បទ ពាក្យ៧

ដៃ កក់កងកប់កាប់កាន់កាយ       ដៃ កើបកៀរឆាយឆាបឆុងឆឹង

ដៃ ចងចចារចាប់ចូកថ្លឹង             ដៃ ចៀរក្រឡឹងចាំងចិតចាក់។

ដៃ ដកដក់ដងដាល់ដុសដាំ          ដៃ ដួសចិញ្ច្រាំដោតដេរដាក់

ដៃ ខ្វាចខ្វារខ្វេះស្រែះស្រាតស្រាក់  ដៃ ស្រុសស្រោបប៉ាក់ប៉ាតប៉ះពាស។

ដៃ ក្រងក្រាលក្រីបិតបូកបូត         ដៃ កាច់កែកូតហូតវែកវាស

ដៃ កត់កាត់កេះកៀបកោរកៀស    ដៃ ប្រាយគ្រវាសឆ្កឹះគ្រវាត់។

ដៃ ឆ្កៀលវៀលវេចវាស់វាត់វេញ      ដៃ លក់ដៃទិញដៃផ្ទឹមផ្ទាត់

ដៃ ឆ្មូលរលាក់ថ្ពក់ពន្លាត់             ដៃ លេងទាញព្រ័ត្រឈូងផ្សងស្នេហ៍។

ដៃ ដោតតម្រុយត្រុយតម្រឹម         ដៃ ក្រិតឲ្យត្រឹមត្រងថ្នមថែ

ដៃ ធ្វើបញ្ជីបើកប្រាក់ខែ              ដៃ ការកល់កែដៃបញ្ជា។

ដៃ ច្បាមច្បិចច្បូតច្រូតច្រូចច្រក    ដៃ បោចបេះបកបាំងវន្ទា

ដៃ រងរាំងរឹតរាវក្តាប់លា               ដៃ ពន្លះគ្រាហ៍វ័ណ្តវេរវាស់។

ដៃ សកសប់សាប់សើយសូកសាច  ដៃ​ បង់បត់បាចបើកខ្ទប់ខ្ទាស់

ដៃ ត្រងត្រាយត្រែះអេះរមាស់       ដៃ គងគប់គាស់រាស់រានរែក។

ដៃ ជ្រងជ្រួយជ្រោងយោងយោលយឹត      ដៃ បិទភ្ជាប់ភ្ជិតវឹតវេញវែក

ដៃ តប់ទះទប់លុបរំលែក    ​         ដៃ ជូតទឹកភ្នែកដៃពិលាប។

ដៃ អបអប់ឱបក្តិចក្តោបក្តាប់        ដៃ បោកចំបាប់លនលត់លាប      

ដៃ ច្រឹបច្រុងច្រៀកបៀកគូរគាប    ដៃ ស្ទូចស្ទៃស្ទាបស្ទួយស្ទូងស្ទង់។

ដៃ ពនពួតពូនពាក់ពានា             ដៃ រាំរេរារាយវាតវង់

ដៃ ជល់ជាវជួតជួសជុលជង់         ដៃ ឯកលើកទង់ជ័យជម្នះ។

ដៃ គក់ច្របាច់ថ្នមអង្អែល            ដៃ បក់ហៅហែលលូនលួសលះ

ដៃ លីងបំពងលាងជម្រះ             ដៃ ផ្គុំសំពះវះប្រលេះ។

ដៃ បីប្រលែងស្ញែងស្នេហា            ដៃ ជ្រងកេសាកាន់ចង្កេះ

ដៃ កាច់ចង្កូតញាក់ខ្សែសេះ          ដៃ ស្រោចស្រិតស្រេះសិតសូនសាច។

ដៃ ញីញេចញល់ដោលដាប់ដក់     ដៃ លួចដៃឆក់ដៃបិសាច

ដៃ តែងនិពន្ធដៃអំណាច             ដៃ ខ្លាំងអង់អាចវីរជន។

ដៃ ការពារជាតិនិងទឹកដី             ដៃ ច្បាំងក្រក្រីដៃអត់ធន់

ដៃ ស្នេហាជាតិប្រជាជន             ដៃ មាសដៃមន្តដៃទេព្តា។

ដៃ ស្មេររកនឹកឃើញប៉ុណ្ណឹង         មិត្តអ្នកអានដឹងកុំភ្លេចណា

តាក់តែងបន្តតាមចិន្តា                រឿងប្រើហត្ថាចប់ប៉ុណ្ណឹង៕

អត្ថបទ៖ សំ នឿន

Share.