កាសែត The Times of Israel រាយការណ៍ថា ក្រសួងការបរទេសអ៉ីស្រាអែលកំពុងរៀបចំការដឹកជញ្ជូនជំនួយមនុស្សធម៌ថ្មីទៅកាន់អ៊ុយក្រែនចំពេលប្រតិបត្តិការយោធាពិសេសរបស់រុស្ស៊ីកំពុងបន្ដ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នាថ្ងៃ អង្គារ ទី ២៩ ខែ វិច្ឆិកា ឆ្នាំ ២០២២។

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីអ៉ីស្រាអែល លោក Isaac Herzog កាលពីថ្ងៃ ព្រហស្បតិ៍ អំឡុងពេលដែលលោកបានគូសបញ្ជាក់អំពីតម្រូវការរបស់ប្រទេសក្នុងវិស័យថាមពល និង ជំនួយបរទេសសម្រាប់ការនាំចេញអាហារ។

ប្រធានាធិបតីអ៉ីស្រាអែល លោក Isaac Herzog

កាលពីថ្ងៃ អាទិត្យ ចុងសប្ដាហ៍កន្លងទៅ អ៉ីស្រាអែលនឹងបញ្ជូនម៉ាស៊ីនភ្លើងចំនួន ២០គ្រឿង ដែលមានតម្លៃប្រហែលជាង ១លានដុល្លារទៅកាន់អ៊ុយក្រែនតាមរយៈសហភាពអឺរ៉ុប ខណៈអ៊ុយក្រែនកំពុងតែខ្វះខាតអគ្គិសនីប្រើប្រាស់ ដោយសារតែរុស្ស៊ីវាយកម្ទេចរោងចក្រថាមពលរបស់ប្រទេសនេះចំពេលរដូវរងា។

ក្រៅពីការបញ្ជូនម៉ាស៊ីនភ្លើង អ៉ីស្រាអែលក៏គ្រោងនឹងបញ្ជូនថ្នាំពេទ្យ និង បរិក្ខាពេទ្យដែលមានតម្លៃប្រហែល ១លានដុល្លារទៀត ទៅកាន់អ៊ុយក្រែននាពេលខាងមុខនេះដែរ។

បើតាមរដ្ឋមន្រ្តីការបរទេសអ៊ុយក្រែន លោក Dmytro Kuleba បង្ហាញថា រដ្ឋាភិបាលទីក្រុង Kyiv គឺបានឈានដល់កិច្ចព្រមព្រៀងជាមួយប្រទេសចំនួន១២ រួមទាំងអ៉ីស្រាអែលដែរ លើការផ្ដល់ឧបករណ៍ផ្គត់ផ្គង់ថាមពលអគ្គិសនីដល់អ៊ុយក្រែន។

សូមជម្រាបថា កាលពីថ្ងៃទី ០១ ខែ វិច្ឆិកា ឆ្នាំ ២០២២ ប្រធានាធិបតីអ៊ុយក្រែន បានលើកឡើងថា ហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែនប្រហែល ៤០% ត្រូវបានខូចខាត ជាលទ្ធផលនៃការវាយប្រហាររបស់កងកម្លាំងរុស្ស៊ីដែលផ្ដើមនៅថ្ងៃទី ១០ ខែ តុលា ជាការសងសឹកចំពោះការវាយប្រហារភេរវកម្មលើតំបន់ Crimea៕

ប្រភព៖ Sputnik

Share.