ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ដែលជាធនា គាររបស់រដ្ឋ បានប្រកាសពីការបញ្ចេញទុនបន្ថែម ចំនួន១០ លានដុល្លារអាមេរិកសម្រាប់ការប្រមូលទិញស្រូវនៅកម្ពុជាបន្ទាប់ពីកសិករជាច្រើន បានជួបប្រទះនឹងបញ្ហាស្រូវធ្លាក់ថ្លៃ នារដូវប្រមូលផល ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ធនា គារអភិវឌ្ឍន៍ជនបទ និងកសិកម្មស្តីពីការ ផ្តល់ថវិកាបន្ថែមស ម្រាប់ការប្រមូលទិញស្រូវនៅកម្ពុជា នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២។ 

សេចក្ដីប្រកាសព័ត៌មានបានឲ្យដឹងថា​ ដើម្បីជំរុញការប្រមូលទិញស្រូវ និងជួយរក្សាស្ថិរភាពតម្លៃស្រូវជូនប្រជាកសិករ រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាសេនាធិការ បានគិតគូរយ៉ាងយកចិត្តទុកដាក់ខ្ពស់និងបានសម្រេចផ្តល់ថវិកាបន្ថែមចំនួន ១០លាន ដុល្លារអាមេរិក លើមូលនិធិសម្រាប់ទិញស្រូវចំនួន ៨៣លានដុល្លារអាមេរិក តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម សម្រាប់គាំទ្រដល់រោងម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុនកែច្នៃនាំចេញអង្ករក្នុងការប្រមូលទិញស្រូវពីប្រជាកសិករតាមតម្លៃសមស្របជៀសវៀងការទិញទម្លាក់ថ្លៃពីឈ្មួញខិលខូចមួយចំនួន។

ដោយរយៈពេលប៉ុន្នានថ្ងៃនេះតម្លៃស្រូវមានការប្រែប្រួលនៅតាមបណ្តារខេត្តផលិតស្រូវមួយចំនួន ពិសេសខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ ដែលបណ្តាលមកពីរដូវប្រមូលផលធំ ហើយមានការច្រូតកាត់ព្រមគ្នាជាហេតុធ្វើឱ្យបរិមាណស្រូវដែលត្រូវលក់មានចំនួនច្រើនក្នុងពេលតែមួយ។

កត្តាទាំងនេះបានធ្វើឲ្យរោងម៉ាស៊ីនកិនស្រូវពុំអាចប្រមូលទិញស្រូវទាំងអស់នោះបាន ដែលនាំឱ្យតម្លៃស្រូវមានការប្រែប្រួលធ្លាក់ចុះ បើធៀបទៅនឹងដើមរដូវ។

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម សូមអំពាវនាវ ឱ្យប្រជាកសិករតាមតំបន់ដែលត្រូវប្រមូលផលស្រូវ សូមដាក់កម្មវិធីច្រូតកាត់ជាមួយរោងម៉ាស៊ីនកិនស្រូវនៅក្នុងតំបន់របស់ខ្លួន ដើម្បីជៀសវៀងការប្រមូលផលក្នុងពេលតែមួយព្រមគ្នា ដែលអាចបណ្តាលឱ្យមានការបង្អាប់ថ្លៃស្រូវ។

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម សូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះ សមាជិកសហព័ន្ធស្រូវ-អង្ករ កម្ពុជា (Cambodia Rice Federation) ដែលបានជួយទិញស្រូវ ពីប្រជាកសិករក្នុងតម្លៃសមរម្យនាពេលកន្លងមក និងជួយទិញបន្តទៀត៕

Share.