ប៉ូលីសបាននិយាយថា យ៉ាងហោចណាស់មនុស្សម្នាក់បានស្លាប់ និង ៣០នាក់ទៀតរងរបួស នៅពេលដែលគ្រាប់បែកក្នុងរថយន្ដ១ បានផ្ទុះនៅខាងក្នុងបរិវេណប៉ូលីសមួយកន្លែងនៅភាគខាងត្បូងប្រទេសថៃ នៅថ្ងៃ អង្គារ នេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Aljazeera នាល្ងាចថ្ងៃ អង្គារ ទី ២៣ ខែ វិច្ឆិកា ឆ្នាំ ២០២២។

យោងតាមអភិបាលខេត្ត Narathiwat លោក Sanan Pongaksorn បាននិយាយថា ការផ្ទុះកាលពីថ្ងៃ អង្គារ បានផ្ទុះចេញពីក្នុងរថយន្ដ ១គ្រឿងភ្លាមៗ បន្ទាប់ពីជនសង្ស័យម្នាក់បានបើករថយន្ដចូលទៅក្នុងកន្លែងស្នាក់នៅរបស់ប៉ូលីស។ លោកអភិបាលខេត្តបានបន្ថែមថា ប៉ូលីសកំពុងពិនិត្យមើលវីដេអូកាមេរ៉ាសុវត្ថិភាព ដើម្បីកំណត់អត្តសញ្ញាណជនសង្ស័យ។

លោកវរសេនីយ៍ទោ Nitti Soksan ស្នងការរងនគរបាលខេត្ត Narathiwat បានបញ្ជាក់ថា «វាជាការបំផ្ទុះរថយន្ដ យើងកំពុងបោសសម្អាតតំបន់នោះ ហើយចំនួនអ្នករងរបួសអាចនឹងកើនឡើង»។

លោក Pornprasit Jantra ប្រធានមន្ទីរពេទ្យ Narathiwat Rajanagarindra បានឲ្យដឹងថា អ្នកស្លាប់គឺជា មន្រ្តីប៉ូលីស ខណៈដែលអ្នករងរបួសមានទាំងជនស៊ីវិល និង មន្រ្តីប៉ូលីស។

ថ្វីត្បិតតែខាងមន្រ្តីប៉ូលីសកំពុងព្យាយាមកំណត់អត្តសញ្ញាណជនសង្ស័យយ៉ាងណាក៏ដោយ មកទល់ពេលនេះ គ្មាននរណាម្នាក់ចេញមុខអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះទេ។

យ៉ាងណាម៉ិញ ការបំផ្ទុះ និង ហេតុការណ៍អគ្គីភ័យជាច្រើនលើក បានកើតឡើងនៅភាគខាងត្បូងប្រទេសថៃ ក្នុងខែ សីហា ដែលទំនងជាការបះបោរចម្រុះគ្នា បណ្ដាលឲ្យមនុស្ស ៧នាក់រងរបួស។ ចាប់តាំងពីឆ្នាំ ២០០៣ មនុស្សជាង ៧,៣០០នាក់ ត្រូវបានសម្លាប់នៅក្នុងជម្លោះ នេះបើយោងតាម Southern Deep Watch ដែលឃ្លាំមើលអំពើហិង្សានេះ។ ក្រោយមកក៏មានការចរចាសន្ដិភាពដែរ ដោយចាប់ផ្ដើមក្នុងឆ្នាំ ២០១៣ ប៉ុន្ដែបានជាប់គាំងជាបន្ដបន្ទាប់៕

ប្រភព៖ Aljazeera

Share.