ប្រអប់ខ្មៅមួយក្នុងចំណោមប្រអប់ខ្មៅទាំង២របស់យន្ដហោះ China Eastern Airline ត្រូវបានរកឃើញ ហើយ ខណៈដែលអ្នកស៊ើបអង្កេតព្យាយាមស្វែងរកអ្នកនៅរស់រានមានជីវិត និង មូលហេតុនៃការធ្លាក់យន្ដហោះដឹកអ្នកដំណើរ ១៣២នាក់ ដែលបានធ្លាក់កាលពីដើមសប្ដាហ៍នេះនៅភាគនិរតី ប្រទេសចិន។

លោក  Mao Yanfeng ប្រធានផ្នែកស៊ើបអង្កេតគ្រោះថ្នាក់នៃអាជ្ញាធរអាកាសចរណ៍ស៊ីវិលចិនបាននិយាយកាលពីថ្ងៃពុធថា ឧបករណ៍នេះបានខូចខាតយ៉ាងខ្លាំង ដែលក្រុមអ្នកស៊ើបអង្កេតមិនអាចបានប្រាប់បានថា វាជាឧបរករណ៍ថតទិន្នន័យហោះហើរ ឬ ជាឧបករណ៍ថតសំឡេងរបស់កាប៊ីនយន្ដហោះនោះទេ។

លោកបន្តថា កិច្ចខិតខំប្រឹងប្រែងទាំងអស់កំពុងត្រូវបានធ្វើឡើងដើម្បីស្វែងរកឧបករណ៍កត់ត្រាទិន្នន័យផ្សេងទៀត។ វាមិនច្បាស់ទេថា តើការខូចខាតចំពោះឧបករណ៍ដែលយកមកនេះ អាចផ្ដល់នូវអត្ថប្រយោជន៍ដែរឬទេ។

មូលហេតុនៃគ្រោះមហន្តរាយនាពេលថ្មីៗនេះ បានធ្វើឲ្យអាជ្ញាធរអាកាសចរណ៍បានស្វែងរកតម្រុយ ប៉ុន្ដែក្រុមជួយសង្រ្គោះនៅតែមិនទាន់រកឃើញអ្នករួចជីវិតពីឧបទ្ទវហេតុនេះនៅឡើយ។ ទោះជាយ៉ាងណា ក្រុមមន្ត្រីនៅតែមិនព្រមប្រកាសថា អ្នកដំណើរទាំងអស់បានស្លាប់នោះទេ បើទោះជាមានដុំដែករមួល និង វត្ថុឆេះត្រូវបានរកឃើញនៅលើតំបន់ដែលធ្លាក់មកក៏ដោយ។

កាលដើមសប្ដាហ៍នេះ យន្ដហោះ Boieng 737-800 របស់ក្រុមហ៊ុន China Eastern បានធ្លាក់ធ្លាក់នៅជិតទីក្រុងវូចូវ ភាគខាងត្បូងប្រទេសចិន បន្ទាប់ពីយន្ដហោះនេះដំបូងត្រូវបានគេសន្និដ្ឋានថា បានធ្លាក់នៅពេលវេលាម៉ោង ២:២២នាទីរសៀល ថ្ងៃច័ន្ទ។ អ្នកតាមដានបង្ហាញថា យន្ដហោះបានធ្លាក់ចុះយ៉ាងខ្លាំងពីកម្ពស់ ២៩,១០០ហ្វីត (៨,៨៦៦ម៉ែត្រ) ទៅ ៣,២២៥ហ្វីត (៩៨២ម៉ែត្រ) ក្នុងរយៈពេលត្រឹមតែ ៣នាទី មុនពេលដែលព័ត៌មាននៃការហោះហើរបានកាត់ផ្ដាច់ពីប្រព័ន្នតាមដាន។

ទោះជាយ៉ាងណាក៏ដោយ អាជ្ញាធរចិនបានបេ្ដជ្ញាថា នឹងនៅតែបន្ដប្រតិបត្តិការស្វែងរកជនរងគ្រោះ ដរាបណានៅមានសង្ឈឹម បើទោះបីជាអត្រាសង្ឃឹមថាមានលទ្ធផលល្អមានតិចតួចក៏ដោយ៕

ប្រភព៖ Aljazeera

Telegram-Troryorng
Share.