កណ្តាល ៖ ក្មេងសិស្សសាលាបឋមសិក្សាហ៊ុន សែន ថ្នល់ទទឹង ចំនួន៤នាក់ ប្រុស២នាក់ ស្រី២នាក់ នាំគ្នាចុះលេងទឹកស្រះ ជាអកុសលលង់លិចបាត់ បង្កឲ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង២រសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ ចំណុចភូមិ ព្រៃសំរោង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល កម្លាំងសមត្ថកិច្ច អាជ្ញាធរ និងកម្លាំងរាវរករបស់អង្គភាព៩១១ ឆ័ត្រយោង រាវរកឃើញក្មេងស្រី២នាក់ នៅវេលាម៉ោង១១និង៤០នាទីយប់ថ្ងៃដដែល ចំណែកក្មេងប្រុស២នាក់ទៀត រកមិនទាន់ឃើញ ។

តាមសមត្ថកិច្ចបានឲ្យដឹងថា ក្មេងរងគ្រោះទាំង៤នាក់ ៖ ទី១ ឈ្មោះ នី ស្រីណាក់ ភេទស្រី អាយុ១៣ឆ្នាំ រៀនថ្នាក់ទី៥ច , ទី២ ឈ្មោះ នី ស្រី ណា ភេទស្រី អាយុ១៣ឆ្នាំ រៀនថ្នាក់ទី៥ង , ទី៣ ឈ្មោះ ថាន គីមយ៉ាង ភេទប្រុស អាយុ១២ឆ្នាំ រៀនថ្នាក់ទី៦ខ , ទី៤ ឈ្មោះ ថាន ថានុ ភេទប្រុស អាយុ១០ឆ្នាំ រៀនថ្នាក់ទី៣ង ។ ក្មេងទាំង៤នាក់រៀននៅសាលាបឋមសិក្សាហ៊ុន សែន ថ្នល់ទទឹង ។

តាមប្រភពបានឲ្យដឹងថា មុនកើតហេតុ ក្មេងរងគ្រោះទាំង៤នាក់នាំគ្នាទៅចុះលេងទឹកស្រះ នៅចំណុចកើតហេតុ ជាអកុសលលង់លិច បាត់ក្នុងទឹក បង្កឲ្យភ្ញាក់ផ្អើល ហើយត្រូវបានកម្លាំងសមត្ថកិច្ច អាជ្ញាធរ ពិសេសកម្លាំងរាវរករបស់អង្គភាព ឆ័ត្រយោង ៩១១ ចេញទៅប្រតិបត្តិការចុះរាវ រហូតដល់វេលាម៉ោង១១និង៤០នាទីយប់ ថ្ងៃដដែល បានរាវរកឃើញសពក្មេងស្រី២នាក់ ចំណែកសពក្មេងប្រុស២នាក់ទៀត រកមិនទាន់ឃើញ ៕

Share.