នាយករដ្ឋមន្ត្រី​កម្ពុជា ប្រតិកម្ម​ខ្លាំង​ៗ ចំពោះ​ការ​លើក​ឡើង​របស់​លោក សម រង្សី អ្នក​នយោបាយ​ជាប់​ពិរុទ្ធ ដែល​កំពុង​ភៀស​ខ្លួន​ទៅ​នៅ​ក្រៅ​ប្រទេស ដោយ​លោក សម រង្សី លើក​ឡើង​ថា​ គម្រោង​ព្រែក​ជីក​ហ្វូណន​តេជោ​អាច​នាំ​មក​នូវ​គ្រោះ​ថ្នាក់​ដ៏​ធ្ងន់ធ្ងរ​ដល់​បរិស្ថាន ជីវភាព​រស់​នៅ​ប្រជាពលរដ្ឋ​ខ្មែរ និង​បម្រើ​ផលប្រយោជន៍​យុទ្ធសាស្ត្រ​របស់​ចិន​កុម្មុយនិស្ត ដែល​ត្រូវ​ការ​ពង្រឹង​ឥទ្ធិពល​របស់​ខ្លួន​។ សម្ដេច​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា​ប្រតិកម្ម​តប​នឹង​ការ​លើកឡើង​នេះ​ថា តើ​អ្នក​នយោបាយ​ចាស់​វស្សា​ម្នាក់​នេះ (​លោក សម រង្ស៊ី​) ជា​មនុស្ស​ល្ងង់ ឬ​ជា​មនុស្ស​ចេះ​ធ្វើ​ល្ងង់​?

ជុំ​វិញ​នឹង​ការ​លើក​ឡើង​របស់​លោក សម រង្សី នេះ ប្រជាពលរដ្ឋ​ខ្មែរ​ក៏​សម្ដែង​នូវ​ការ​មិន​ពេញចិត្ត និង​ហួសចិត្ត​ផង​ដែរ ដែល​លោក​ធ្លាប់​អួត​ខ្លួន​ក្ដែងៗ​ថា ស្នេហា​ជាតិ និង​ចង់​ឃើញ​ជាតិ​មាន​ការ​រីកចម្រើន បែរ​ជា​ប្រឆាំង​នឹង​ការអភិឌ្ឍ​ទៅ​វិញ ខណៈ​បរទេស​ខ្លះ​កំពុង​រិះរក​គ្រប់​មធ្យោបាយ​ដើម្បី​ប្រឆាំង​នឹង​គម្រោង​នេះ​ដែរ​។

កាលពីថ្ងៃទី២៤ ខែ​មេសា ឆ្នាំ ២០២៣ កន្លងទៅ លោក សម រង្ស៊ី លើក​ឡើង​ក្នុង​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន ជា​ភាសា​ខ្មែរ​ផង អង់គ្លេស​ផង និង​បារាំង​ផង ដោយ​មាន​សេចក្ដី​ថា «​គម្រោង​ជីក​ព្រែក ភ្ជាប់​ទី​ក្រុង​ភ្នំពេញ ទៅ​ដល់​សមុទ្រ អាច​នាំ​មក​គ្រោះថ្នាក់​ដ៏​ធ្ងន់ធ្ងរ ដល់​បរិស្ថាន និង​ជីវភាព​រស់​នៅ ប្រជាពលរដ្ឋ​ខ្មែរ​។ របប ហ៊ុន សែន បាន​សម្រេច​ធ្វើ​តាម​សំណើ​ចិន​កុម្មុយនិស្ត យ៉ាង​តក់ក្រហល់ និង​គ្មាន​ស្មារតី​ទទួល​ខុស​ត្រូវ ឲ្យ​ជីក​ព្រែក​បែប​នេះ ដោយ​មិន​ទាន់​បាន​ធ្វើ​ការ​សិក្សា គ្រប់​ជ្រុងជ្រោយ​នៅ​ឡើយ​។ បំណង​ធំ នៃ​ព្រែក​នេះ មិន​មែន​បម្រើ​ផល​ប្រយោជន៍​សេដ្ឋកិច្ច ប្រទេស​កម្ពុជា​ទេ តែ​បម្រើ​ផលប្រយោជន៍​យុទ្ធសាស្ត្រ​របស់​ចិន​កុម្មុយនិស្ត ដែល​ត្រូវ​ការ​ពង្រឹង​ឥទ្ធិពល​របស់​ខ្លួន ទៅ​ដល់​ឈូង​សមុទ្រ​ថៃ ដោយ​ឆ្លង​កាត់​ប្រទេស​លាវ និង​ប្រទេស​កម្ពុជា ដែល​ស្ថិត​ក្រោម​ឥទ្ធិពល​ប្រទេស​ចិន រួច​ទៅ​ហើយ​»។

