អ្នកសិក្សា និងអ្នកជំនាញនានានៅកម្ពុជា បានទទួលស្គាល់ពីការរីកចម្រើនរបស់ចិននៅរយៈពេល១០ឆ្នាំចុងក្រោយ បង្ហាញពីឥទ្ធិពលរបស់ចិននៅក្នុងតំបន់ និងពិភពលោក ដោយចិនបានធ្វើទំនើបកម្មសង្គមនិយមតាមបែបផែនចិន។

កម្ពុជាបានសរសើរពីការរីកចម្រើនរបស់ចិននេះ ធ្វើឡើងបន្ទាប់ពី លោក Liu Zhijie អគ្គកុងស៊ុលស្ថានទូត នៃសាធារណៈរដ្ឋប្រជាមានិតចិនប្រចាំខេត្តសៀមរាប បានថ្លែងបឋកថាទៅកាន់ថ្នាក់ដឹកនាំ មន្ត្រីរាជការ សិស្ស និស្សិតនៅក្នុងខេត្តបាត់ដំបងចំនួនជាង២០០នាក់ នៅសាកលវិទ្យាល័យជាតិបាត់ដំបង នារសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២។

លោក Liu Zhijie បានកត់សម្គាល់ពីប្រសាសន៍របស់ឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាដែលបានរំលេចពីសមិទ្ធផលនានារបស់កម្ពុជាទទួលបានក្នុងកំឡុងពេលដំណើរទស្សនកិច្ចរបស់លោក Li Keqiang នាយករដ្ឋមន្ត្រីសាធារណរដ្ឋប្រជាមានិតចិនមកកម្ពុជាកាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយបានផ្តល់ចំណងជើងថា «ចំណងមិត្តភាពចិននិងកម្ពុជាកាន់តែរឹងមាំ កិច្ចសហប្រតិបត្តិការអាស៊ីបូព៌ាកាន់តែស៊ីជម្រៅ»។ លោកក៏បានគូសបញ្ជាក់ពីសមិទ្ធផលនៃសមាជលើកទី២០របស់បក្សកុម្មុយនិស្តចិន ដោយផ្តោតលើ ទស្សនៈស្តីពីទំនើបកម្មសង្គមនិយមតាមបែបផែនចិន។

លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានគូសរំលេចពីការធ្វើទំនើបកម្មសង្គមនិយមតាមបែបផែនចិន ដែលជាសង្គមនិយមទំនើប ដែលដឹកនាំដោយបក្សកុម្មុយនីស្តចិន ដែលមានលក្ខណៈពិសេសនៃការរួមបញ្ចូលនូវបទពិសោធធ្វើទំនើបកម្ម នៃបណ្តាប្រទេសនានាជាមួយលក្ខណៈពិសេសផ្ទាល់ខ្លួនរបស់ចិន។

លោកបណ្ឌិតបានបន្ថែមទៀតថា ការអភិវឌ្ឍរបស់ប្រទេសចិនជាអ្វីដែលមនុស្សជាតិទាំងអស់គ្នាប្រាកដជាអាចទទួលបានផលប្រយោជន៍ ហើយការធ្វើទំនើបកម្មសង្គមនិយមតាមបែបផែនចិនជាការសង់ស្ពានមេត្រីភាពកាន់តែរឹងមាំក្នុងការចងស្ពានមេត្រីភាព រក្សាបាននូវមិត្តភាព សមភាព និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ដើម្បីបង្កើតនិងបង្កើនទំហំនំខេកផលប្រយោជន៍ដល់ពិភពលោក ក្នុងគោលបំណងកសាងបាននូវសហគមន៍រួមវាសនារបស់មនុស្សជាតិ។ ទំនើបកម្មបែបផែនប្រទេសចិនមានបង្កប់នូវលក្ខណៈពិសេសមួយនោះគឺ «វិបុលភាពរួម»។ ប្រទេសចិននឹងបើកទូលាយក្នុងកម្រិតកាន់តែខ្ពស់ ដើម្បីចែករំលែកឱកាសទីផ្សារកាន់តែច្រើនដល់ពិភពលោក។

