សិល្បៈជាតិ​៖ នៅលើបណ្ដាញសង្គមហ្វេសប៊ុកនាពេលថ្មីៗនេះ គេមើលឃើញមានការវែកញែកប្រតិកម្មយ៉ាងខ្លាំងចំពោះ DJ ឃ្លាំង និងលោក Rith​ Omega​ ចំពោះការលួចស្នាដៃ Artwork​ «យក្ស​ល្ខោន​បាសាក់​» របស់លោក សកល កិត្យា ដែលជាសិល្បករគំនូរឌីជីថលមួយរូប យកទៅប្រើប្រាស់ដោយគ្មានការអនុញ្ញាត រហូតទាល់តែម្ចាស់ស្នាដៃចេញមុខប្រតិកម្ម។

ដើមហេតុនៃការឃើញស្នាដៃ Artwork រូបយក្សមួយនេះត្រូវបានលួចយកទៅប្រើប្រាស់នោះ គឺនៅពេលដែល DJ ឃ្លាំង និងលោក Rith​ Omega បង្ហាញសកម្មភាពហាត់សមយ៉ាងស្វិតស្វាញ ដើម្បីត្រៀមឡើងសម្ដែងបទ «យក្ស» និងបទ «ជួយថែសិល្បៈដូនតា» នៅថ្ងៃប្រគំតន្ត្រីខ្នាតធំមួយ ដោយមានវត្តមានតារាចម្រៀង K-Pop CL បង្ហាញមុខសម្ដែងជាលើកទី២នៅស្រុកខ្មែរ។

ក្រោយឃើញសកម្មភាពបែបនេះ ម្ចាស់ស្នាដៃបង្ហាញពីអារម្មណ៍ហួសចិត្ត ដោយរៀបរាប់ថា៖ « ថាដូចមិនចង់ Post ទេ…. តែដូចជាមិនសមដែរ Artwork អូនធ្វើទុកជាស្នាដៃអោយខ្លួនឯង ហើយយកទៅដាក់ Concert Beer មួយ ដែលខ្ញុំមិនបានដឹង..។ បើប្រើប្រាស់បែប Education យកទៅណាទៅៗតែ នេះ..»។

ចំពោះការបង្ហោះប្រតិកម្មរបស់ម្ចាស់ស្នាដៃ គឺគេឃើញមានការចូលរួមវែកញែពីសំណាក់មហាជនអ្នកលេងបណ្ដាញសង្គម ដោយពួកគេចាត់ទុកទង្វើរំលងក្រេឌីតដោយគ្មានការអនុញ្ញាត គឺមិនខុសអីចោរនោះទេ។ គេឃើញមានអ្នកខ្លះលើកឡើងថា៖ «សម្រាប់ខ្ញុំការយកArtwork អ្នកផ្សេងមកប្រេីដេីមជាប្រយោជន៍បុគ្គលឬប្រយោជន៍នៃមនុស្ស១ក្រុមដោយមិនសុំការអនុញ្ញាតពីម្ចាស់ Artwork គឺស្មេីនឹងលួចគេ ឬភាសាងាយស្តាប់គឺចោរ »។

ភាគី DJ ឃ្លាំង និងលោក Rith​ Omega​ ក៏មិននៅស្ងៀមដែរ ដោយម្នាក់ៗបង្ហាញការបកស្រាយរៀងៗខ្លួន។ ក្នុងនោះដែរ លោក Rith​ Omega​ បានលើកហេតុផលប្រាប់មហាជនថា៖ «គាត់ជាម្ចាស់រូបថត យក្សល្ខោនបាសាក់ដែលខ្ញុំបានអោយក្រុមការងារយកមកធ្វើ Design ធ្វើ LED សំរាប់ Concert ធំយប់មិញ។ ខ្ញុំបានសុំទោសគាត់រួចហើយ និងបានដកចេញមិនប្រើប្រាស់រូបគាត់ដូចគ្នា។ នេះជា Account FB គាត់ ហើយគាត់បើកហាងលក់កាហ្វេផងដែរ។ ជូនពេរលក់កាន់តែដាច់ និង Like page កាន់តែច្រើន និងគាំទ្របង ចំពោះការរៀបចំ នឹងជំរុញសិល្បៈបុរាណខ្មែរ តាំងពីយូរមកហើយ ខ្ញុំនឹងប្រយ័ត្នចំពោះកម្មសិទ្ធបញ្ញាម្ចាស់រូប រឺម្ចាស់ដើមចំពោះការងារលើកក្រោយទៀតបង»។