លោក​ក៏​បាន​បន្ថែម​ថា «​មូលដ្ឋាន​សឹក​របស់​ចិន​នៅ​រាម ក៏​ជា​ឈ្នាន់ ដើម្បី​បម្រើ​នយោបាយ​វាតទី​និយម​របស់​ចិន​។ របប ហ៊ុន សែន និង ហ៊ុន ម៉ាណែត អាច​នាំ​មក​គ្រោះថ្នាក់​ឲ្យ​ប្រទេស​កម្ពុជា ដូច​កាល​ពី​សម័យ ប៉ុល ពត ដែល​បាន​ទៅ​អែប​ប្រទេស​ចិន ដើម្បី​ឲ្យ​ចិន ជួយ​ការពារ​អំណាច​ផ្ដាច់ការ​របស់​ខ្លួន​»​

ដោយ​មើល​ឃើញ​នូវ​ចេតនា​មិន​ល្អ និង​តែង​បង្ក​ជា​ទស្សន​អគតិ ជ្រុល​និយម​ទៅ​រក​បរទេស​នោះ សម្ដេចធិបតី នាយករដ្ឋមន្ត្រី​កម្ពុជា បាន​បញ្ចេញ​ប្រតិកម្ម​តប​តាម​រយៈ​សំណេរ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវ​ការ​របស់​លោក​ថា «​តើ​អ្នក​នយោបាយ​ចាស់​វស្សា​ម្នាក់​នេះ ជា​មនុស្ស​ល្ងង់ ឬ​ជា​មនុស្ស​ចេះ​ធ្វើ​ល្ងង់ !

ប្រជាជន​កម្ពុជា​មួយ​ប្រទេស​បាន​យល់​អំពី​អត្ថប្រយោជន៍​ចំពោះ​សេដ្ឋកិច្ច និង​សង្គម​ជាតិ​កម្ពុជា ដែល​គម្រោង​ព្រែក​ជីក​ហ្វូណន​តេជោ និង​ផ្ដល់​ឲ្យ​សម្រាប់​ប្រទេស​និង​ប្រជាជន​ខ្មែរ​។ ប៉ុន្តែ​បែរ​ជា សម រង្សី ដែល​ជា​អ្នក​នយោបាយ​ចាស់​វស្សា​ដែល​តែង​តែ​តាំង​ខ្លួន​ជា​អ្នក​ស្រលាញ់​ជាតិ មិន​មាន​សមត្ថភាព​ក្នុង​ការ​មើល​ឃើញ ឬ​ទទួល​ស្គាល់​នូវ​អ្វី​ដែល​ល្អ​សម្រាប់​ខ្មែរ​ទៅ​វិញ​។

តើ​គាត់​ជា​មនុស្ស​ល្ងង់​ពិត​ប្រាកដ ឬ​ជា​មនុស្ស​ចេះ​ប៉ុន្តែ​ចេះ​ល្ងង់​។ ជា​មនុស្ស​ប្រឆាំង ដើម្បី​ប្រឆាំង​។ ប្រឆាំង​គ្មាន​រើស​ពេលវេលា ឬ​ប្រធានបទ​។ ប្រឆាំង​សូម្បី​តែ​សមិទ្ធផល​សម្រាប់​ជាតិ និង​ប្រជាជន​ខ្មែរ​ខ្លួន​ឯង​ក៏​ដោយ​»​

លោក​ក៏​បាន​សម្ដែង​ការ​ហួស​ចិត្ត​ចំពោះ​អ្វី​ដែល​លោក​សម រង្សី​លើក​ឡើង​ថា «​សូម្បី​តែ​ភូមិសាស្ត្រ ពាក់ព័ន្ធ​នឹង​ខេត្ត​ដែល​គម្រោង​នេះ​នឹង​តភ្ជាប់ ក៏​គាត់​ក្ដាប់​មិន​បាន និយាយ​មិន​ត្រូវ​ផង​…​លោក​ម្ចាស់​អើយ​»​