លោកបណ្ឌិតក៏បានឆ្លើយសំណួរទៅនឹងអង្គបាឋកថា យ៉ាងក្បោះក្បាយដោយបានគូសបញ្ជាក់បន្ថែមថាសង្ឃឹមថាអង្គពិធីទាំងមូលបានទទួលនូវពុទ្ធិកាន់តែស៊ីជម្រៅពីប្រទេសចិនទំនើបដែលមិនធ្លាប់ធ្វើអាណានិគម មិនដែលឈ្លានពាន មិនដែលបង្កសង្គ្រាម ហើយប្រទេសចិនមានបង្កើនឆន្ទៈក្នុងយន្តការពហុភាគីនិយមដោយផ្តល់ក្តីសង្ឃឹមយ៉ាងស្មោះដល់ភពផែនដីអភិវឌ្ឍរីកចម្រើនដោយសន្តិភាពនិងស្ថិរភាព។

ដូចទៅនឹងអង្គពិធីទាំងមូលផងដែរ តាមរយៈបទបង្ហាញនេះរួមជាមួយការទទួលបាននូវសៀវភៅ Xi Jinping អភិបាលកិច្ចប្រទេសចិនចាប់ពីភាគ១ដល់ភាគ៤ ទើបលោក សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបងយល់កាន់តែស៊ីជម្រៅពីទំនើបកម្មសង្គមនិយមតាមបែបផែនចិនគឺជាការធ្វើទំនើបកម្មដែលគ្របដណ្តប់លើទ្រង់ទ្រាយប្រជាជនដ៏ធំសម្បើម ជាការធ្វើទំនើបកម្មដែលប្រជាជនទាំងមូលសុទ្ធតែទទួលបានជីវភាពរស់នៅប្រកបដោយវិបុលភាព ជាការធ្វើទំនើបកម្មដែលអរិយធម៌ខាង សម្ភារៈនិងអរិយធម៌ខាងវិញ្ញាណមានភាពចុះសម្រុងគ្នា ជាការធ្វើទំនើបកម្មដែលមនុស្សជាតិនិងធម្មជាតិរួមរស់នៅដោយសុខដុមរមនា និងជាការធ្វើទំនើបកម្មដែលដើរតាមមាគ៌ាអភិវឌ្ឍន៍ដោយសន្តិភាព។

លោកបណ្ឌិតសំ រ៉ានី សាកលវិទ្យាធិការរង និងជាសហនាយកវិទ្យាស្ថានខុងជឺភាគីកម្ពុជាបានលើកថា៖ «ខ្ញុំ ធ្លាប់បានទៅ   ទស្សនកិច្ចសិក្សាប្រទេសចិនជាច្រើនដង ហើយបានឃើញដោយផ្ទាល់នូវការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់ប្រទេសចិន និងសមិទ្ធផលដ៏អស្ចារ្យនៅក្នុងវិស័យទាំងឡាយ។ ក្នុងរយៈពេលដប់ឆ្នាំចុងក្រោយនេះ បក្សកុម្មុយនិស្តចិនក្រោមការដឹកនាំរបស់ឯកឧត្តម ស៊ី ជីនភីង បានប្រកាន់ខ្ជាប់នូវទស្សនវិជ្ជាអភិវឌ្ឍន៍ដែលផ្តោតអាទិភាពលើប្រជាជន សម្រេចបាននូវគោលដៅមួយរយឆ្នាំទី១ ដឹកនាំប្រជាជនចិនឱ្យសម្រេចបាននូវការកាត់បន្ថយភាពក្រីក្រកសាងសង្គមមួយដែលមានភាពរីកចម្រើនមធ្យមក្នុងគ្រប់ជ្រុងជ្រោយ

ជារួមអង្គពិធីទាំងមូលសុទ្ធតែយល់ស្របគ្នាថា ការធ្វើទំនើបកម្មតាមបែបផែនចិនមិនត្រឹមតែអាចនាំមកនូវផលប្រយោជន៍ដល់ប្រជាជនចិនប៉ុណ្ណោះទេ ថែមទាំងអាចផ្តល់ផលប្រយោជន៍ដល់ប្រជាជនពិភពលោកទៀតផង។ ជាបឋមគឺនាំមកផលប្រយោជន៍ដល់ការកាត់បន្ថយភាពក្រីក្ររបស់ពិភពលោក។

Share.