បន្ទាយមានជ័យ ៖ រោងជាងមួយកន្លែង មានស្តុកឈើ និងខោអាវជជុះ ត្រូវបានអគ្គិភ័យលេបត្របាក់អស់ទាំងស្រុង ដោយសារការធ្វេសប្រហែសរបស់ជាងផ្សារដែក ធ្លាក់កម្ទេចភ្លើងលើខោអាវ បណ្តាលឱ្យឆាបឆេះរាល សន្ធោសន្ធៅ អស់ទាំងស្រុង កាលពីវេលាម៉ោង៥និង៣៥នាទីល្ងាចថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ ក្នុងភូមិប៉ាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

តាមសមត្ថកិច្ចបានឱ្យដឹងថា រោងជាងខាងលើ ទំហំ២០ម៉ែត្រx២០ម៉ែត្រ ប្រក់ស័ង្កសី មានស្តុកឈើ៣០ម៉ែត្រគុប ខោអាវជជុះចំនួន៣០ដុំ បន្ទាប់ពីក្រុមជាងផ្សារដែក ខ្វះការប្រុងប្រយ័ត្ន ធ្លាក់កម្ទេចភ្លើងលើខោអាវ បណ្តាលឱ្យក្លាយជាអគ្គិភ័យឆាបឆេះ អស់ទាំងស្រុង ទាំងឈើ ទាំងខោអាវ យកចេញមិនទាន់ ។

ក្នុងហេតុការណ៍ខាងលើ សមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យ របស់អធិការដ្ឋានក្រុង ចេញទៅជួយអន្តរាគមន៍ បាញ់ទឹកពន្លត់ភ្លើង រហូតដល់វេលាម៉ោង៧និង៣០នាទីយប់ថ្ងៃដដែល ទើបភ្លើងរលត់ រោងជាងខាងលើត្រូវបានភ្លើងឆេះអស់ទាំងស្រុង ៕

អត្ថបទ÷តាតុងសែនជ័យ

Share.