សហរដ្ឋអាមេរិក នឹងប្រកាសជំនួយថ្មី ដើម្បីជួយអ៊ុយក្រែនស្ដារថាមពលអគ្គិសនីឡើងវិញ ខណៈប្រជាជនអ៊ុយក្រែនកំពុងរឈមមុខនឹងភាពត្រជាក់ និង ភាពងងឹតរយៈពេល ១សប្ដាហ៍ទៀត បន្ទាប់ពីការវាយប្រហាររបស់រុស្ស៊ីលើរោងចក្រថាមពលអគ្គិសនីរបស់អ៊ុយក្រែន បណ្ដាលឲ្យដាច់ចរន្ដអគ្គិសនី គ្មានអគ្គិសនីប្រើប្រាស់។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Mandurahmail នាថ្ងៃ អង្គារ ទី ២៩ ខែ វិច្ឆិកា ឆ្នាំ ២០២២។

ការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ីបានកំណត់គោលដៅលើទីតាំងផលិតថាមពល កន្លែងបញ្ជូន និង ចែកចាយ រួមទាំងស្ថានីយ៍បូមទឹករបស់អ៊ុយក្រែន ចាប់តាំងពីដើមខែ តុលា មក ដោយបណ្ដាលឲ្យមានការខូចខាត និង បានបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗជាច្រើន ខណៈរដូវរងាកំពុងតែធ្វើឲ្យប្រទេសនេះរងភាពត្រជាក់យ៉ាងខ្លាំង។

មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសអាមេរិកម្នាក់ បានប្រាប់អ្នកសារព័ត៌មានក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ឲ្យដឹងថា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken ដែលបានមកដល់ទីក្រុង Bucharest នៃប្រទេសរ៉ូម៉ានី នៅព្រឹកថ្ងៃអង្គារនេះ (ម៉ោងក្នុងតំបន់) នឹងប្រកាសជំនួយថ្មីដើម្បីជួយស្ដារសមត្ថភាពបញ្ជូនថាមពលរបស់អ៊ុយក្រែន។

ទីក្រុងវ៉ាស៉ីនតោន បាននិងកំពុងធ្វើការជាមួយក្រុមហ៊ុនផ្គត់ផ្គង់ ខ្សែបណ្តាញរបស់សហរដ្ឋអាមេរិក ជាមួយបណ្តាប្រទេសអឺរ៉ុបដើម្បីកំណត់ទីតាំងឧបករណ៍ ដែលអាចស្តារស្ថានីយ៍បញ្ជូនតង់ស្យុងខ្ពស់របស់អ៊ុយក្រែនឡើងវិញ។

គួរបញ្ជាក់ថា នៅក្នុងទីក្រុងកៀវ ព្រិលបានចាប់ផ្តើមធ្លាក់ហើយសីតុណ្ហភាពក៏ចុះត្រជាក់ ខណៈដែលមនុស្សរាប់លាននាក់ ដែលរស់នៅក្នុងនិងជុំវិញរដ្ឋធានី កំពុងតស៊ូដើម្បីរកវិធីកំដៅផ្ទះរបស់ពួកគេ។ ទោះជាទីក្រុងកៀវ និង សម្ព័ន្ធមិត្ត បានចាត់ទុកការវាយប្រហាររបស់រុស្ស៊ី លើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល គឺជាឧក្រិដ្ឋកម្មសង្គ្រាមយ៉ាងណាក៏ដោយ ប៉ុន្តែទីក្រុងមូស្គូនៅតែបដិសេធថា ខ្លួនគ្មានបំណងធ្វើឲ្យជនស៊ីវិលឈឺចាប់ទេ៕

ប្រភព៖ Mandurahmail

Share.