ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប លោក Josep Borrell បាននិយយថា សហភាពអឺរ៉ុបកំពុងស្វែងរកការពង្រីកកិច្ចសហប្រតិបត្តិការជាមួយបណ្ដាប្រទេសអាស៊ីកណ្ដាល រួមទាំងនៅក្នុងអ្វីដែលទាក់ទងនឹងការផ្គត់ផ្គង់ថាមពល និង ការកសាងច្រករបៀងដឹកជញ្ជូនដែលមិនចាំបាច់អាស្រ័យលើប្រទេសរុស្ស៊ីទៀតទេ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នាថ្ងៃ ច័ន្ទ ទី ២១ ខែ វិច្ឆិកា ឆ្នាំ ២០២២។

លោក Borrell បានចូលរួមក្នុងសន្និសីទសហភាពអឺរ៉ុប-អាស៊ីកណ្ដាល ស្ដីពី Global Gateway ដែលប្រព្រឹត្តទៅនៅក្នុងទីក្រុង Samarkand នៃប្រទេស Uzbekistan ពីថ្ងៃទី ១៧-១៨ ខែ​ វិច្ឆិកា ដើម្បីពិភាក្សាអំពីភាពជាដៃគូក្នុងតំបន់ និង វិធានការផ្សេងៗ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការរវាងសហភាពអឺរ៉ុប និង អាស៊ីកណ្ដាលដែលបានកំណត់នៅក្នុងសហភាពអឺរ៉ុបឆ្នាំ ២០១៩។

បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចកាលពីថ្ងៃ អាទិត្យ លោក Borrell បានបង្ហោះសារថា ក្រៅពីរុស្ស៊ី ចិនក៏ដើរតួនាទីយ៉ាងសំខាន់ផងដែរនៅក្នុងតំបន់។ ការស្មើភាពគ្នា ច្បាស់ណាស់ថា តំបន់ គឺកំពុងតែសម្លឹងមើលការធ្វើពិពិធកម្មទំនាក់ទំនងរបស់ខ្លួន ហើយអាស៊ីនឹងមើលឃើញសហភាពអឺរ៉ុបជាដៃគូ និង ជាជម្រើសល្អបំផុត។

លោកបានចង្អុលបង្ហាញថា បណ្ដាប្រទេសអាស៊ីកណ្ដាល កំពុងអនុវត្តកម្មវិធីកំណែទម្រង់ផ្សេងៗ ហើយទំនាក់ទំនងក្នុងតំបន់កំពុងមានភាពប្រសើរឡើង។ ដូច្នេះក្នុងនាមជា EU យើងមានចំណាប់អារម្មណ៍ច្បាស់លាស់ក្នុងការចាប់យកការផ្លាស់ប្ដូរទាំងនេះ។ យើងត្រូវធ្វើឲ្យទំនាក់ទំនងរបស់យើងកាន់តែស៊ីជម្រៅជាមួយតំបន់ ហើយទាញយកសក្ដានុពលដ៏ធំធេង ទាក់ទងនឹងការផ្គត់ផ្គង់ថាមពល វត្ថុធាតុដើមសំខាន់ៗ និង ច្រលរបៀងដឹកជញ្ជូនថ្មី ដែលមិនពឹងផ្អែកលើប្រទេសរុស្ស៊ី។

លោក Borrell បានសង្កត់ធ្ងន់ថា សហភាពអឺរ៉ុប គឺជា ដៃគូពាណិជ្ជកម្ម និង វិនិយោគដ៏សំខាន់ នៅអាស៊ីកណ្ដាល ហើយបានវិនិយោគជាង ១០៣ពាន់លានដុល្លារ នៅក្នុងតំបន់ក្នុងរយៈពេល ១០ឆ្នាំ ចុងក្រោយនេះ។

កាលពីថ្ងៃ ព្រហស្បតិ៍ សេវាកម្មសកម្មភាពខាងក្រៅរបស់អឺរ៉ុបបាននិយាយថា EU បានចាប់ផ្ដើមគម្រោងការតភ្ជាប់ថាមពលប្រកបដោយនិរន្ដរភាពថ្មីនៅអាស៊ីកណ្ដាល (SECCA) ដែលមានតម្លៃ ៧លានដុល្លារ ក្នុងគោលបំណងបង្កើនប្រសិទ្ធភាពថាមពល និង ការលើកកម្ពស់ថាមពលកកើតឡើងវិញនៅក្នុងតំបន់។ គម្រោងនេះនឹងត្រូវបានផ្ដល់មូលនិធិដោយសហភាពអឺរ៉ុបចាប់ពីឆ្នាំ ២០២២-២០២៦ និង បំពេញបន្ថែមគំនិតផ្ដួចផ្ដើមរបស់សហភាពអឺរ៉ុប ដែលមានស្រាប់នៅក្នុងវិស័យថាមពលប្រកបដោយនិរន្តរភាព និង ការប្រែប្រួលអាកាសធាតុនៅក្នុងតំបន់ និង គម្រោងកិច្ចសហប្រតិបត្តិការទ្វេភាគីចំនួន ២០ របស់ប្លុកជាមួយបណ្ដាលប្រទេសអាស៊ីកណ្ដាល៕

ប្រភព៖ Sputnik

Share.