អង្គការសុខភាពពិភពលោកបានព្រមានថា មនុស្សរាប់លាននាក់ក្នុងប្រទេស អ៊ុយក្រែន ប្រឈមមុខនឹងរដូវរងា ដែលគំរាមកំហែងដល់អាយុជីវិតនៅឆ្នាំនេះ ខណៈដែលប្រទេស រុស្ស៊ី នៅតែបន្ដកម្ទេចខូចហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែន មុនពេលរដូងរងាចូលមកដល់។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Aljazeera នាថ្ងៃ អង្គារ ទី ២២ ខែ វិច្ឆិកា ឆ្នាំ ២០២២។

រយៈពេលប៉ុន្មានសប្ដាហ៍ថ្មីៗនេះ ប្រទេស រុស្ស៊ី បានកំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធថាមពលអគ្គិសនី ដោយប្រើមីស៊ីល និង យន្ដហឡោះគ្មានមនុស្សបើកដើម្បីការវាយប្រហារទីតាំងសំខាន់ៗ រួមមានស្ថានីយ៍ទឹក និង អគ្គិសនី ដែលធ្វើឲ្យផ្ទះសម្បែងទូទាំងប្រទេសគ្មានថាមពលប្រើប្រាស់ ខណៈរដូវរងាបានឈានចូលមកដល់ ដែលជាការបន្ថែមវិបត្តិសុខភាពដល់ប្រជាជន។

លោក Hans Henri Pluge នាយកប្រចាំតំបន់នៅទ្វីបអឺរ៉ុប របស់អង្គការសុខភាពពិភពលោក បានមានប្រសាសន៍ថា «ពាក់កណ្ដាលនៃហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែន បានខូចខាត ឬ បំផ្លាញ។ ហេតុការណ៍ទាំងនេះកំពុងជះឥទ្ធិពលលើប្រព័ន្ធសុខភាពប្រជាជនរួចទៅហើយ»។

លោកបានព្រមាននៅក្នុងសន្និសីទសារព័ត៌មានក្នុងទីក្រុង Kyiv ថា «រដូវរងានេះនឹងពាក់ព័ន្ធជាមួយការរស់រានមានជីវិត។ បច្ចុប្បន្ន ប្រជាជនអ៊ុយក្រែនចំនួន ១០លាននាក់ គ្មានថាមពលប្រើប្រាស់»។

អង្គការសុខភាពពិភពលោក បានព្យាករណ៍ថា ប្រជាជនអ៊ុយក្រែនរហូតដល់ទៅ ៣លាននាក់ អាចចាកចេញពីផ្ទះរបស់ពួកគេ ដើម្បីស្វែងរកភាពកក់ក្ដៅ និង សុវត្ថិភាព ខណៈសីតុណ្ហភាពត្រូវបានគេព្យាករណ៍ថា នឹងធ្លាក់ចុះដល់ -២០អង្សាសេ នៅក្នុងតំបន់មួយចំនួននៃប្រទេស។

លោក Hans បាននិយាយថា «វិបត្តិថាមពលបានបង្កការបំផ្លិចបំផ្លាញសុខភាពផ្លូវចិត្ត និង ហានិភ័យនៃការឆ្លងមេរោគ ធ្វើឲ្យរដូវរងានេះក្លាយជាការធ្វើតេស្ដដ៏គួរឲ្យភ័យខ្លាចសម្រាប់ប្រព័ន្ធសុខភាពប្រជាជនអ៊ុយក្រែន»។ លោកបន្ថែមថា «ពួកគេនឹងប្រឈមមុខនឹងបញ្ហាសុខភាព ពិសេសរួមទាំងការឆ្លងមេរោគផ្លូវដង្ហើម ដូចជា៖ ជំងឺកូវីដ១៩ ជំងឺរលាកសួត គ្រុនផ្ដាសាយ និង ហានិភ័យធ្ងន់ធ្ងរនៃជំងឺខាន់ស្លាក និង កញ្រឹ្ជល ចំពោះប្រជាជនដែលមិនទាន់ចាក់វ៉ាក់សាំងបង្ការមេរោគ»។

WHO បានកត់ត្រាការវាយប្រហារជាង ៧០០លើហេដ្ឋារចនាសម្ព័ន្ធសុខភាព ដោយកាលពីសប្ដាហ៍មុន រុស្ស៊ីបានវាយប្រហារទៅលើស្ថានីយ៍ថាមពលបន្ថែមទៀត នៅក្នុងការទម្លាក់គ្រាប់បែកទ្រង់ទ្រាយធំបំផុតមួយ ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនកាលពីចុងខែ កុម្ភៈ៕

ប្រភព៖ Aljazeera

Share.