រដ្ឋមន្រ្តីការបរទេសចិន លោក Wang Yi បានព្រមានថា ការបញ្ជូនអាវុធទៅអ៊ុយក្រែនមិនមែនជា ផ្លូវទៅកាន់សន្ដិភាពនោះទេ។

លោក Wang បានធ្វើការកត់សម្គាល់ពេលកំពុងធ្វើជាប្រធានតាមរយៈវីដេអូភ្ជាប់កិច្ចប្រជុំរបស់រដ្ឋមន្រ្តីការបរទេសនៃក្រុមប្រទេស BRICS ដែលមាន ប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និង អាហ្វ្រិកខាងត្បូង ជាសមាជិក កាលពីថ្ងៃព្រហស្បតិ៍។

លោក Wang ក៏បាននិយាយផងដែរថា បញ្ហាសន្តិសុខរបស់អឺរ៉ុបនឹងមិនត្រូវបានដោះស្រាយតាមរយៈទណ្ឌកម្ម ឬ ការដាក់សម្ពាធនោះទេ។ លោកថា ប្រទេសចិនគាំទ្រកិច្ចចរចាសន្តិភាពរវាងរុស្ស៊ី និង អ៊ុយក្រែន ជាមួយការជំរុញឲ្យអង្គការ NATO ក៏ដូចជាសហភាពអឺរ៉ុប ដឹកនាំកិច្ចសន្ទនាឲ្យបានគ្រប់ជ្រុងជ្រោយជាមួយរុស្ស៊ី។

លោកថា ប្រទេស BRICS គួរតែរក្សាឯករាជ្យភាពនៃប្រទេសរបស់ខ្លួន ដើម្បីសន្តិភាពរបស់អ៊ុយក្រែន។

ទាក់ទិននឹងករណីនេះ ប្រទេសចិន និង ឥណ្ឌា មិនបានរិះគន់រុស្ស៊ីចំៗចំពោះការឈ្លានពាននោះទេ។ ខណៈក្រសួងការបរទេសរុស្ស៊ីបាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា រដ្ឋមន្រ្តីការបរទេសរុស្ស៊ី លោក Sergey Lavrov បានផ្ដល់ការវាយតម្លៃរបស់ខ្លួនអំពីអ្វីដែលខ្លួនហៅថា ប្រតិបត្តិការយោធាពិសេសដែលកំពុងបន្តនៅប្រទេសអ៊ុយក្រែន៕

ប្រភព៖ NHK

Share.