សិល្បៈជាតិ៖ បុគ្គលល្បីតាមរយៈផលិតមាតិកាកំប្លែងនៅលើបណ្ដាញសង្គម TikTok មានឈ្មោះ Santakh បានចេញមកបង្ហោះសារនៅលើបណ្ដាញសង្គមទំនាក់ទំនងសង្គមហ្វេសប៊ុក ព្រមទទួលស្គាល់កំហុសនឹងចងចាំអស់មួយជីវិតថា ខ្លួនគ្មានការអប់រំ បន្ទាប់ពីថតបង្ហោះរូបភាពអសីលធម៌នៅទីតាំងសេះសមុទ្របាញ់ទឹកខេត្តកំពត ជាហេតុធ្វើឱ្យអ្នកលេងបណ្ដាញសង្គមមានការប្រតិកម្មខ្លាំង។

បុគ្គលល្បីរូបនេះបានរៀបរាប់ថា ៖ «ជាដំបូងសូមគោរពដល់ថ្នាក់ដឹកនាំ និងសូមគោរពបងប្អូនខ្មែរយើងទូទាំងប្រទេសខ្ញុំបាទ ស៊ុំ សារុន (ហៅសាន់តា) សូមចេញមុខដឹងនូវកំហុសឆ្គងដែលបានថតរូបមិនគប្បីជាមួយរូបសំណាកសេះសមុទ្រដោយអចេតនា ខ្ញុំពិតជាសុំទោសបងប្អូនជនរួមជាតិ សុំទោសដែលខ្ញុំថតរូបខ្វះការគិត បង្ហាញកាយវិការមិនល្អ មកពីខ្ញុំពុំសូវមានចំណេះដឹងគិតមិនបានវែងឆ្ងាយ»។

Santakh​ បន្តថា «⁃ ទាក់ទងនឹងរូបភាពបែកធ្លាយ គឺជារូបភាពខ្ញុំថតកម្សាន្ត Copy Style តាមបងប្អូន និងបានយកមកដាក់ Story លេងនៅម៉ោង 12យប់ តែ3នាទី ក៏លុបវិញភ្លាមៗ ព្រោះគិតថារូបមានសកម្មភាពមិនសមរម្យ ⁃ សម្រាប់ការថតរូបនេះ គឺពិតជាគ្មានគោលបំណងមើលងាយរូបសំណាកសេះសមុទ្ររបស់ប្រទេសខ្ញុំឡើយ។ កំហុសមួយនេះខ្ញុំនឹងចងចាំអស់មួយជីវិត មិនឲ្យមានលើកក្រោយ និងសង្ឃឹមថាបងប្អូនជនរួមជាតិរបស់ខ្ញុំអត់អោនឲ្យមនុស្សគ្មានការអប់រំដូចខ្ញុំបាទ»

យ៉ាងណាមិញ បើទោះជាមានការបង្ហោះទទួលស្គាល់កំហុសជាសាធារណៈក៏ដោយ ស្នងការដ្ឋាននគរបាលខេត្តកំពត ក៏បានបង្ហោះសារកោះហៅបុគ្គលល្បីរូបនេះ ចូលខ្លួនជាបន្ទាន់ដែរថា ៖ «ស្នងការដ្ឋាននគរបាលខេត្តកំពត សូមអញ្ជើញលោក SantaKH ឈ្មោះប្រើប្រាស់ក្នុង Facebook មកស្នងការដ្ឋាននៅវេលាថ្ងៃស្អែក 25.04.24 នេះដើម្បីពិភាក្សារការងារចាំបាច់មួយចំនួន ។» ។

បើតាមប្រភពពីភ្នាក់ងារសារព័ត៌មានត្រយងបានបញ្ជាក់ថា បុគ្គលល្បី Santakh នឹងចូលជួបស្នងការដ្ឋាននគរបាលខេត្តកំពត បកស្រាយករណីនេះនាពេលល្ងាចនេះផងដែរ។

ភ្ជាប់ជាមួយករណីខាងលើ មហាជនមានតែរងចាំតាមដានបន្តទៀតថា តើស្នងការដ្ឋាននគរបាលខេត្តកំពត នឹងមានចំណាត់ការបែបណាចំពោះបុគ្គលដែលប្រព្រឹត្តខុស ដែលកត្តានេះអាចចាត់ទុកថា ជាមេរៀនព្រមានដល់អ្នកក្រោយៗទៀត កុំឱ្យបង្ហាញទង្វើខ្វះសីលធម៌បែបនេះដែលនាំមកនូវភាពអាប់ឱនដល់សង្គមជាតិ៕

Share.