ត្បូងឃ្មុំ៖ រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានអញ្ជើញជាអធិបតីបើកការដ្ឋានស្ដារឡើងវិញផ្លូវជនបទ ក្រាលបេតុងមួយខ្សែប្រវែង ១១,៥០ គីឡូម៉ែត្រជាចំណងដៃថ្មីមួយដែលរាជរដ្ឋាភិបាលផ្ដល់ជូន តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងបរិវេណសាលា បឋមសិក្សាក្ដុលលើ ភូមិក្ដុលលើ ឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។

ឯកឧត្ដម គង់ ភឿន ទីប្រឹក្សាក្រសួង និងជាប្រធាននាយកដ្ឋានផ្លូវលំជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទ បានធ្វើរបាយការណ៍ថា ផ្លូវបេតុងដែលកំពុងប្រារព្ធពិធីស្ដារឡើងវិញនាពេលនេះ មានប្រវែង ១១ គីឡូ និង ៥០០ ម៉ែត្រ ទទឹង ៨ ម៉ែត្រ មានចិញ្ចើមផ្លូវ១ ម៉ែត្រ អមសងខាងផ្លូវ ដែលមានទីតាំងតភ្ជាប់ពីឃុំទ្រា រហូតទៅដល់ឃុំក្រូចឆ្មារ ត្រង់ចំណុចស្ពានព្រែកតាឌួង ក្នុងភូមិសាស្រ្ដស្រុកក្រូចឆ្មារ ស្ថិតនៅតាមបណ្ដោយដងទន្លេមេគង្គ។

ឯកឧត្ដម បានបន្តថា នៅឆ្នាំ២០១២ ផ្លូវនេះត្រូវបានស្ថាបនាដោយក្រាលកៅស៊ូ ក្រោមហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី មានទទឺងប្រវែង ៥ ម៉ែត្រប៉ុណ្ណោះ មានស្ថានភាពតូចចង្អៀត មានចរាចរច្រើន រួមទាំងការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ផងនោះ ធ្វើឲ្យផ្លូវនេះទទួលរងការខូចខាត។ ការស្ដារឡើងវិញកំណាត់ផ្លូវនេះគឺស្របពេលដែលកំណាត់ផ្លូវបេតុងចាប់ពីគល់ស្ពានគីហ្សុណាមកដល់ភូមិសាស្រ្ដឃុំទ្រា បានសាងសង់រួច និងមានទំហំធំរួចជាស្រេច ។


ជាមួយគ្នានោះ ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ក៏បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ចំពោះបងប្អូនប្រជាពលរដ្ឋនៅក្នុងស្រុកក្រូចឆ្មារ និងបានសុំការយោគយល់ចំពោះបងប្អូនប្រជាពលរដ្ឋ ដែលមានគេហដ្ឋាន ឬធ្វើដំណើរលើផ្លូវនេះ អាចនឹងជួបការលំបាក ឬហុយធូលីដីជាដើម នៅពេលផ្លូវនេះកំពុងស្ថាបនា ប៉ុន្តែនៅពេលស្ថាបនារួច ច្បាស់ណាស់បងប្អូនប្រជាពលរដ្ឋ នឹងមានភាពងាយស្រួលក្នុងការធ្វើដំណើរជាក់ជាមិនខាន។

ឯកឧត្ដមបណ្ឌិតសភាចារ្យបានបន្តថា ក្រសួងអភិវឌ្ឍន៍ជនបទបានកំណត់គោលបំណងគោលនយោបាយអភិវឌ្ឍន៍ផ្លូវជនបទ ថានៅឆ្នាំ២០៣០ គ្រប់ភូមិ ឃុំ ត្រូវបានតភ្ជាប់ មានផ្លូវប្រើប្រាស់គ្រប់គ្រាន់ និងយ៉ាងហោចណាស់ក៏បាន ៧៥% ដែរនៅក្នុងភូមិទូទាំងប្រទេសមានផ្លូវប្រើប្រាស់គ្រប់រដូវកាល។


សូមបញ្ជាក់ថា នេះជាគម្រោងរបស់រាជរដ្ឋាភិបាល ដោយប្រើប្រាស់ថវិកាជាតិ ត្រូវប្រើប្រាស់រយៈពេលសាងសង់ ២៥ខែ ដោយគិតចាប់ពីថ្ងៃបើកការដ្ឋាននេះរហូតដល់ខែធ្នូ ឆ្នាំ២០២៤ ដោយទទួលកិច្ចសន្យាស្ដារឡើងវិញដោយនាយកដ្ឋានកងវិស្វកម្មក្រសួងការពារជាតិ ក្រោមអាណាប័កថវិការបស់ក្រសួងអភិវឌ្ឍន៍ជនបទ ៕

អត្ថបទ៖ សាន វីឡែម

Share.