ប្រធានាធិបតី Joe Biden បាននិយាយនាថ្ងៃពុធ ទី ១៦ ខែ មីនា នេះថា លោក វ្លាឌីមៀ ពូទីន គឺជា ឧក្រិដ្ឋជនសង្រ្គាម ហើយអាមេរិកបានប្រកាសផ្ដល់ជំនួយផ្នែកសន្តិសុខបន្ថែមចំនួន ៨០០លានដុល្លាអាមេរិក រួមទាំងបញ្ជូនអាវុធដើម្បីប្រយុទ្ធជាមួយយន្ដហោះ និង រថក្រោះ របស់រុស្សី។

នៅក្នុងបទសម្ភាស៍ជាមួយអ្នកកាសែតនៅសេតវិមាន លោក បៃដិន បាននិយាយថា «ខ្ញុំគិតថា គាត់គឺជាឧក្រិដ្ឋជនសង្រ្គាម»។

នេះជាលើកទី១ ហើយ ដែលលោក បៃដិន បានដាក់ឈ្មោះលោក ពូទីន ជាសាធារណៈជាមួយនឹងឃ្លាបែបនេះ។ កាលពីសប្ដាហ៍មុន អំឡុងពេលធ្វើដំណើរទៅកាន់ប្រទេសប៉ូឡូញ អនុប្រធានាធិបតី Kamala Harris បាននិយាយថា ប្រទេសរុស្សីគួរតែ «ដាច់ខាត» ត្រូវបានស៊ើបអង្កេតសម្រាប់ឧក្រិដ្ឋសង្រ្គាមដែលអាចកើតមាន។

ក្រោយមកអ្នកនាំពាក្យសេតវិមាន លោកស្រី Jen Psaki បាននិយាយថា លោក បៃដិន កំពុងតែនិយាយចេញពីបេះដូងរបស់គាត់ដោយកត់សម្គាល់ថា មានដំណើរការផ្លូវច្បាប់ដាច់ដោយឡែកមួយ ដើម្បីកំណត់ថា តើលោក ពូទីន បានបំពានច្បាប់អន្តរជាតិ និង ប្រព្រឹត្តឧក្រិដ្ឋកម្មសង្រ្គាម ហើយដំណើរការនេះ កំពុងដំណើរការនៅក្រសួងការបរទេសដែរឬទេ?

ពាក់ព័ន្ធនឹងករណីនេះ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dimitry Peskov បានចេញមកនិយាយថា ចរិតលក្ខណៈរបស់លោក បៃដិន ចំពោះលោក ពូទីន គឺជា ពាក្យសំដីមិនអាចទទួលយកបាន និង មិនអាចលើកលែងបាន។

នៅព្រឹកថ្ងៃដដែល លោក បៃដិន បាននិយាយថា សហរដ្ឋអាមេរិកបានផ្ដល់ជំនួយសន្តិសុខចំនួន ១ពាន់លាន ដុល្លា ដល់អ៊ុយក្រែន បន្ថែមទៀត ជាការឆ្លើយតបការអំពាវនាវជាបន្ទាន់របស់ប្រធានាធិបតីអ៊ុយក្រែន ដែលលោក ហ្សេលេនស្គីបានអំពាវនាវទៅកាន់សភាសហរដ្ឋអាមេរិកសម្រាប់ជំនួយផ្នែកយោធា ដើម្បីទប់ទល់នឹងការឈ្លានពានរបស់រុស្សី។ លោក បៃដិន​ បន្ថែមថា សហរដ្ឋអាមេរិកនឹងបន្ដផ្ដល់អាវុធដល់អ៊ុយក្រែន ដើម្បីប្រយុទ្ធ និង ការពារខ្លួន និង ផ្ដល់ជំនួយមនុស្សធម៌ ហើយអាមេរិកគាំទ្រសេដ្ឋកិច្ចរបស់អ៊ុយក្រែនជាមួយនឹងជំនួយហិរញ្ញវត្ថុបន្ថែម។ ស្របពេលជាមួយគ្នានេះដែរ លោក បៃដិន បានអះអាងថា សម្ព័ន្ធមិត្តនានាក៏បានបង្កើនការគាំទ្ររបស់ពួកគេ ក្នុងកម្រិតមិនធ្លាប់មានពីមុនមកផងដែរ។

កាលពីពេលថ្មីៗនេះ សហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្មលើប្រទេសរុស្សីបន្ថែម និង អំពាវនាវឲ្យផ្អាកស្ថានភាពពាណិជ្ជកម្មរបស់រុស្សី ហើយប្រកាសហាមប្រាមការនាំចូលប្រេង និង ថាមពលផ្សេងៗរបស់រុស្សីថែមទៀត៕

ប្រភព៖ CNA  

Telegram-Troryorng
Share.