អ៊ុយក្រែនបានត្រៀមខ្លួនសម្រាប់ការវាយប្រហាររុស្ស៊ីប្រឆាំងថាមពល និង ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗបន្ថែមទៀតនៅថ្ងៃ ច័ន្ទ ដើមសប្ដាហ៍នេះ (ម៉ោងក្នុងស្រុក) ហើយបានព្រមានអំពីការជម្លៀសដែលអាចកើតមានឡើងចេញពីរដ្ឋធានី។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Aljazeera នាថ្ងៃ អង្គារ ទី ២៩ ខែ វិច្ឆិកា ឆ្នាំ ២០២២។

រដ្ឋមន្រ្តីការបរទេសប្រទេសអេស្ដូនី បានចូលរួមជាមួយសមភាគីមកពីប្រទេស បាល់ទិក និង ន័រឌីក រួមទាំងបណ្ដាប្រទេសអឺរ៉ុបខាងជើងចំនួន ៦ផ្សេងទៀត បានបំពេញទស្សកិច្ចនៅអ៊ុយក្រែនចាប់តាំងពីកើតមានសង្រ្គាម ដើម្បីសន្យាផ្ដល់ម៉ាស៊ីនភ្លើង សំលៀកបំពាក់កក់ក្ដៅ និង អាហារ ដែលមានគោលដៅជួយប្រជាជនអ៊ុយក្រែនទប់ទល់នឹងខែដ៏ត្រជាក់បំផុតរបស់ពួកគេ។

រដ្ឋមន្រ្តីការបរទេសនៃប្រទេស អេស្ដូនី លោក Urmas Reinsalu បានថ្លែងនៅក្នុងទីក្រុង Kyiv ថា «រុស្ស៊ីកំពុងបំពាក់អាវុធលើសន្ដិសុខថាមពលស៊ីវិល ហើយវាពិតជាគួរឲ្យអាម៉ាស់ណាស់»។

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានព្រមានកាលពីល្ងាចថ្ងៃ អាទិត្យថា «កងទ័ពរុស្ស៊ីកំពុងរៀបចំការវាយប្រហារថ្មី ហើយដរាបណាពួកគេមានមីស៊ីល ពួកគេនឹងមិនបញ្ឈប់ឡើយ។ ទន្ទឹមនោះលោក Zelensky បានជួបជាមួយមន្រ្តីរដ្ឋាភិបាលជាន់ខ្ពស់កាលពីថ្ងៃ ច័ន្ទ ដើម្បីពិភាក្សាអំពីវិធានការថ្មីដែលត្រូវធ្វើ»។

យ៉ាងណាម៉ិញ ទីក្រុង Kyiv បានថ្លែងថា ការវាយប្រហារដែលរុស្ស៊ីផ្ដោតគោលដៅលើហេដ្ឋារចនាសម្ព័ន្ធរបស់អ៊ុយក្រែន គឺមានគ្រោះថ្នាក់ដល់ជនស៊ីវិល ដែលធ្វើឲ្យភាគីរុស្ស៊ីក្លាយជា ឧក្រិដ្ឋកម្មសង្រ្គាម។ ប៉ុន្ដែទីក្រុង ម៉ូស្គូ បានបដិសេធថា ចេតនារបស់ខ្លួនគឺធ្វើបាបជនស៊ីវិល ប៉ុន្ដែកាលពីសប្ដាហ៍មុនរុស្ស៊ី បាននិយាយថា ការរងទុក្ខរបស់ពួកគេនឹងមិនបញ្ចប់ទេ ដរាបណាអ៊ុយក្រែនមិនព្រមធ្វើតាមការទាមទាររបស់រុស្ស៊ី ហើយមិនបញ្ចេញមតិអ្វីទាំងអស់។

ជាមួយគ្នា អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg ធ្លាប់បានលើកឡើងថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន មានចេតនាប្រើប្រាស់ភាពត្រជាក់ ព្រិល និង ទឹកកក ដើម្បីជាប្រយោជន៍មិនត្រឹមតែនៅលើសមរភូមិប៉ុណ្ណោះទេ ប៉ុន្តែប្រឆាំងនឹងជនស៊ីវិលអ៊ុយក្រែនតែម្ដង។

សូមជម្រាបថា រុស្ស៊ីបាននឹងកំពុងធ្វើការទម្លាក់គ្រាប់មីស៊ីលដ៏ធំទៅលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែន រៀងរាល់សប្ដាហ៍ចាប់តាំងពីដើមខែ តុលា មក ដោយបង្កការខូចខាតធ្ងន់ធ្ងរខណៈរដូវរងាខ្លាំងក៏បានចូលមកដល់៕

ប្រភព៖ Aljazeera

Share.