ក្រុមមន្រ្តីបាននិយាយថា រថយន្ដពន្លត់អគ្គីភ័យបានបុកគ្នាជាមួយយន្ដហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ LATAM នៅលើផ្លូវរត់នៃអាកាសយានដ្ឋានអន្តរជាតិ លីម៉ា កាលពីថ្ងៃ សៅរ៍ ទី ១៩ ខែ វិច្ឆិកា ឆ្នាំ ២០២២។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន BBC កាលពីល្ងាចថ្ងៃ អាទិត្យ ទី ២០ ខែ វិច្ឆិកា ឆ្នាំ ២០២២។

អ្នកពន្លត់អគ្គីភ័យ ២នាក់ បានស្លាប់កាលពីថ្ងៃ សុក្រ បន្ទាប់ពីយន្ដហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Latam Airline បានបុកជាមួយរថយន្ដពន្លត់អគ្គីភ័យ ១គ្រឿង ដែលកំពុងចូលរួមក្នុងការហ្វឹកហ្វឺននៅក្បែរនោះ បានបើកចូលទៅលើផ្លូវរត់ដោយគ្មានការអនុញ្ញាត នៅក្នុងអាកាសយានដ្ឋានអន្តរជាតិ លីម៉ា ក្នុងករណីនេះមិនបានបង្កឲ្យអ្នកដំណើរ ឬ បុគ្គលិកក្នុងយន្ដហោះបាត់បង់ជីវិតឡើយ។

យោងតាមវីដេអូតាមកាមេរ៉ាសុវត្ថិភាពបានបង្ហាញថា ជើងហោះហើរ LA2213 ដែលដំណើរការជាមួយយន្ដហោះ Airbus A320neo កំពុងហោះចេញពីអាកាសយានដ្ឋានរបស់ទីក្រុង លីម៉ា ឆ្ពោះទៅកាន់ទីក្រុង Juliaca ភាគខាងត្បូង ប្រទេស ប៉េរូ នៅពេលនោះមានរថយន្ដបើកចូលក្នុងផ្លូវរត់របស់យន្ដហោះ ហើយបុកស្លាបយន្ដហោះ។

ទាក់ទិននឹងឧប្បទ្ទវហេតុនេះ ក្រសួងសុខាភិបាលរបស់ប្រទេស ប៉េរូ បានឲ្យដឹងថា អ្នកដំណើរចំនួន ២០នាក់ បានទទួលការយកចិត្តទុកដាក់ខាងវេជ្ជសាស្រ្ត ដោយមនុស្ស ២នាក់ ក្នុងចំណោមនោះរងរបួសធ្ងន់ធ្ងរ៕

ប្រភព៖ BBC

Share.