កំពត ៖ រថយន្តកាមរីបាឡែនមួយគ្រឿង ខណៈដែលកំពុងបើកឡើងភ្នំបូកគោសុខៗ ស្រាប់តែឆ្លងចរន្តភ្លើងឆាបឆេះ ផ្អើលសមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យចេញទៅជួយបាញ់ទឹកពន្លត់  ស្ថិតនៅតាមផ្លូវលេខ៣២ ឡើងភ្នំបូកគោ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៥-១៦ ស្ថិតនៅភូមិរលួស សង្កាត់បឹងទូក ក្រុងបូកគោ ខេត្តកំពត កាលពីវេលាម៉ោង១និង១០នាទីរសៀល ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២១។

រថយន្តជួបគ្រោះថ្នាក់ខាងលើ ម៉ាកកាម៉ារីបាឡែន ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2S-3745 ម្ចាស់អ្នកបើបរឈ្មោះ ចាប ផាង ភេទ​ ប្រុស អាយុ៦៤​ឆ្នាំ រស់នៅភូមិឡូរី សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ រួមដំណើជាមួយ ឈ្មោះ ភឹម សាវុធ ភេទ​ប្រុស អាយុ​៦៥​ឆ្នាំ រស់នៅភូមិសែនបន ឃុំលាយបូរ ស្រុកត្រាំកក់ខេត្តតាកែវ ។

តាមសមត្ថកិច្ចបានឲ្យដឹងថា មុនកើតហេតុ រថយន្តបើកពីក្រោមឡើងភ្នំបូកគោ លុះដល់ចំណុចកើតហេតុ ស្រាប់តែជួបបញ្ហា ឆ្លងភ្លើងឆេះចេញជាអណ្តាតភ្លើងខ្មួល បង្កឲ្យផ្អើលឆោឡោ ទាំងអ្នកបើកបរទាំងអ្នករួមដំណើរ រត់ចេញ ។

ភ្លាមៗត្រូវបានសមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យមួយគ្រឿងចេញទៅអន្តរាគមន៍ បាញ់ពន្លត់ភ្លើង រួចស្ទូចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងបូគោ ៕

Share.