ភ្លើងឆេះយ៉ាងសន្ធោសន្ធៅបានសម្លាប់មនុស្ស ៣៨នាក់ នៅឯក្រុមហ៊ុនលក់សារធាតុគីមី និង រោងចក្រទំនិញឧស្សាហកម្ម ក្នុងទីក្រុង Anyang ខេត្ត Henan ភាគកណ្ដាលប្រទេសចិន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន ABC News នាថ្ងៃ អង្គារ ទី ២២ ខែ វិច្ឆិកា ឆ្នាំ ២០២២។

រដ្ឋាភិបាលក្នុងតំបន់នៃទីក្រុង Anyang បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយនាថ្ងៃ អង្គារ នេះថា មនុស្ស ២នាក់ផ្សេងទៀតបានរងរបួសស្រាល និង បញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ។

អគ្គីភ័យនេះបានចាប់ផ្ដើមនៅម៉ោង ៤:៣០នាទីល្ងាច (ម៉ោងក្នុងស្រុក) កាលពីថ្ងៃ ច័ន្ទ នៅរោងចក្រ Kaixinda Trading ក្នុងតំបន់ផលិតឧបករណ៍បច្ចេកវិទ្យាខ្ពស់របស់ទីក្រុង ហើយត្រូវបានពន្លត់ទាំងស្រុងនៅម៉ោង ១១យប់ ដោយបានបញ្ជូនរថយន្ដពន្លត់អគ្គីភ័យចំនួន ៦៣គ្រឿង ទៅកាន់កន្លែងកើតហេតុ នេះបើយោងតាមការចេញផ្សាយរបស់រដ្ឋាភិបាលក្នុងតំបន់។

យោងតាមវីដេអូនៅលើទូរទស្សន៍រដ្ឋ CCTV បានបង្ហាញពីអណ្ដាតភ្លើង និង ផ្សែងខ្មួលខ្មាញហុយចេញពីអ្វីដែលមើលទៅដូចជា ឆេះចេញពីអគារ ២ជាន់ ក្រុមពន្លត់អគ្គីភ័យបានធ្វើការត្រួតពិនិត្យទៅលើគ្រោងឆ្អឹងដែលមានបន្សល់ទុកស្លាកស្នាមរបស់សំណង់នៃអគារ។

សូមជម្រាបថា គិតត្រឹមរសៀលថ្ងៃទី ២២ ខែ វិច្ឆិកានេះ មិនទាន់មានការបញ្ជាក់អំពីមូលហេតុច្បាស់លាស់ដែលបង្កជាអគ្គីភ័យ ឬ ចំនួនមនុស្សស្លាប់អាចកើនឡើងឬយ៉ាងណានៅឡើយទេ ដោយមានសេចក្ដីជូនដំណឹងថា ប៉ូលីសបានចាប់ខ្លួនជនសង្ស័យម្នាក់៕

ប្រភព៖ ABC News

Share.