សិល្បៈ​អន្តរជាតិ​៖ កំពូល​មហាសេដ្ឋី​លំដាប់​ពិភពលោក​ Elon Musk បាន​ប្រកាស​កាល​ពីពេល​ថ្មីៗ​នេះ​ថា​ លោ​ក​មាន​បំណង​ចង់​ទិញ​ក្រុម​ចម្រៀង​ K-Pop BTS ព្រោះ​តែ​ក្រុម​នេះ​កំពុង​តែ​ល្បីល្បាញ​និង​រក​​ចំណូល​ខ្ពស់​​ជាង​គេ​ នា​ពេល​បច្ចុប្បន្ន​។

នៅ​ក្នុង​វីដេអូ​ខ្លី​មួយ​ដែល​ត្រូវ​បាន​គេ​យក​មក​បង្ហោះ​ចែក​ចាយ​គ្នា​ រហូត​ធ្វើ​ឱ្យ​ក្រុម​ ARMY (ឈ្មោះ​ក្រុម​គាំទ្រ​ BTS) ផ្ទុះ​ប្រតិកម្ម​នោះ​គឺ​​ លោក​មហាសេដ្ឋី​អាហ្វ្រិក​ខាង​ត្បូង​ បាន​ប្រកាស​ពី​ចេតនា​ចង់​ទិញ​យក​ក្រុម​ BTS ដោយ​លោក​បាន​និយាយ​កំប្លែង​ថា លោក​ត្រូវ​​សុំ​ការ​អនុញ្ញាត​ពី​ ARMY សិន​។

ហេតុ​អ្វី​ Elon Musk ចាប់​អារម្មណ៍​ចង់​ទិញយក​ក្រុម​ BTS?

កំពូល​មហាសេដ្ឋី​រូប​នេះ​កំពុង​តែ​សម្លឹង​​រក​មើល​ការ​បណ្ដាក់​ទុន​ថ្មី​ ហើយ​លោក​ទទួល​ស្គាល់​ថា​ លោក​ចូល​ចិត្ត​ក្រុម​ BTS ប៉ុន្តែ​មូលហេតុ​ដែល​លោក​ចង់​ទិញ​នោះ​គឺ​វា​លើស​ពី​ការ​ពេញ​ចិត្ត​ផ្ទាល់​ខ្លួន​ ប៉ុន្តែ​​ក្រុម​ចម្រៀង​ K-pop មាន​ម្លៃ​ទាំង​លើ​ផ្នែក​សិល្បៈ​ និង​សេដ្ឋកិច្ច​។

ក្រុម​ចម្រៀង​ដែល​មាន​សមាជិក​ Jin, Suga, J Hope, RM, Jimin V និង​ Jungkook នេះ​​គឺជា​ក្រុម​ដែល​ល្បី​ល្បាញ​បំផុត​ក្នុង​ចំណោម​យុវវ័យ​ទូទាំង​ពិភពលោក​ ចម្រៀង​ តន្ត្រី​ និង​រូបភាព​របស់​ក្រុម​គឺ​មាន​តម្លៃ​ជា​ទី​បំផុត​។

បច្ចុប្បន្ន​ BTS ស្ថិត​ក្នុង​ Agency HYBE (អតីត​ BigHit Entertainment) ដោយ​សមាជិក​គ្រប់​រូប​មាន​ភាគ​ហ៊ុន​នៅក្នុង​ក្រុម​ហ៊ុន​ ចំណែក​កុងត្រា​របស់​ពួកគេ​នឹង​អស់​សុពលភាព​នៅ​ឆ្នាំ​២០២៧​។

តាំង​ពី​ដុត​ភ្លើង​តាម​រយៈ​ការ​បោះ​សម្ដី​ថា​ចង់​ទិញ​យក​ BTS មក​ដល់ពេល​នេះ​ Elon Musk មិន​ទាន់​ចេញ​មក​បញ្ជាក់​ឬអះអាង​ថា​លោក​នៅ​តែ​មាន​​មហិច្ឆិតា​​ចង់​ក្លាយ​ជា​ម្ចាស់​ក្រុម​ចម្រៀង​កូរ៉េ​មួយ​នេះ​​ឬក៏​យ៉ាង​ណា​នោះ​ឡើយ​។ អ្នក​ខ្លះ​បាន​លើក​យក​រឿង​នេះ​មក​វិភាគ​ថា​ លោក​គ្រាន់​តែ​និយាយ​ចោល​ប៉ុណ្ណោះ​ ដូច​កាល​ពី​លើក​មុន​ដែល​លោក​និយាយ​ថា​ចង់ទិញ​ Coke និង​ McDonald’s ប៉ុន្តែ​មិនពិត​នោះ​ឡើយ​៕

ប្រភព​៖ បរទេស អត្ថបទ៖ ស្រាវជ្រាវ

Share.