងរ៉ាវនេះបានក្លាយជាមូលហេតុមួយដែលធ្វើឱ្យនំចុងជឺក្លាយជាអាហារតំណាងឱ្យពិធីបុណ្យទូកនាគរហូតមកដល់សព្វថ្ងៃ។

បើប្រៀបធៀបអាហារទាំងពីរ អំបុក និងនំចុងជឺសុទ្ធតែមានអង្ករជាគ្រឿងផ្សំសំខាន់ ប៉ុន្តែមានរបៀបរៀបចំ និងរសជាតិខុសគ្នា។ អំបុកមានលក្ខណៈស្រាល ស្ងួត និងមានរសជាតិឈ្ងុយពីស្រូវលីង ខណៈនំចុងជឺមានសាច់អង្ករដំណើបទន់ស្អិត និងមានរសជាតិអាស្រ័យលើគ្រឿងផ្សំខាងក្នុង។ អំបុកត្រូវបានរៀបចំដោយបុកស្រូវឱ្យរាបស្មើ ចំណែកនំចុងជឺត្រូវរុំអង្ករដំណើបក្នុងស្លឹក មុនពេលយកទៅចំហុយ ឬស្ងោរ។

ទោះបីជាមានភាពខុសគ្នាក្នុងការរៀបចំក៏ដោយ អាហារទាំងពីរនេះសុទ្ធតែបង្ហាញពីទំនាក់ទំនងរវាងអាហារ ប្រពៃណី និងការចងចាំរបស់ប្រជាជន។ អំបុករំឭកដល់រដូវប្រមូលផល ការដឹងគុណចំពោះធម្មជាតិ និងការជួបជុំក្នុងគ្រួសារ ខណៈនំចុងជឺបង្ហាញពីការចងចាំប្រវត្តិសាស្ត្រ និងការបន្តរក្សាប្រពៃណីរបស់ប្រជាជនចិន។

ជារួម អំបុកខ្មែរ និងនំចុងជឺចិនមិនត្រឹមតែជាអាហារប្រពៃណីដែលគេនិយមទទួលទានក្នុងពិធីបុណ្យនោះទេ ប៉ុន្តែថែមទាំងជាផ្នែកមួយនៃមរតកវប្បធម៌ដែលបន្តពីមួយជំនាន់ទៅមួយជំនាន់។ តាមរយៈអាហារទាំងនេះ យើងអាចស្វែងយល់ពីប្រវត្តិសាស្ត្រ ជំនឿ និងទំនៀមទម្លាប់របស់ប្រជាជនខ្មែរ និងចិនបានកាន់តែច្បាស់។ អាហារមួយមុខអាចមានរសជាតិខុសគ្នា ប៉ុន្តែអត្ថន័យរបស់វាអាចភ្ជាប់មនុស្សជាច្រើនជំនាន់ឱ្យចងចាំ និងថែរក្សាប្រពៃណីរបស់ខ្លួន៕

អត្ថបទ៖ សុខៈ វេជ្ជៈណា

Share.