DJ ឃ្លាំង សរសេរការបកស្រាយថា ៖ «មិនបានលើកទឹកចិត្ត សុំកុំជាន់ថែម ពួកយើងទទួលស្គាល់កំហុស ហើយយើងក៏សំរេចចិត្តដកចេញមិនប្រើប្រាស់។ ហើយគាត់ក៏បានទាក់ទងសុំទោស និងប្រាប់ម្ចាស់រូបភ្លាមៗពេលឃើញគេបង្ហោះថាអោយ..។ បើជាខ្មែរដូចគ្នា គួរតែឆាតប្រាប់ខ្ញុំ ឬប្រាប់រិទ្ធ យើងមិនកំណាត់ និងដាក់ Credit ទេ ព្រោះតាំងពីដើមមក ឆន្ទៈខ្ញុំគឹលើកស្ទួយសិល្បៈបុរាណខ្មែរ។ រិទ្ធ គ្នានឹងក្រុមការងារចំណាយពេលកន្លះខែក្នុងការរៀបចំ Special Show បទយក្ស និងបទ ជួយថែសិល្បៈដូនតា ជូនខ្ញុំយប់មិញ សង្ឃឹមថា មានអ្នកបានឃើញនឹងចូលចិត្ត…»។

បើទោះបីជា ភាគី DJ ឃ្លាំង និងលោក Rith​ Omega​ មានការបកស្រាយយ៉ាងណាថាខ្លួនមិនយកប្រើបន្តក្ដី ឬសុំទោសម្ចាស់ស្នាដៃហើយក្ដី ក៏ប៉ុន្តែមហាជននៅតែចាត់ទុកថា ការរៀបរាប់នោះគឺជាទង្វើមិនឱ្យតម្លៃម្ចាស់ស្នាដៃដដែល ដោយពួកសង្កត់ធ្ងន់ថា ទាំងនោះជាការសុំទោសឱ្យតែហើយយករួចខ្លួន ព្រោះបានបំពានកម្មសិទ្ធបញ្ញារួចទៅហើយ។

គួរបញ្ជាក់ផងដែរថា បន្ទាប់ពីមានការវែកញែកមួយប្រ៉ាវនៅលើបណ្ដាញសង្គមហ្វេសប៊ុករួចមក រវៀងម្ចាស់ស្នាដៃ Artwork​ «យក្ស​ល្ខោន​បាសាក់​» DJ ឃ្លាំង លោក Rith​ Omega​ និងអ្នកលេងបណ្ដាញសង្គម បន្តគេក៏បានឃើញទៀតថា លោក Rith​ Omega​ បញ្ចេញសារសុំទោសម្ដងទៀត « ខ្ញុំខុស​ ខ្ញុំទទួលស្គាល់កំហុស​ ខ្ញុំសុំទោស….. វាជាការធ្វេសប្រហេសរបស់ខ្ញុំ….»។ ក្រោយមកទៀតលោកក៏បានបង្ហាញឆាតឆ្លងឆ្លើយជាមួយ សកល កិត្យា បញ្ចាក់ការដឹងកំហុស បង្ហោះនៅលើហ្វេសប៊ុកឱ្យមហាជនឃើញ ទើបពួកគេស្ងប់ចិត្ត។

ចុងក្រោយករណីលួចស្នាដៃ Artwork​ «យក្ស​ល្ខោន​បាសាក់​» យកទៅប្រើ​ប្រាស់​មិន​មាន​ការ​អនុញ្ញាត​នេះ ក៏បានស្ងប់ស្ងាត់ទៅវិញ ក៏ប៉ុន្តែនេះក៏ជាមេរៀនមួយដាស់តឿនរម្លឹកដល់អ្នកទាំងអស់គ្នាដូចគ្នា នូវការចូលរួមគោរពកម្មសិទ្ធបញ្ញារបស់ស្នាដៃនីមួយៗ មិនមែនអាចបំពានដោយគ្មានការអនុញ្ញាតបាននោះទេ ព្រោះវាជាការបង្ហាញពីការមិនឱ្យតម្លៃ។ ចុះអ្នកវិញយល់យ៉ាងណា?

Share.