សម្ដេច​តេជោ ហ៊ុន សែន អតីត​នាយក​រដ្ឋមន្ត្រី និង​ប្រធាន​ព្រឹទ្ធសភា ដែល​ជា​អ្នក​ផ្ដួចផ្ដើម​គម្រោង​ព្រែក​ជីក​ហ្វូណតេជោ​ធ្លាប់​បាន​លើក​ឡើង​កាល​ពី​ពេល​កន្លង​ទៅ​ថា ព្រែកជីក តេជោ​ហ្វូណន គឺ​ជា​ផលប្រយោជន៍​សេដ្ឋកិច្ច​សង្គម​សុទ្ធសាធ ដែល​វា​ជួយ​ឲ្យ​កម្ពុជា​ទិសនិរតី មាន​ផ្លូវ​ទឹក​ដឹក​ជញ្ជូន​ទៅ​កាន់​សមុទ្រ​បន្ថែម​លើ​ផ្លូវ​ដឹក​ជញ្ជូន​តាម​ដង​ទន្លេ​មេគង្គ ដែល​មាន​ស្រាប់​។ ជួយ​ឲ្យ​ប្រជាជន​នៅ​តាម​ព្រែក​នេះ​មាន​ទឹក​ប្រើប្រាស់​សម្រាប់​បង្កបង្កើន​ផល ជួយ​រំដោះ​ទឹក​ជំនន់​ក្នុង​រដូវ​វស្សា។ល។

ចំណែក​លោក​បណ្ឌិត គី សិរីវឌ្ឍន៍ អ្នក​ជំនាញ​សេដ្ឋកិច្ច បាន​លើក​ឡើង​ក្នុង​វេទិកា​ជជែក​ពិភាក្សា រៀបចំ​ឡើង​ដោយ​សារព័ត៌មាន​កម្ពុជា​ថ្មី កាល​ពី​ថ្ងៃ​ទី ២៥ ខែ​មេសា ឆ្នាំ ២០២៤ អំពី​ប្រយោជន៍​សេដ្ឋកិច្ច​សម្រាប់​កម្ពុជា​នៅ​ពេល​ដែល​គម្រោង​ព្រែក​ជីក​ហ្វូណន​សម្រេច​ជា​ស្ថាពរ ដែល​ក្នុង​នោះ​រួម​មាន​៖ ទី១ បង្កើន​នូវ​ឧត្ដមភាព​នៃ​ការ​ប្រកួត​ប្រជែង​លើ​ទីផ្សារ​អន្តរជាតិ តាម​រយៈ​កាត់​បន្ថយ​ថ្លៃ​ដើម​ក្នុង​ការ​ដឹក​ជញ្ជូន និង​ការ​នាំ​ចេញ​។ ទី​២ សម្រួល​ដល់​ការ​ដឹកជញ្ជូន​កសិផល និង​ផលិតផល​កសិកម្ម​។ ទី​៣ ជា​អាង​ផ្ទុក​ទឹក ដែល​អាច​បម្រើ​ដល់​កសិកម្ម និង​ជា​ផ្លូវ​រំដោះ​ទឹក​ជំនន់​។ ទី​៤ ជំរុញ​ឲ្យ​មាន​ទី​តាំង​ទេសចរណ៍​កាន់​តែ​ច្រើន និង​បង្កើត​ឱកាស​រកស៊ី​នៅ​ក្នុង​តំបន់​។ ទី​៥ បង្កើត​នូវ​សុទិដ្ឋិនិយម​ដល់​ប្រជាពលរដ្ឋ​ឲ្យ​មើល​ឃើញ​ថា កម្ពុជា​នឹង​លែង​រស់​ដោយ​ខ្ចី​ដង្ហើម​គេ​ដក​ទៀត​ហើយ យើង​មាន​ដង្ហើម​សេដ្ឋកិច្ច​ខ្លួនឯង និង​ខិតខំ​បង្កើន​ផលិតផល ដើម្បី​ប្រកួត​ប្រជែង​ក្នុង​ទីផ្សារ​។

