កំពង់ស្ពឺ ៖ មន្ទីរសម្រាកព្យាបាល និងសម្ភព ដើមអង្គ្រង ដែលមានទីតាំងស្ថិតនៅតាមផ្លូវជាតិលេខ៣ ក្នុងភូមិព្រៃទទឹង ឃុំព្រះនិពាន្វ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ត្រូវបានក្រសួងសុខាភិបាល សម្រេចបិទជាបណ្តោះអាសន្ន នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ បន្ទាប់ពីមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ គ្រូពេទ្យជំនាញ ចុះទៅពិនិត្យ ក្រោយពីមាន បុគ្គលិក គ្រូពេទ្យ វះកាត់ ខុសបច្ចេកទេស លើស្ត្រីអ្នកជម្ងឺម្នាក់ មានផ្ទៃពោះ៥ខែ កូនស្លាប់ក្នុងផ្ទៃ។

ស្ត្រីរងគ្រោះ មានឈ្មោះ សឿន ស្រីអូន អាយុ២២ឆ្នាំ មុខរបរ កម្មការនីរោងចក្រ រស់នៅភូមិអន្លង់រមៀត ឃុំអន្លង់រមៀត ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។ កូនដែលស្លាប់ក្នុងផ្ទៃ ជាកូនទី២ ចំណែកកូនទី១ ជាកូនស្រី អាយុ៣ខួប ។

តាមក្រុមគ្រូពេទ្យបានឲ្យដឹងថា ស្ត្រីរងគ្រោះបានចូលសម្រាកនៅគ្លីនិកដើមអង្គ្រង នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយរោគវិនិច្ឆ័យកូនស្លាប់ក្នុងស្បូន អាយុ១៨សប្តាហ៍ ។ ក្រុមគ្រូពេទ្យបានធ្វើការព្យាបាលដោយ curretage ក្រោយមកក៏បានចេញពីគ្លីនិកដើមអង្គ្រង នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ ។ ដោយសុខភាពមិនស្រួល នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ ស្ត្រីអ្នកជំងឺក៏បានវិលមកគ្លីនិកដដែលនេះម្ដងទៀត ដោយរោគសញ្ញាឈឺពោះខ្លាំងនៅផ្នែកខាងក្រោម ។ ដោយអាការៈធ្ងន់ធ្ងរគ្លីនិកក៏បានបញ្ជូនស្ត្រីអ្នកជំងឺទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ ។

តាមក្រុមគ្រួសារបានឲ្យដឹងថា គ្រាដែលស្ត្រីរងគ្រោះមានផ្ទៃពោះ៥ខែ តែកូនស្លាប់ក្នុងផ្ទៃ ហើយទៅពិនិត្យ ព្យាបាល នៅមន្ទីរសម្រាកព្យាបាល និងសម្ភព ដើមអង្គ្រង បែជាគ្រូពេទ្យ ធ្វើការវះកាត់ យកកូនដែលស្លាប់ក្នុងផ្ទៃចេញ ដោយកាត់ទាំងពោះវៀនជនរងគ្រោះ ហើយប្រាប់ថា កាត់ទងសុខ ហើយគ្រាន់តែកាត់ដាច់ពោះវៀនហើយ ធ្វើឲ្យអាការៈជនរងគ្រោះ កាន់តែធ្ងន់ធ្ងរ ឃើញសភាពមិនស្រួល ទើបដឹកបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែត ។ បច្ចុប្បន្នស្ត្រីរងគ្រោះ កំពុងតែសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត ។

បើតាមការលើកឡើងរបស់មហាជន ៖ មន្ទីរសម្រាកព្យាបាល និងសម្ភព ជាច្រើន មិនថា, នៅរាជធានី-ខេត្តទេ ភាគច្រើន ក្រុមគ្រូពេទ្យ មានការធ្វេសប្រហែស បទពិសោធន៍ខ្សោយ ពិសេស ការកំណត់ទោសទណ្ឌ នៅមានកម្រិត ការស្រាវជ្រាវ ស៊ើបអង្កេត ច្រើនបញ្ចប់ត្រឹមសំណងរដ្ឋប្បវេណី មិនសូវឃើញម្ចាស់ មន្ទីរពេទ្យ មន្ទីរពហុព្យាបាល សម្ភព មានទទួលបទព្រហ្មទណ្ឌ ទើបនិទណ្ឌភាព នៃការគោរពច្បាប់ មានកម្រិត ការអនុវត្តតាម ក្រមសីលធម៌ វិជ្ជាជីវៈពេទ្យ មិនទាន់មានភាពទទួលខុសត្រូវ ដូច្នេះទាំងខាងមន្ទីរ ក្រសួងសុខាភិបាល មេត្តាជួយពង្រឹងលើផ្នែកនេះ ដើម្បីការពារ ប្រជាពលរដ្ឋ ងាយរងគ្រោះដោយគ្រូពេទ្យធ្វេសប្រហែស ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.