ក្រុមអ្នកជួយសង្រ្គោះក្នុងប្រទេស ឥណ្ឌូនេស៊ី បានយកក្មេងប្រុសអាយុ ៦ឆ្នាំម្នាក់ ចេញពីគំនរបាក់បែកនៃផ្ទះដែលដួលរលំក្នុងហេតុការណ៍រញ្ជួយដីស្ថិតនៅទីក្រុង Cianjur ភាគខាងលិច កោះជ្វា។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន NHK នាថ្ងៃ ព្រហស្បតិ៍ ទី ២៤ ខែ វិច្ឆិកា ឆ្នាំ ២០២២។

គ្រោះរញ្ជួយដីកម្រិត ៥.៦រ៉ិចទ័រ បានវាយប្រហារភាគខាងលិច ខេត្ត ជ្វា។ ទីភ្នាក់ងារគ្រោះមហន្តរាយជាតិរបស់ប្រទេសនេះ បានបញ្ជាក់ពីការស្លាប់ចំនួន ២៧១នាក់ ប៉ុន្ដែអាជ្ញាធរក្នុងតំបន់រំពឹងថា ចំនួនអ្នកស្លាប់អាចនឹងកើនឡើងបន្ថែមទៀត ដោយសារតែកន្លែងកើតហេតុជាតំបន់ដាច់ស្រយាលមួយ ហើយភ្លៀងធ្លាក់ខ្លាំងបានរារាំងដល់កិច្ចខិតខំប្រឹងប្រែងជួយសង្រ្គោះ។ មនុស្ស ៤០នាក់ផ្សេងទៀត ត្រូវបានគេរាយការណ៍ថា បានបាត់ខ្លួន ខណៈមនុស្សប្រហែល ២,០០០នាក់ទៀតបានរងរបួស។

យោងតាមបងប្អូនជីដូនមួយរបស់ក្មេងប្រុសរងគ្រោះបានឲ្យដឹងថា ការរញ្ជួយដីនេះហាក់ដូចជាបានវាយប្រហារនៅពេលដែលក្មេងប្រុសនេះកំំពុងមើលទូរទស្សន៍នៅក្នុងផ្ទះ។ នៅក្នុងផ្ទះមានមនុស្ស ៥នាក់ ប៉ុន្ដែមានមនុស្សតែ ៣នាក់ប៉ុណ្ណោះបានរួចជីវិតពីហេតុការណ៍ដ៏រន្ធត់នេះ។

ក្មេងប្រុសដែលនៅរស់រានមានជីវិតមានឈ្មោះថា Azka Maulana Malik បានជាប់គាំងនៅក្នុងគំនរបាក់បែកអស់រយៈពេល ២ថ្ងៃ ហើយត្រូវបានរកឃើញនៅក្បែរសាកសពជីដូនរបស់គេដែលបានស្លាប់។

មន្រ្តីម្នាក់បាននិយាយថា អ្នករងរបួសទាំងអស់ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យដ៏ធំរបស់ទីក្រុង Cianjur ខណៈអ្នករងរបួសធ្ងន់ធ្ងរកំពុងត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យផ្សេងទៀត ដោយសារតែមន្ទីរពេទ្យនេះមិនអាចទទួលព្យាបាលមនុស្សច្រើនលើសលប់ពេកនោះទេ។

សូមជម្រាបថា គ្រោះរញ្ជួយដីនេះ គឺបានបណ្ដាលឲ្យមនុស្សស្លាប់ច្រើនជាងគេបំផុត នៅក្នុងប្រទេសឥណ្ឌូនេស៊ី គិតចាប់តាំងពីឆ្នាំ ២០១៨ ជាពេលដែលការរញ្ជួយដីកម្រិត ៧.៥រ៉ិចទ័រ បានវាយប្រហារទីក្រុង Palu ក្នុងខេត្ត Sulawesi បង្កឲ្យមានរលកយក្សស៊ូណាមិ ការរអិលបាក់ដី សម្លាប់មនុស្សជាង ៤,០០០នាក់៕

ប្រភព៖ NHK

Share.