ចំពោះ​ការ​លើក​ឡើង​ពាក់ព័ន្ធ​នឹង ព្រែក​ជីក​ហ្វូណន​ជា​គម្រោង​យុទ្ធសាស្ត្រ​ផ្លូវ​ទឹក​សម្រាប់​កង​ទ័ព​ចិន វា​ជា​រឿង​មួយ​ដ៏​ឆោត​ល្ងង់ និង​គ្មាន​ហេតុផល​សោះ​ឡើយ​។ អ្នក​ជំនាញ​ភូមិសាស្ត្រ​នយោបាយ ក៏​ដូច​ជា​ថ្នាក់​ដឹក​នាំ​កំពូលៗ​របស់​កម្ពុជា ធ្លាប់​បាន​ពន្យល់​ម្ដង​ហើយ​ម្ដង​ទៀត ដោយ​លើក​យក​ទឡ្ហីករណ៍​ដ៏​រឹងមាំ​មក​បញ្ជាក់​ថា ន​ហេតុផល​ណា​មួយ ដែល​ថា​ព្រែ​ជីក​ហ្វូណន​តេជោ បម្រើ​ឲ្យ​ការ​ចល័ត​កងទ័ព​បរទេស​នៅ​លើ​ទឹក​ដី​ខ្មែរ​នោះ​ទេ​។ ដូច​សម្ដេច​តេជោហ៊ុន សែន ធ្លាប់​ចោទ​សួរ​ថា តើ​កម្ពុជា​ឆោត​ល្ងង់ រហូត​ដល់​យក​កងទ័ព​ចិន​មក​នៅ​ក្នុង​ប្រទេស​របស់​ខ្លួន ដែល​វា​ផ្ទុយ​ជា​មួយ​រដ្ឋធម្មនុញ្ញ​របស់​ខ្លួន​ឬ​? និង តើ​ចិន​ឆោត​ល្ងង់​រហូត​យក​កង​ទ័ព​ខ្លួន​មក​នៅ​កម្ពុជា ដែល​វា​ផ្ទុយ​ជា​មួយ​គោលការណ៍​គោរព​ឯករាជ្យ​កម្ពុជា ពី​សំណាក់​ចិន​ឬ​?

លោក​បញ្ជាក់​បន្ថែម​ថា ក្រៅ​ពី​មាត្រា៥៣ នៃ​រដ្ឋធម្មនុញ្ញ ដែល​ហាម​ឃាត់​មិន​ឲ្យ​កម្ពុជា មាន​មូលដ្ឋាន​យោធា​បរទេស​លើ​ទឹក​ដី​របស់​ខ្លួន នៅ​មាន​មាត្រា​៥៥ បាន​ចែង​យ៉ាង​ច្បាស់​ថា សន្ធិសញ្ញា និង​កិច្ច​ព្រមព្រៀង​ទាំង​ឡាយ​ណា ដែល​មិន​ស្រប​នឹង​ឯករាជ្យ​អធិបតេយ្យ​បូរណភាព​ទឹកដី អព្យាក្រឹតភាព និង​ឯកភាព​ជាតិ​របស់​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវ​លុប​ចោល​។ ចំណុច​នេះ​បាន​បញ្ជាក់​ច្បាស់​ថា គ្មាន​កិច្ច​ព្រមព្រៀង​ណា​មួយ​អនុវត្ត​បាន​ទេ ប្រសិន​វា​មិន​ស្រប​ជា​មួយ​ឯករាជ្យ អធិបតេយ្យ​កម្ពុជា ព្រោះ​រដ្ឋធម្មនុញ្ញ​បាន​លុបចោល​រួច​ទៅ​ហើយ​។

សូម​បញ្ជាក់​ថា ផ្លូវ​ទឹក​ថ្មី​ទៅ​កាន់​សមុទ្រ​នេះ មាន​ប្រវែង ១៨០គីឡូ ម៉ែត្រ ចាប់​ពី​ព្រែក​តាកែវ នៃ​ទន្លេ មេគង្គ ឆ្លង​កាត់​តាម​ព្រែក​តាឯក នៃ​ទន្លេ​បាសាក់ ចូល​តាម​ព្រែក​តាហ៊ីង​នៃ​ទន្លេ​បាសាក់ ស្រុក​កោះ​ធំ និង​បន្ត​រហូត​ដល់​សមុទ្រ ខេត្ត​កែប ដោយ​ឆ្លង​កាត់​ខេត្ត ៤ រួមមាន៖ ខេត្ត​កណ្ដាល តាកែវ កំពត និង​ខេត្ត​កែប ដែល​មាន​ប្រជាជន​សរុប​ប្រមាណ ១.៦​លាន​នាក់ រស់​នៅ​អម​សង​ខាង​ផ្លូវ​ទឹក​នេះ​។ ផ្លូវ​ទឹក​នេះ មាន​ទទឹង​មុខ​កាត់​ផ្នែក​ខាង​លើ ប្រវែង ១០០ម៉ែត្រ និង​មុខ​កាត់​ផ្នែក​ខាង​ក្រោម ប្រមាណ ៨០ម៉ែត្រ និង​ជម្រៅ​ទឹក​ប្រមាណ ៥.៤​ម៉ែត្រ ( ជម្រៅ​នាវាចរណ៍ ៤.៧ម៉ែត្រ និង​គម្លាត​សុវត្ថិភាព ០.៧​ម៉ែត្រ​) មាន​គន្លង​នាវាចរណ៍ ចំនួន ២​គន្លង អាច​ចេញ​-​ចូល និង​ចៀស​គ្នា​បាន​ដោយ​សុវត្ថិភាព​៕

អត្ថបទ៖ ឈិន ធារ៉ាត់

Share.