បុរស ១នាក់ដែលសម្លាប់ប្រពន្ធនៅភ្នំពេញ ហើយច្រកសាកសពដាក់ក្នុងវ៉ាលីប្លុងចោលរួចគេចមកខេត្តបាត់ដំបង ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន។

កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌបានឲ្យដឹងថា÷ ក្រោមកិច្ចសហការស្រាវជ្រាវរវាងកម្លាំងជំនាញនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌសែនសុខ និងកម្លាំងស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅថ្ងៃទី ១២ ខែមិថុនានេះសមត្ថកិច្ចបានបង្ក្រាបឃាត់ខ្លួនជនសង្ស័យបាន ម្នាក់ខណ:ព្យាយាមបន្តគេចខ្លួនមកដល់ភូមិសាស្ត្រស្រុករតន:មណ្ឌល ខេត្តបាត់ដំបង។

ជនសង្ស័យឈ្មោះសៀន ហួរ អាយុ ៥៩ឆ្នាំ ត្រូវជាប្តីរបស់ស្ត្រីជនរងគ្រោះ អាយុ ៥៧ឆ្នាំរស់នៅត្រង់ចំណុច ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

បើតាមសមត្ថកិច្ច នៅថ្ងៃកើតហេតុថ្ងៃទី ០៩ ខែមិថុនា ឆ្នាំ ២០២១ ជនសង្ស័យបានកាប់ និងវាយដោយកៅអីមកលើប្រពន្ធ រហូតដល់ស្លាប់ហើយបានកាច់ដៃជើងច្រកដាក់ក្នុងវ៉ាលីរួចដឹកយកទៅប្លុងចោលនៅមាត់ទន្លេ ក្នុងភូមិព្រែកតូច ឃុំជីរោទ៍ទី១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ រួចបានបង្វែងដានសមត្ថកិច្ចបន្តគេចខ្លួនមកស្នាក់នៅក្នុងផ្ទះសំណាក់នីឡា ឋិតក្នុងភូមិជីប៉ាង ឃុំផ្លូវមាស ស្រុករតនមណ្ឌល ខេត្តបាត់ដំបងក៏ត្រូវកម្លាំងសមត្ថកិច្ចជំនាញឃាត់ខ្លួនបានតែម្តង។

បច្ចុប្បន្នជនសង្ស័យត្រូវបាននាំខ្លួនបញ្ជូនទៅកាន់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីសាកសួរ និងប្រគល់បន្តទៅឲ្យកម្លាំងអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីចាត់ការតាមនីតិវិធី៕

អត្ថបទ៖ដំបងក្រញូង

Share.