ក្រុមជម្រើសជាតិវៀតណាម បានយកឈ្នះលើក្រុមជើងខ្លាំងមកពីប្រទេសអាល្លឺម៉ង់ Borussia Dortmund ក្នុងការប្រកួតមិត្តភាពអន្តរជាតិដោយលទ្ធផល ២ទល់និង១ នៅ​រាត្រី​ថ្ងៃទី៣០ ខែវិច្ឆកា លើ​ទីលាន​កីឡដ្ឋាន My Dinh National Stadium មុនព្រឹត្តិការណ៏បាល់ទាត់អាស៊ាន AFF Mitsubishi Electric Cup 2022 ឈានមកដល់។

​ការប្រកួត​ក្នុង​រដ្ឋធានី​ហាណូយ នេះ​​ក្រុមជើងខ្លាំងមកពីប្រទេសអាល្លឺម៉ង់ Borussia Dortmund បានរកគ្រាប់បាល់នាំមុខមុនដោយ​កីឡាករ Donyell Malen នៅនាទីទី១៣ ទើបវៀតណាមតាមបានស្មើវិញនៅនាទីទី ៣៦ ដោយកីឡាករ Nguyen Tien Linh និងគ្រាប់ទី២ដែល​ជា​គ្រាប់​បាល់ជ័យជម្នះ​របស់​វៀតណាម រកបានដោយកីឡាករ Tuan Hai Pham នៅនាទីទី ៩០ តាមរយ:បាល់​ពិន័យ ១១ម៉ែត្រ។

គួរចាប់​អារម្មណ៍​ក្នុងការ​ទទួល​បាន​ជ័យ​ជម្នះរបស់​ក្រុមជម្រើសជាតិវៀតណាមនេះ គឺគ្មានវត្តមានខ្សែបម្រើប្រយុទ្ធឆ្នើម Nguyen Quang Hai រហ្សសនាម Messi រៀតណាមឡើយ បន្ទាប់ពីក្លិបបាល់ទាត់ Pau FC នៃ​លី​គ​លំដាប់​ទី​២ ប្រទេសបារាំង បានបដិសេធនូវសំណើរនៃកោះហៅរបស់សហព័ន្ធបាល់ទាត់វៀតណាម (VFF) ដោយហេតុថា ព្រឹត្តិការណ៍ខាងលើមិនស្ថិតក្នុងថ្ងៃ FIFA DAY ឡើយ។

ក្រោម​ការ​ដឹក​នាំ​របស់​គ្រូ​បង្វឹកសញ្ជាតិកូរ៉េខាងត្បូងលោក Park Hang Seo បាននាំមកនូវភាពជោគជ័យយ៉ាងច្រើនជូនដល់បាល់ទាត់វៀតណាមក្នុងប៉ុន្នានឆ្នាំចុងក្រោយនេះ។ លោក Park Hang Seo បច្ចុប្បន្នមាន​វ័យ​៦៥ឆ្នាំ លោកបាន​មកដឹកនាំក្រុមជម្រើសជាតិវៀតណាមដំបូងនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧ ជាមួយកិច្ចសន្យារយ:ពេល២ឆ្នាំ បន្ទាប់ពីដឹកនាំបានល្អសហព័ន្ធកីឡាបាល់ទាត់វៀតណាម ក៏បន្ថែមកិច្ចសន្យាថ្មីជូនគាត់៣ឆ្នាំជាបន្តទៀត។

ក្លិបបាល់ទាត់ Borussia Dortmund សមាជិកលីគកំពូលរបស់ប្រទេសអាល្លឺម៉ង់ Bundesliga បានធ្វើ​ដំណើរ​មក​កាន់​តំបន់​អាស៊ាន និង​បាន​ប្រកួតមិត្តភាពនៅប្រទេសចំនួន៣ ដែលបានយកឈ្នះ​ក្រុម Lion City Sailors របស់​សិង្ហបុរី ដោយ​លទ្ធផល ២ទល់៧ បន្ត​យកឈ្នះ​​ក្លិប Johor Darul Ta’zim របស់​ម៉ាឡេស៊ី ក្នុងលទ្ធផល ១ទល់៤ និងចាញ់វៀតណាម ក្នុងលទ្ធផល ២ទល់១។

សម្រាប់​ក្រុម​ជម្រើស​ជាតិ​វៀតណាម កំពុង់​តែ​ត្រៀម​ខ្លួន​ដើម្បី​ចូលរួម​ការពារ​តំណែង​ជើង​ឯកពានរង្វាន់​ AFF Mitsubishi Electric Cup ខណៈ​ឆ្នាំ​២០២២​នេះ នឹងធ្វើឡើងពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ ដល់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ ដោយពូល A មាន​ថៃ, ឥណ្ឌូនេស៊ី, ហ្វីលីពីន, កម្ពុជានិង ប្រ៊ុយណេ ចំណែក​ពូល B មាន​ ​វៀតណាម, ម៉ាឡេស៊ី, សិង្ហបុរី, មីយ៉ាន់ម៉ា និង ឡាវ៕

អត្ថបទ៖ នី ម៉េងងី

Share.