សិល្បៈជាតិ​៖ នៅពេលសម្ដែងបទ «Time To Rise» របស់លោក វណ្ណដា ក្នុងពិធីបិទកីឡាជាតិលើកទី ៣ និង កីឡាជាតិជនពិការលើកទី ១ ឆ្នាំ២០២២ នេះ គេបានឃើញវត្តមានរបស់ Rapper ងួន ចាន់ដេវីត ឈរទះដៃអបអរគាំទ្រនៅខាងក្រោមឆាក។ តើវត្តមាន DitWay គាំទ្រចំពោះការសម្ដែងរបស់ វណ្ណដា បានបង្ហាញពីការឈានទៅរកការផ្សះផ្សាឬយ៉ាងណា?

តារាចម្រៀងរ៉េបមកពីផលិតកម្មបារមី គឺលោក វណ្ណដា ត្រូវបានសម្ដែងបទចម្រៀង «Time To Rise» នៅរាត្រីថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២២ យប់មិញនេះ បានអង្រួនពហុកីឡដ្ឋានជាតិមរតកតេជោឱ្យពោរពេញដោយសំឡេងហ៊ោកញ្ជ្រៀវអបអរសាទរយ៉ាងខ្លាំង និងជាពិសេសមានការបង្ហាញវត្តមានរបស់លោកព្រឹទ្ធាចារ្យចាប៉ីដងវែង គង់ ណៃ និងភរិយា អមការសម្ដែងដ៏អស្ចារ្យនោះ។ វណ្ណដា បានបង្ហាញភាពដឹងគុណចំពោះលោកព្រឹទ្ធាចារ្យចាប៉ីដងវែងនៅចំពោះមុខមហាជន តាមរយៈកាយវិការក្រាបសំពះដែលជាទំនៀមទំលាប់កូនខ្មែរប្រណិប័តន៍។ ត្បិតការសម្ដែង បទចម្រៀង «Time To Rise» លោកតា គង់ ណៃ ពុំអាចមើលឃើញទិដ្ឋភាពរួមបាន ក៏ប៉ុន្តែលោកតាបានបង្ហាញស្នាមញញឹមតាមរយៈឮសំឡេងហ៊ោកញ្ជ្រៀវរបស់មហាជន។

វណ្ណដា បានលើកឡើងនៅលើបណ្ដាញសង្គមរបស់ខ្លួនថា ៖ «នេះគឺជាលើកទី ១ របស់ខ្ញុំដែលបានធ្វើការសម្ដែងបទចម្រៀង «Time To Rise» ជាមួយលោកតាព្រឹទ្ធាចារ្យ គង់ ណៃ ព្រមទាំងលោកយាយ ដោយផ្ទាល់ជូនថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ពុកម៉ែបងប្អូន និង ហ្វេនៗយ៉ាងច្រើននៅក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ។ ខ្ញុំពិតជាមិនអាចរកពាក្យអ្វីមកប្រៀបផ្ទឹមបានជាមួយនឹងអារម្មណ៍នៅពេលនេះ ក្រៅពីមានមោទកភាព និង ទទួលបានភាពកក់ក្តៅពីសំឡេងអបអរសាទររួមបញ្ចូលជាមួយក្តីស្រឡាញ់»

ក្នុងនោះដែរ ការសម្ដែងបទ «Time To Rise» របស់លោក វណ្ណដា មិនត្រូវបាន Live ផ្ទាល់នៅលើហ្វេសប៊ុកនោះទេ ខណៈព្រឹត្តិការណ៍ថ្នាក់ជាតិជាប្រវត្តិសាស្ត្រនេះទទួលបានការឧបត្ថម្ភគាំទ្រដោយស្មាត រហូតធ្វើឱ្យអ្នកទស្សនាតាមរយៈហ្វេសប៊ុកមានប្រតិកម្មរិះគន់ចំពោះរឿងនេះ។ អ្នកខ្លះលើកឡើងថា ដោយសារតែ វណ្ណដា ជា BA របស់ Cellcard ទើបធ្វើឱ្យមានការបិទ Live នៅលើហ្វេសប៊ុកស្មាត ឬក៏Pleng។ ក៏ប៉ុន្តែចំពោះការសម្ដែងរបស់ការសម្ដែងរបស់កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា និង Ditway គឺមានការ Live ធម្មតា។

យ៉ាងណាមិញ នៅក្នុងការសម្ដែងបទ «Time To Rise» របស់លោក វណ្ណដា ទៀតសោត គេក៏បានឃើញវត្តមានរបស់លោក G-Devith ឈរក្រោមឆាកមើលការច្រៀង និង សម្ដែងរបស់ Rapper វណ្ណដា ដោយបង្ហាញពីទឹកមុខញញឹមញញែម និងឈរទះដៃគាំទ្រយ៉ាងពេញទំហឹងទៀតផង។ សកម្មភាពនេះក៏បានបង្ហោះពេញបណ្ដាញសង្គម និងបានធ្វើឱ្យបេះដូងរបស់ហ្វេនញាប់ញ័រយ៉ាងខ្លាំង ទាំងរំពៃគិតថា វិវាទ Rapper ឈានមកដល់ដំណាក់កាលផ្សះផ្សារគ្នាហើយមែនទេ?

G-Devith មិនបកស្រាយនិយាយអ្វីច្រើននោះទេ តែលោកបានលម្អិតនៅលើហ្វេសប៊ុកថា ៖ « អ្វីដែលខ្ញុំត្រូវធ្វើខ្ញុំបានធ្វើហើយ គំនិតគិត ខួរក្បាលដើរ បេះដូងលោតដើម្បីបងប្អូនខ្មែរ និងអង្គកម្មវិធីទាំងមូល ព្រមទាំងអ្នកគាំទ្រជាទីស្រលាញ់របស់ខ្ញុំ»។

ជារួមមកវិញ ហ្វេនកំពុងរង់ចាំមើលថា ថ្ងៃណាមួយ Rapper ទាំងពីរដួង មានលោក ងួន ចាន់ដេវីត និងលោក វណ្ណដា នឹងមានថ្ងៃផ្សះផ្សារគ្នាវិញជាក់ជាមិនខាន។ ប៉ុន្តែឱកាសនោះ គឺទុកឱ្យសាមីខ្លួនទាំងពីរជាអ្នកបង្ហាញឱ្យហ្វេនអ្នកគាំទ្របានឃើញ។ ក្រៅពីនេះក៏មានការព្យាករណ៍ទុកទៀតថា គ្មាននរណាម្នាក់ទម្លាក់ទង់មុននោះទេ ទាំងអស់ដែលបានឃើញគ្រាន់តែជាឆាកល្ខោនមួយផ្នែកដើម្បីឱ្យអ្នកគាំទ្ររំជើបរំជួលចិត្តប៉ុណ្ណោះ រឿងពិតជាក់ស្ដែងយ៉ាងណានោះ មានតែរង់ចាំតាមដានបន្ត៕

Share.